ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ចំណាយ​900​លាន ដុល្លារ​វិនិយោគ​លើ​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធំ​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន គ្រោង​បោះទុន​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​វិនិយោគ​លើ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធំ​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន គ្រោង​បោះទុន​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​វិនិយោគ​លើ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ព្រ​លាន​បច្ចុប្បន្ន ។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ចិន Ecns.cn ។

តាម​គេហទំព័រ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Yunnan Investment Group Holdings, ក្រុមហ៊ុន Yunnan Construction Group និង​ក្រុមហ៊ុន Yunnan Airport Group សាងសង់​ព្រ​លាន​យន្តហោះ​នេះ​រួម​គ្នា​ក្នុង​កិច្ចសន្យា​អាជីវកម្ម BOT រយៈពេល​៥៥​ឆ្នាំ ។

ទំហំ​ព្រ​លាន​យន្តហោះ​ថ្មី​នេះ មាន​វិសាលភាព​នៅ​លើ​ផ្ទៃដី​៧០០​ហិ​កតា ស្ថិត​ក្នុងស្រុក​សូទ្រនិគម ក្រោម​គម្រោង​សាងសង់​ដំណើរការ​ផ្ទេរ (BOT) ។

ការ​វិនិយោគ​ព្រ​លាន​យន្តហោះ​ថ្មី​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន ដែល​រង​ផល​ប៉ះពាល់​គ្រឹះ​ប្រាសាទ ដោយសារ​តែ​ការ​ចុះ​ចត​យន្តហោះ​នៅ​ព្រ​លាន​យន្តហោះ​បច្ចុប្បន្ន ។

យោង​តាម​ការ​រាយការណ៍​របស់​អង្គការ UNESCO ទៅ​រាជរដ្ឋាភិបាល បច្ចុប្បន្ន ព្រ​លាន​យន្តហោះ​នៅ​ជិត​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន ដែល​មាន​សម្ពាធ​សំឡេង​របស់​យន្តហោះ​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ ។

លោក យឹ​ម ណុ​ល​ឡា ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ និង​ជា​ប្រធាន​គណៈកម្មាធិការ​ចរចា​នេះ​ឲ្យ​ដឹង​ថា ព្រ​លាន​យន្តហោះ​ថ្មី​នឹង​បញ្ចប់​ការ​សាងសង់ ហើយ​ដាក់​ឲ្យ​ដំណើរការ​នៅ​៣​ឆ្នាំ​ខាង​មុខ ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ។

តាម​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​នេះ អាច​ចុះ​ចត​យន្តហោះ​ប្រភេទ 4E សម្រាប់​យន្តហោះ​ខ្នាត​ធំ​ប្រភេទ Boing 747 និង Airbus350 បាន ហើយ​ព្រ​លាន​នេះ​នឹង​អាច​ពង្រីក​ទៅ​កម្រិត 4F បាន​នា​ពេល​អនាគត ខណៈ​ព្រ​លាន​បច្ចុប្បន្ន​អាច​ចុះ​យន្តហោះ​ខ្នាត​តូច និង​មធ្យម​ប៉ុណ្ណោះ ។

លោក ស៊ិ​ន ច័ន្ទ​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ឲ្យ​ដឹង​ថា ការ​ចរចា​ដើម្បី​សាងសង់​ព្រ​លាន​យន្តហោះ​នេះ រៀបចំ​ឡើង​ដោយ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​។ ប៉ុន្តែ​ការ​សាងសង់​ព្រ​លាន​ថ្មី​នេះ នឹង​មាន​ភាព​ច្បាស់លាស់​ក្រោយ​ពេល​ការ​ចរចា និង​ដោះស្រាយ​បញ្ហា​ជាមួយ​ភាគី​បារាំង ដែល​វិនិយោគ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​បី​ចប់ និង​មាន​ភាព​ច្បាស់លាស់​សិន ។ លោក​បន្ត​ថា ៖ « ការ​ចរចា​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ ហើយ​ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ អាច​ចាប់ផ្តើម​សាងសង់​បណ្តើរ និង​ចរចា​បណ្តើរ​ផង​ដែរ » ។ 

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​គោលនយោបាយ​បើកចំហ​ជើងមេឃ ដែល​បាន​ធ្វើ​ឲ្យ​មាន​កំណើន​ហោះហើរ​ច្រើន​មក​កម្ពុជា ។ ជាក់ស្តែង ឆ្នាំ​២០១៦​នេះ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ជាង​៦​លាន​នាក់​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ឆ្លងកាត់​កម្ពុជា និង​សូម​គាំទ្រ​ចំពោះ​គោល​នយោ​បាយ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​២០១៨-២០២៣ ផ្តោត​លើ​ការ​ពង្រីក​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ខ្លាំង ដែល​ពី​មុន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៦​ទៅ​៧ ប៉ុន្តែ​ពេល​នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាង​៣០ បាន​ប្រតិបត្តិការ​ហោះហើរ​ត្រង់​មក​កម្ពុជា​។ លោក​ថា ៖ « ការ​វិនិយោគ​ព្រ​លាន​យន្តហោះ​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​កន្លែង​ត​ភ្ជាប់​ផ្នែក​ផ្លូវអាកាស​ថ្មី​មួយ ដែល​អាច​ទាក់ទាញ​អាកាសចរណ៍​ធំ​ៗ​ចុះ​ចត​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត » ៕