ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ខេត្តមណ្ឌលគិរីត្រជាក់​ខ្លាំង​មួយ​អាទិត្យ​ហើយ ក្នុង​សីតុណ្ហភាព​១៤​ទៅ​២១​អង្សា​សេ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ អាកាសធាតុ​ត្រជាក់​បាន​គ្របដណ្តប់​ពេញ​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ​ខេត្ត​មួយ​ចំនួន​អាកាសធាតុ​បាន​ធ្លាក់​ចុះ​ក្រោម​២០​អង្សា​សេ

ខេត្តមណ្ឌលគិរី ៖ អាកាសធាតុ​ត្រជាក់​បាន​គ្របដណ្តប់​ពេញ​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ​ខេត្ត​មួយ​ចំនួន​អាកាសធាតុ​បាន​ធ្លាក់​ចុះ​ក្រោម​២០​អង្សា​សេ ហើយ​ខេត្ត​ខ្លះ​អាច​មាន
សីតុណ្ហភាព​ពី​២០​អង្សា​សេ​ ទៅ​២៥​អង្សា​សេ ចំណែក​នៅ​ខេត្តមណ្ឌលគិរី​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ចន្លោះ​ពី​១៤​អង្សា​សេ​ ទៅ​២១​អង្សា​សេ ។

ស្ថានភាព​ខ្យល់​បោកបក់​លាយឡំ​ជាមួយ​សំណើម​ត្រជាក់​ខ្លាំង បាន​គ្របដណ្តប់​លើ​ក្រុងសែន​មនោ​រម្យ​ ប្រមាណ​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ គឺ​ចាប់តាំងពី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ។ ខ្យល់មូសុង​ឦសាន​បាន​បង្កើន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ក្នុង​នោះ​ខេត្តមណ្ឌលគិរី រតនគិរី ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៦​ទៅ​១៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​២៦​ទៅ​២៨​អង្សា​សេ ។ តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២​ទៅ​២៤​អង្សា​សេ អតិបរមា​ចន្លោះ​ពី​៣២​ទៅ​៣៤​អង្សា​សេ និង​រាជធានី​-​ខេត្ត​ដទៃ​ទៀត សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៩​ទៅ​២១​អង្សា​សេ អតិបរមា​ចន្លោះ​ពី​៣១​ទៅ​៣៤​អង្សាសេ ។

គេ​សង្កេត​ឃើញ​ថា តំបន់​មួយ​ចំនួន​ក្នុង​ខេត្តមណ្ឌលគិរី​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ត្រឹម​១៤​អង្សា​សេ ស្រុក​អូរ​រាំង និង​ព្រំដែន​កម្ពុជា​-​វៀតណាម​ដាក់​ដាំ ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក សីតុណ្ហភាព​១៩​ទៅ​២៤​អង្សា​សេ ស្រុក​ពេជ្រ​ដា​និង​ក្រុង​សែ​មនោ​រម្យ​១៦​អង្សា​សេ​ទៅ​២១​អង្សា​សេ ។

ក្រុម​អ្នក​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ទោះបី​ព្រៃឈើ​នៅ​តំបន់​ភូមិភាគ​ឦសាន​ប្រទេស​បាន​រង​នូវ​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​នា​ពេល​កន្លង​មក​ក៏​ដោយ ក៏​ស្ថានភាព​សីតុណ្ហភាព​នៅ​ដើមរដូវ​ប្រាំង​នេះ ឃើញ​ថា នៅ​តែ​កើត​មាន​ភាព​ត្រជាក់​ខ្លាំង​មិន​ខុស​ពី​កាល​មុន​ឡើយ ។ ប៉ុន្តែ​ពួក​គេ​បាន​លើក​ឡើង​ថា ចាប់ពី​ខែកុម្ភៈ​រហូត​ដល់​ចុងខែ​មិថុនា ក្នុង​ក្រុង​សែន​នោ​រម្យ និង​ស្រុក​អូរ​រាំង ដែល​កាលពី​ជាង​១០​ឆ្នាំ​មុន​នៅ​សម្បូរ​ព្រៃឈើ សូ​ម្បី​ពេល​ថ្ងៃត្រង់​ក៏​មាន​ភាព​ត្រជាក់​គួរ​ជាទី​មនោ​រម្យ​ដែរ​នោះ បច្ចុប្បន្ន​បាន​ប្រែប្រួល​អស់ហើយ ។

យ៉ាងណា​ក៏​ដោយ គិត​ត្រឹម​ម៉ោង​១០ព្រឹកថ្ងៃ​ទី​៣០ ខែធ្នូ នេះគេ​នៅ​មិន​ទាន់​ឃើញ​មាន​របាយការណ៍​ណាមួយ បង្ហាញ​ពី​បញ្ហា​គ្រោះថ្នាក់​ឬ​ផល​ប៉ះពាល់​ ពី​ការ​ធ្លាក់​ចុះ​នូវ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នេះ​ទេ ៕