ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រែក​រក​យុត្តិធម៌ រឿង​ក្តី​រថយន្ត​បុក​ប៉ូលិស ក្រុម​អ្នកគាំទ្រ​ទាមទារ​ឱ្យ​ដោះ​លែង​អ្នកបើកបរ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រពន្ធ​កូន ប្អូនប្រុស​ប​ង្កើ​ត និង​សាច់ញាតិ ព្រមទាំង​អ្នកគាំទ្រ​លោក ឌិន ពុ​ទ្ធី ជា​អ្នកបើកបរ​រថយន្ត ដំបូង​មាន​ប្រមាណ​២០​នាក់ បាន

ខេត្តបន្ទាយមានជ័យ ៖ ប្រពន្ធ​កូន ប្អូនប្រុស​ប​ង្កើ​ត និង​សាច់ញាតិ ព្រមទាំង​អ្នកគាំទ្រ​លោក ឌិន ពុ​ទ្ធី ជា​អ្នកបើកបរ​រថយន្ត ដំបូង​មាន​ប្រមាណ​២០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​និង​សំឡេងស្រែក​ទ្រហោយំ​ដង្ហោយ​រក​យុត្តិធម៌​នៅ​មាត់ច្រក​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ។

​ការ​តវ៉ា​ដ៏​កក្រើក​នេះ​បាន​កើតឡើង​ក្រោយ​ពី​លោក ឌិន ពុ​ទ្ធី ត្រូវ​បាន​តុលាការ​ខេត្តបន្ទាយមានជ័យ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​រឿង​ក្តី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ កន្លង​ទៅ​ថ្មី​ៗ​លើស្ពាន​ព្រំដែន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​បន្ទាប់​ពី​ស្ថាប័ន​អយ្យកា​អម​សាលាដំបូង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​បង្ហាញ​ចំណុច​មន្ត្រី​ប៉ូលិស​ដោយ​ចោទ​ថា រថយន្ត​លោក ឌិន ពុ​ទ្ធី បាន​បុក​ឱ្យ​របួស​មែន ។ ទោះជា​មានការ​ប្រកាស​អះអាង​បែប​ណា​ក៏​ដោយ​តាម​រយៈ​ឃ្លី​ប​វី​ដេ​អូ នៅ​តែ​ត្រូវ​បាន​អ្នក​តាមដាន​ផ្តោត​ការ​យកចិត្តទុកដាក់​ដដែល​ថា មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​រូប​នោះ​បាន​ធ្វើ​ជា​ដួល​គួរ​ឱ្យ​ហួសចិត្ត ។

ភរិយា​លោក ឌិន ពុ​ទ្ធី គឺ​អ្នកស្រី ហ៊ុំ ច្រៀ​ន អាយុ​៣៥​ឆ្នាំ បាន​ពរ​កូនប្រុស​នៅ​នឹង​ចង្កេះ​បាន​ស្រែក​ទ្រហោយំ​ទាមទារ​សុំ​ឪ្យ​តុលាការ​ដោះ​លែង​ប្តី​របស់​អ្នកស្រី ខណៈ​លោក ឌិន ធី​រិ​ទ្ធ ប្អូនប្រុស​ប​ង្កើ​ត​លោក ឌិន ពុ​ទ្ធី និង​សាច់ញាតិ​មួយ​ចំនួន​ទៀត​ក៏​ស្រែក​ទ្រហោយំ​ដូច​គ្នា ដោយ​ឈរ​កាន់​រូបថត​លោក ឌិន ពុ​ទ្ធី និង​មាន​សរសេរ​បដា​ឈ្មោះ​ជា​អក្សរ​ធំ​ៗ​ផង​ដែរ ។

ការ​តវ៉ា​នេះ​ដំបូង​គេ​ឃើ​ញ​មាន​មនុស្ស​មិន​ដល់​២០​នាក់​ទេ ហើ​យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​នាំ​គ្នា​រុញច្រាន​ឪ្យ​ទៅ​ធ្វើលើចិ​ញ្ចើ​ម​ផ្លូវ​មុខអតីត​ក្លោ​ង​ទ្វារ​កាស៊ីណូ​ហ្គោ​ល​ដឹ​ន​ក្រោ​ន​នៅ​ខាង​កើ​ត​ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣​ច្រក​ទ្វារ​ព្រំដែន​ប្រ​ហែ​ន​៧០​ម៉ែត្រ ។ ក្រោយមក​ចំនួន​អ្នកចូលរួម​ក៏​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ​ដល់​រាប់រយ​នាក់ និង​ស្រែក​ទាមទារ​រក​យុត្តិធម៌​យ៉ាង​កងរំពង ។ មិនតែប៉ុណ្ណោះ​ក្រុម​អ្នក​តវ៉ា​បាន​ព្យាយាម​សម្រុក​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​លើស្ពាន​ព្រំដែន​ម្តង​ហើ​យ​ម្តងទៀត ទើប​សមត្ថកិច្ច​បន្ថែម​កម្លាំង​ជា​ច្រើ​ន​នាក់​មាន​ទាំង​នគរបាល​ការពារ​ព្រំដែន​គោក​ខាង​ជើ​ង និង​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ (​វរ​៨៩១​និង​៩១១) ដើម្បី​ទប់ស្កាត់​រុញច្រាន​មិន​ឪ្យ​ក្រុម​អ្នក​តវ៉ា​បិទ​ស្ពាន​ព្រំដែន ព្រោះ​អាច​ធ្វើឪ្យ​ប៉ះពាល់​ដល់​ទំនិញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ។

នៅ​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ដដែល​ក្រុម​អ្នក​តវ៉ា​បាន​រុល​ជិត​ដល់​ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣​នៃ​ច្រក​ទ្វារ ភ្លាម​នោះ​ដោយ​ខ្លាច​ទប់ទល់​ស្ថានការណ៍​មិន​បាន សមត្ថកិច្ច​បាន​សម្រេចចិត្ត​យក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​យក​ទៅ​ដាក់​កាត់​ទទឹង​ផ្លូវ​ហើយ​កម្លាំង​សមត្ថកិច្ច និង​ក្រុម​អ្នក​តវ៉ា​បាន​រុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​គេ​លេងល្បែង​ទាញព្រ័ត្រ ។

ដោយសារ​ការ​ចរចា​ម្តង​ហើ​យ​ម្តងទៀត​នៅ​តែ​មិន​ត្រូវ​គ្នា ហើយ​ក្រុម​អ្នក​តវ៉ា​នៅ​តែ​មាន​បំណង​រុល​ទៅ​ស្ពាន​ព្រំដែន​សមត្ថកិច្ច​សម្រេចចិត្ត​ចាប់​ស្ត្រី​២​នាក់​ដែល​ម្នាក់​ជា​ប្អូនស្រី​ប​ង្កើ​ត​លោក ឌិន ពុ​ទ្ធី ឈ្មោះ ឌិន រ៉ា​វ៉ា​ន់ អាយុ​២៥​ឆ្នាំ និង​ម្នាក់​ជា​បងថ្លៃ​លោក ឌិន ពុ​ទ្ធី ឈ្មោះ ហ៊ុំ ច្រើ​ក ភេទ​ស្រី អាយុ​៣៧​ឆ្នាំ (​បងស្រី​ប​ង្កើតរបស់​ភរិយា​លោក ឌិន ពុ​ទ្ធី​) យក​ដាក់​រថយន្ត​ដឹក​ចេញ​ទៅ ។ បន្ទាប់​មក​ក្រុម​អ្នក​តវ៉ា​ក៏​ព្រម​ស្តាប់​តាម​ការ​ចរចា​រក​ដំណោះស្រាយ​ពី​សំណាក់​លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត និង​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ទាំង​សមត្ថកិច្ច និង​ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ចាក​ចេញពី​ច្រក​ទ្វារ​ព្រំដែន​ដើរ​តាម​ផ្លូវជាតិ​លេខ​៥​ទៅ​ទិស​ខាង​កើត រហូត​ដល់​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ភូមិ​ក្បាន​ស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ទើ​ប​បើក​ការ​សម្រុះសម្រួល​គ្នា ។

ការ​ជួប​ចរចា​នៅ​ក្នុង​វត្ត​បា​លិ​លេ​យ្យ​ជាមួយ​ក្រុម​អ្នក​តវ៉ា​គេ​ឃើញ​មាន​វត្តមាន​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក អាត់ ខែ​ម ស្នងការដ្ឋាន​នគរបាល​ខេត្ត​មេបញ្ជាការ មេបញ្ជាការ​រង​មក​ពី​អង្គភាព​ក្នុង​ខេត្ត​ផង​ដែរ ។ ក្រោយ​ជំនួប​ផ្ទាល់មាត់​ក្រុម​អ្នក​តវ៉ា​បាន​រើ​ស​តំណាង​៥​នាក់​ឡើង​រថយន្ត​ទៅ​កាន់​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ដើ​ម្បី​រក​ដំណោះស្រាយ​បន្ត ។

គួរ​រំលឹក​ថា លោក ឌិន ពុ​ទ្ធី ឬ ម៉​ង់ ពុ​ទ្ធី ជា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា CIERA មាន​ទីស្នាក់ការ និង​លំនៅ​ឋាននៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ។

ប្រធាន​សមាគម​រូប​នេះ រង​ការ​ចោទប្រកាន់​ថា បាន​បើ​ក​រថយន្ត​បុក​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ កន្លង​ទៅ​ថ្មី​ៗ​នេះ​ដែល​ករណី​ខាង​លើ បាន​ធ្វើ​ឪ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​យក​ទៅ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក​ចោទ​ថា នាយ​រង​ប៉ុស្តិ៍​រូប​នោះ​ធ្វើ​ពុត ខណៈ​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ទៀត​បង្ហោះ​ថា លោក ឈាន ពិសិដ្ឋ រង​របួសធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​ថៃ ។

ភរិយា និង​សាច់ញាតិ​លោក ឌិន ពុ​ទ្ធី អះអាង​ថា ការ​តវ៉ា​ថ្ងៃនេះ​ក្នុង​គោលបំណង​ឪ្យ​តុលាការ​ដោះស្រាយ​រឿង​ក្តី​ខាង​លើ​ឪ្យ​បាន​ត្រឹមត្រូវ និង​មាន​យុត្តិធម៌ ម្យ៉ាង​ដោយសារ​ពេល​ទិញ​ចំណីអាហារ និង​ថ្នាំពេទ្យ​ទៅ​ឪ្យ​លោក ឌិន ពុ​ទ្ធី បែរជា​គេ​មិន​អនុញ្ញាតិ ។ លោក​វរសេនីយ៍ឯកសិទ្ធ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា ដរាបណា​ក្រោយ​១៥​ថ្ងៃ​ដែល​ជនសង្ស័យ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ទើ​ប​អាច​ចូល​ជួប​បាន ។

មិនដឹង​ថា មាន​ដំណោះស្រាយ​បែប​ណា​នោះ​ទេ​ជុំវិញ​បាតុភាព​ដែល​បាន​កើតឡើង​នេះ ព្រោះ​អ្នក​តាមដាន​ខ្លះ​កំពុង​តែ​ចែក​ប៉ូ​ល​គ្នា​សម្រាប់​ការ​វិភាគ​លើ​បាតុភាព​នេះ ដោយ​ជំហរ​គាំទ្រ​រៀង​ៗ​ខ្លួន ហើយ​វី​ដេ​អូ​ប្លែក​ៗ​ក៏​ត្រូវ​បាន​គេ​បង្ហោះ​ហាក់​ចំអក​ដល់​និ​តិ​វិធី​របស់​តុលាការ​ដែរ ។

យោង​តាម​ការ​សម្ភាស​តាម​ទូរស័ព្ទ​លោក ង៉ោ ម៉េ​ង​ជ្រួ​ន ប្រាប់​ថា លទ្ធផល​គ្មាន​អ្វី​ក្រៅពី​ការ​សម្របសម្រួល​ឪ្យ​ពួក​គេ​(​ក្រុម​អ្នក​តវ៉ា​)​ធ្វើ​តាម​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​របស់​តុលាការ​នោះ​ទេ និង​ឪ្យ​ពួក​គេ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម ។ លោក​បន្ត​ថា បើចង់​តវ៉ា​ត្រូវ​ធ្វើ​តាម​ប្រព័ន្ធ​ច្បាប់ ព្រោះ​បាតុកម្ម​ត្រូវ​សុំ​ច្បាប់ មិន​ត្រូវ​ទៅ​ធ្វើ​បិទផ្លូវ​អន្តរជាតិ​នោះ​ទេ បើបាតុកម្ម​បិទផ្លូវ​វា​ផ្ទុយ​នឹង​ច្បាប់ ។

លោក​ថា តំណាង​ក្រុម​អ្នក​តវ៉ា​ក៏​បាន​ឯកភាព​ធ្វើ​កិច្ចសន្យា​ហើ​យ​ដែរ ។ ដោយឡែក​លោក ឌិន ធី​រិ​ទ្ធ តំណាង​ក្រុម​អ្នក​តវ៉ា​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល ៕