ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋ​មន្ត្រី​​ស៊ុយ សែម ​​ពិនិត្យ​​ការ​បោស​សំអាត​មីន​ក្នុង​អាង​វារី​អគ្គិ​​សនី​​ស្ទឹង​អាតៃ

15 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ​កាល​ពី​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១១​ កន្លង​ទៅ លោក​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​ក្រសួង​​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល បាន​អញ្ជើញ​ពិនិត្យ​​មើ​លការ​ដោះ​មីន​នៅ​ក្នុង​អាង​ទំនប់​វារី​​អគ្គិ​សនី​​ស្ទឹង​អាតៃ ស្ថិត​ក្នុង​ភូមិ​ឆាយ​លូក ​ឃុំ​អូរ​សោម ស្រុក​វាល​វែង ​ដែល​ក្រុម​ស៊ី​ម៉ាក់​​កំពុង​​ធ្វើ​សកម្ម​ភាព​បោស​សំអាត​សព្វ​ថ្ងៃ​នេះ មុន​នឹង​វារី​ អគ្គិ​សនី​ដំណើរ​ការ​ប្រើ​ប្រាស់ ។

តាម​របាយ​ការណ៍​របស់​​លោក​ឧត្តម​សេនីយ៍​ទោ តូច ​ផេង​​ទាន នាយក​​នាយក​ដ្ឋាន​ផែន​ការ​ប្រតិ​បត្តិ​ការ​ និង​ហ្វឹក​ហ្វឺន​​នៃ​មជ្ឈ​មណ្ឌល​​ជាតិ​គ្រប់​គ្រង​​កង​កម្លាំង​រក្សា​សន្តិ​​ភាព​បោស​សំអាត​មីន​ និង​កាក​​សំណល់​​​សង្គ្រាម​​ឱ្យ​ដឹង​ថា ការ​ដ្ឋាន​​បោស​សំអាត​មីន​ និ​ងកាក​សំណល់​​សង្គ្រាម​នៅ​ស្ថានីយ​វារី​អគ្គិ​សនី​ស្ទឹង​​អាតៃ ​ស្រុក​វាល​វែង នេះ គឺ​ជា​តំបន់​មាន​សង្គ្រាម​​នៅ​ក្នុង​ទស​​វត្ស​ឆ្នាំ​១៩៧០ ​រហូត​ដល់​១៩៩៨ ​ដែល​​នៅ​សេស​សល់​​​មីន​អន្ទាក់​​ប្រឆាំង​ថ្មើរ​​​ជើង​ និង​គ្រាប់​​បាញ់​ផ្លោង​ធ្លាក់​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​នៅ​លើ​ដី និង​ក្នុង​ដី​យ៉ាង​ច្រើន ។ ​តំបន់​នេះ​ជា​សមរ​ភូមិ​ចាស់​កាន់​កាប់​ដោយ​ភាគី​ខ្មែរ​ក្រហម ​មាន​ព្រៃ​ក្រាស់ ព្រៃ​ស្រោង ជ្រលង​ជ្រោះ ​​ជម្រាល​​ភ្នំ ចំណោត​ខ្លាំង​ ​ភ្នំ​ខ្ពស់ៗ អាកាស​ធាតុ​ពេល​យប់​​ត្រជាក់​ ពេល​ថ្ងៃ​ក្តៅ ​មាន​ភ្លៀង​ធ្លាក់​ញឹក​ញាប់ សំបូរ​សត្វទាក និង​សត្វ​មាន​ពិស​​ជា​ច្រើន​ ធ្វើ​ឱ្យ​កម្លាំង​រុក​រក​ភាគ​ច្រើន​ទទួល​រង​ជំងឺ​គ្រុន​ចាញ់ តែ​​បាន​ព្យា​បាល​​​ទាន់​ពេល​វេលា​ ។ កម្លាំង​សរុប​មាន​ចំនួន​៨៣​នាក់ ប្រើ​ប្រាស់​ម៉ាស៊ីន​រាវ​មីន​​៣៣​គ្រឿង រថយន្ត​ដឹក​ជញ្ជូន​៣​គ្រឿង ម៉ូតូ​២​គ្រឿង និង​ម៉ាស៊ីន​ភ្លើង​​១​គ្រឿង ។ គិត​ពី​ថ្ងៃ​ទី​២៨ ​សីហា ឆ្នាំ​២០១០ ដល់​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១១ ជា​លទ្ធ​ផល​យើង​រក​ឃើញ​គ្រាប់​មីន​ចំនួន​៥១​គ្រាប់ និង​​កាក​សំណល់​សង្គ្រាម​៣៤​គ្រាប់ លើ​ផ្ទៃ​ដី​៥.៩២៦.៨០០​​​ម៉ែត្រ​ការ៉េ ។

​លោក​រដ្ឋ​មន្ត្រី​​ស៊ុយ សែម បាន​ថ្លែង​កោត​សរសើរ​​ចំពោះ​មន្ត្រី​ស៊ីម៉ាក់ ដែល​បាន​ខិត​ខំ​បោស​សំអាត​មីន​ក្នុង​អាង​វារី​អគ្គិ​សនី​​ស្ទឹង​​អាតៃ ​ដើម្បី​ងាយ​ស្រួល​​ដល់​ក្រុម​ហ៊ុន​​ចិន​ដែល​កំពុង​កសាង​​វារី​អគ្គិ​សនី​សព្វ​ថ្ងៃ​នេះ​ចៀស​ផុត​ពី​គ្រោះថ្នាក់​​ជាយ​ថា​ហេតុ ។ ​​នៅ​ប្រទេស​​​កម្ពុជា​យើង​​មាន​សង្គ្រាម​​រ៉ាំរ៉ៃ​ជាង​២​ទស​វត្ស ដូច្នេះ​ហើយ​​ទើប​រាល់​ការ​បង្កើត​​ការ​ដ្ឋាន​​សាង​សង់​អ្វី​មួយ ​គឺ​ចាំ​បាច់​ត្រូវ​តែ​ដោះ​មីន ។ ជាក់​ស្តែង​​ដូច​ជា​ការ​​កសាង​វារី​អគ្គិ​សនី​​គិរី​រម្យ ស្ទឹង​តាតៃ ឫស្សី​ជ្រំជា​ដើម ​សុទ្ធ​តែ​ត្រូវ​បាន​ដោះ​មីន​ជា​មុន ហើយ​​សូម្បី​តែ​កាល​បើក​ការ​ដ្ឋាន​ដំណើរ​ការ​សាង​សង់​ស្ពាន​អ្នក​លឿង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក៏​​ដោះ​មីន​ដែរ និង​រក​ឃើញ​គ្រាប់​មីន​ជា​ច្រើន​គ្រាប់​​ទៀត​ផង ។ រាល់​ការ​បោស​សំអាត​មីន​​កន្លង​មក មិន​ដែល​មាន​គ្រោះ​ថ្នាក់​​​អ្វី​ទេ នេះ​ដោយ​សារ​មន្ត្រី​​​ស៊ី​ម៉ាក់ យើង​​មាន​​​ចំណេះ​​ដឹង បច្ចេក​ទេស និង​បទ ពិសោធន៍​​ច្បាស់​លាស់ ។ លោក​ស៊ុយ សែម បាន​ផ្តាំ​ផ្ញើ​​ដល់​កង​កម្លាំង​បោស​សំអាត​មីន​​​សូម​ខិត​ខំ​​បំពេញ​​ការ​ងារ​របស់​ខ្លួន​បន្ត​ទៀត​ ដើម្បី​សម្រេច​​​ផ្ទៃ​ដី​ជូន​ដល់​ក្រុម​ហ៊ុន​ចិន​ធ្វើ​អាង​វារី​អគ្គិ​សនី​​​ឆាប់​បាន​ដំណើរ​ការ​​ប្រើ​ប្រាស់ ។ នៅ​ក្នុង​ឱកាស​នោះ​ លោក​រដ្ឋ​មន្ត្រី​ស៊ុយ សែម បាន​ឧបត្ថម្ភ​​ទឹក​ក្រូច​ចំនួន​១០​កេស និង​ថវិកា​មួយ​ចំនួន​ដល់​ក្រុម​បោស​សំអាត​មីន​នៅ​ទី​នោះ ព្រម​ទាំង​បាន​ពិនិត្យ​​មើល​ផ្ទៃ​ដី​ដោះ​រួច និង​អញ្ជើញ​​ចុច​បំផ្ទុះ​​គ្រាប់​មីន​កំទេច​ចោល​ផង​ដែរ៕