ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ រស់នៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ បានត្អូញត្អែពីទុក្ខលំបាក របស់គាត់ព្រោះតែបញ្ហា រថយន្តដឹកថ្ម ដឹកដី លើផ្លូវឆ្លងការភូមិរបស់ពួកគាត់ បង្កឲ្យមានដីហុយ ជាច្រើនឆ្នាំហើយ គ្មានការដោះស្រាយ សោះ។ ចំណែកខាងក្រុមហ៊ុន និងកងវិស្វកម្ម ដែលទទួលបានអាជីវកម្ម យកថ្មភ្នំនៅតំបន់នោះបានសន្យាថា នឹងធ្វើផ្លូវក្រាលកៅស៊ូឲ្យ តែមកដល់ពេលនេះ ជាង៤-៥ឆ្នាំហើយ ផ្លូវនៅតែហុយដដែល។
ប្រជាពលរដ្ឋ ទាំងនោះបានលើកឡើងថា ផ្លូវក្រាលគ្រួសក្រហម មួយខ្សែកាត់ភូមិភ្នំតូច បន្ទាប់មានក្រុមហ៊ុន និងកងកម្លាំងវិស្វកម្ម ដែលទទួលបានសិទ្ធិ ក្នុងការយកថ្មភ្នំនៅតំបន់នោះ គឺបានដឹកចេញរាប់រយឡានក្នុង១ថ្ងៃៗ ដោយបង្កដីហុយពេញក្នុងភូមិ ប្រជាពលរដ្ឋ រស់នៅយ៉ាងលំបាកវេទនា ពេលខ្លះកំពុងពិសារបាយ រថយន្តបើកកាត់មកដីហុយចូលបាយចូលសម្ល ពិសារមិនកើត ពេលខ្លះចងមុង ពិសារបាយក៍មានដែរ។ ចំណែកសិស្សសាលាវិញចេញពីផ្ទះទៅអាវស ស្អាតធម្មតា តែពេលត្រឡប់ពីរៀនវិញ ខោអាវប្រឡាក់មើលលែងយល់។
ក្មេងតូចៗ ក្នុងភូមិ និងមនុស្សចាស់បានកើតជំងឺ គ្រុនផ្តាសាយ រលាក បំពង់ក សុខភាពចុះអន់ថយជាដើម។ កន្លងមកប្រជាពលរដ្ឋនាំគ្នាវ៉ា ហើយបានឃើញក្រុមហ៊ុន បាញ់ទឹកឲ្យម្តងម្កាលដែរ តែការបាញ់ទឹកនោះ បាញ់ពីជើងដល់ត្បូង គឺស្ងួតពីខាងជើងមកបណ្តើៗហើយ មានន័យថា បាញ់ទឹកសើមដីបានតែកន្លះម៉ោង ឬ១ម៉ោង ដីស្ងួតហុយវិញដដែល។ កន្លងមកក្រុមហ៊ុន និងក្រុមវិស្វកម្ម ចាប់ផ្តើមចុះមកដឹកជញ្ជូនថ្ម គឺបានសន្យានឹងធ្វើផ្លូវក្រាលកៅស៊ូឲ្យ តែមកដល់ពេលនេះ ៤-៥ឆ្នាំហើយ ផ្លូវនៅតែហុយដដែល។
ប្រជាពលរដ្ឋ សំណូមពរដល់ក្រសួងមាន សមត្ថកិច្ច និងប្រមុខរាជរដ្ឋាភិបាល សូមមេត្តាជួយធ្វើផ្លូវចាក់កៅស៊ូឲ្យប្រជាពលរដ្ឋ នៅតំបន់ភូមិភ្នំតូចនោះផង ព្រោះសព្វថ្ងៃពួកគាត់កំពុងប្រឈមបញ្ហាសុខភាពខ្លាំងណាស់ រួមទាំងជីវភាពក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។ ពាក់ព័ន្ធបញ្ហានេះដែរ លោក ខែក សុផល មេឃុំពង្រ ស្រុករលាប្អៀរ លោកទទួលស្គាល់ថា ប្រជាពលរដ្ឋ ក្នុងភូមិភ្នំតូច និងភូមិជិតនោះ ពិតជាជួបការលំបាក រឿងដីហុយ ដែលបង្កឡើងដោយរថយន្តដឹកថ្ម ដឹកដី នៅតំបន់នោះមែន។
ចំពោះខាងវិស្វកម្ម សន្យាថា ធ្វើផ្លូវចាក់កៅស៊ូនោះ គឺសន្យាមែន តែសន្យានោះគឺលើតែមាត់ប៉ុណ្ណោះ គ្មានឯកសារលាយលក្ខណ៍អក្សរជាផ្លូវការឡើយ។ សូមបញ្ជាក់ថា នៅតំបន់ជិតភ្នំតូចនោះ មានក្រុមហ៊ុនជាច្រើនក្នុងនោះក៏មានក្រុមវិស្វកម្មផងដែរ ដែលបានទទួលសិទ្ធិ និងអាជ្ញាបណ្ណ័យកថ្មភ្នំ ៣-៤ នៅទីនោះ ហើយពេលដឹកថ្មចេញ គឺលើផ្លូវតែមួយដែលធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ៕
ចែករំលែកព័តមាននេះ