ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ហ្មត់​ទាំង​ព្រឹក​នៅ​ស្រុក​ប​វេ​ល

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា អគ្គិភ័យ​ដែល​ម្ចាស់ផ្ទះ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង បាន​លេប​ត្របាក់​លំនៅ​ឋាន​មួយ​ខ្នង​អស់ទាំង​ព្រឹក នៅ​ភូមិ​អំពិល

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា អគ្គិភ័យ​ដែល​ម្ចាស់ផ្ទះ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង បាន​លេប​ត្របាក់​លំនៅ​ឋាន​មួយ​ខ្នង​អស់ទាំង​ព្រឹក នៅ​ភូមិ​អំពិល ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ធ្នូ ខណៈ​ម្ចាស់ផ្ទះ​កំពុង​អង្គុយ​ខាងក្រោម​ផ្ទះ​។ លោក​អឿ​ម ទិ​ត្យ អធិការ​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ព្រឹក​នោះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​៨​ម៉ែត្រ គុណ​នឹង​៩​ម៉ែត្រ មាន​បន្ទប់​ថ្ម​តូច​មួយ​នៅ​ខាងក្រោម រីឯ​ម្ចាស់ផ្ទះ​ឈ្មោះ ដាង ឌួ​ន អាយុ​៦១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ គី ហេង អាយុ​៥៦​ឆ្នាំ​។

លោក​អធិការ​បាន​បញ្ជាក់​ថា អគ្គិភ័យ​នោះ​បាន​ចាប់ផ្ដើម​ឆេះ​ពីលើ​មក​មុន ខណៈ​ម្ចាស់ផ្ទះ​កំពុង​អង្គុយ​នៅ​ខាងក្រោម ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ដែល​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​មិន​អាច​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា ស្រប​ពេល​ចម្ងាយ​ផ្លូវ​វែង​ឆ្ងាយ​ផង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ បើ​តាម​ការ​បំភ្លឺ​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ដាង ឌួ​ន បាន​ប្រាប់​សមត្ថកិច្ច​ថា អគ្គិភ័យ​នោះ​អាច​បណ្ដាល​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង នៅ​ម្ដុំ​ហឹ​ង​កុងម៉ា​នៅ​លើ​ផ្ទះ​។

គាត់​និយាយ​ថា ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ​ឡើង គឺ​គ្រួសារ​គាត់​កំពុង​អង្គុយ​នៅ​ខាងក្រោម​ផ្ទះ​ទាំងអស់ លុះ​អ្នក​ភូមិ​ស្រែក​ឆោឡោ​ឡើង ឃើញ​ផ្សែង​ឃ្មួ​ល​ខ្មាញ់​ខាងលើ​ផ្ទះ​គាត់ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ លោក ដាង ឌួ​ន បាន​និយាយ​ទៀត​ថា អគ្គិភ័យ​បាន​ឆេះ​បំផ្លាញ​ផ្ទះ និង​សម្ភារៈ​អស់​គ្មាន​សល់ រួម​មាន​លុយ​ខ្មែរ​ចំនួន​៥០​ម៉ឺន​រៀល និង​លុយ​ថៃ​ចំនួន​២៦,០០០​បាត​។  រីឯ​ទ្រព្យសម្បត្តិ និង​សម្ភារ​ផ្សេង​ទៀត​ក៏​ក្លាយជា​ចំណី​ភ្លើង​ដែរ លើកលែងតែ​ស្រូវ​នៅ​ក្រោមផ្ទះ​ប៉ុន្មាន​បាវ​ប៉ុណ្ណោះ​ដែល​សង្គ្រោះ​បាន ដោយសារ​សមត្ថកិច្ច​ទៅ​ជួយ​អន្តរាគមន៍​ទាន់​ពេល​។

លោក អឿ​ម ទិ​ត្យ អធិការ​ស្រុក​ប​វេ​ល ក៏​បាន​បញ្ជាក់​ដែរ​ថា អគ្គិភ័យ​នោះ​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្មាន​សល់ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ តែ​ដោយសារ​ផ្លូវ​ឆ្ងាយ ហើយ​លំនៅ​ឋាន​នោះ​ធ្វើ​ពី​ឈើ ដែន​នាំ​ឲ្យ​អគ្គី​ភ័យ​ឆេះ​លឿន​បំផុត ដូច្នេះ​ហើយ​ទើប​មិន​អាច​ជួយ​អន្តរាគមន៍​ទាន់​ពេល​បាន តែ​បាន​បាញ់​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​បានជា​ច្រើន​បាវ ដែល​ម្ចាស់​ទុក​នៅ​ខាងក្រោម​ផ្ទះ​៕