ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េន ឌី​ណា និង​ស៊ឹ​ម វ៉ា​ន់​ដេ​ត ទៅ​រួច​អត់​ពេល​ជួប​កីឡាករ​ថៃ​លើក​នេះ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​៣១ ធ្នូ ខានស្អែក​នេះ ស្ថានីយទូរទស្សន៍​អប្សរា​នឹង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​Naga World​ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​៣១ ធ្នូ ខានស្អែក​នេះ ស្ថានីយទូរទស្សន៍​អប្សរា​នឹង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​Naga World​ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ ។ កីឡាករ​កម្ពុជា​យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Yorth Sith និង​ស៊ឹ​ម វ៉ា​ន់​ដេ​ត មក​ពី​ក្លិប​ឬ​ទ្ធិ​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Kolab Damm ។

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើងជា​លក្ខណៈ​ជម្រុះ​វិល​ជុំ​ដើម្បី​ស្វែងរក​អ្នកមាន​ពិន្ទុ​ច្រើន​ជាងគេ​ឡើង​មក​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់ដែល​នៅ​ទំនេរ ។ គួរ​រំលឹក​ថា ព្រឹត្តិការណ៍​នេះ មិនមែន​ទើបតែ​រៀបចំ​ឡើងជា​លើក​ទី​១​នោះ​ទេ គឺ​ស្ថានីយទូរទស្សន៍​អប្សរា​ក្រោម​កិច្ចសហការ​ឧបត្ថម្ភ​របស់ Naga World បាន​រៀបចំ​ឱ្យ​មាន​ជា​ច្រើន​លើក​រួច​មក​ហើយ ។

គេ​មិន​ទាន់​ដឹង​ថា តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​អាច​ទៅ​រួច​អត់​ពេល​ជួប​កីឡាករ​ថៃ​លើក​នេះ​ទេ ព្រោះ​កីឡាករ​ថៃ​ទាំង​២​រូប​នេះ​សុទ្ធតែ​ជា​អ្នក​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោកជាំ ថែម​ទាំង​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ញឹកញាប់​ទៀត​ផង ។

ចំណែក​យ៉េន ឌី​ណា អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​ពិតជា​បានដឹង​ច្បាស់​ណាស់​ថា កីឡាករ​កម្ពុជា​រូប​នេះ​មាន​ថ្វីដៃ​ប្រកួត​ល្អ​គួរសម ទាំង​ផ្លែ​កែង​និង​ជង្គង់​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ ឯ​ចិត្ត​ក៏​សឿង​ថែម​ទៀត ។

ស៊ឹ​ម វ៉ា​ន់​ដេ​ត ជួប​កីឡាករ​ថៃ​លើក​នេះ​ពិបាក​វាយតម្លៃ​ទុក​មុន​ពី​ការ​ចាញ់​ឈ្នះ​ណាស់​ព្រោះ​រូបគេ​ជា​អ្នក​ប្រដាល់​មិនសូវ​ល្បីឈ្មោះ​ហើយ យូរ​ៗ​ម្ដង​ទើប​គេ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​។

ដូច្នេះ​ថ្វីដៃ​ប្រកួត​របស់​គេ​មិនដឹង​ថា​នៅ​ខ្លាំង​ដូចមុន​ឬ​យ៉ាងណា​នោះ​ទេ ខណៈ​កីឡាករ​ថៃ​អត់​មាន​អ្នក​ណា​ដឹង​ពី​ប្រវត្តិ​ប្រកួត​ច្បាស់លាស់​ដូច​គ្នា ។ ទោះបី​យ៉ាងណា​អ្នក​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា គូ​នេះ​អាច​ស៊ីសង​គ្នា​បាន ។

សូម​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈម៉ា​រ៉ា​តុង​បែប​នេះ​គឺ​វគ្គ​១​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ក្នុង​មួយ​ទឹក​មាន​៣​នាទី​សម្រាក​២​នាទី ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រកួត​៥​ទឹក​ពេញ ក្នុង​មួយ​ទឹក​មាន​២​នាទី​សម្រាក​១​នាទី ។

ដោយឡែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ លី​ន វាសនា មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ធឿ​ន ធា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម និង​គូ​ចុង​ក្រោយ​កីឡាករ កំពែង ខ្មៅ មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ គឿ​ម សុវណ្ណ​ឌឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕