ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​ថវិកា​ជាង​200​លាន​ដុល្លារ​សាងសង់​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​សាងសង់​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ជម្រៅ​ជាង​១៤​ម៉ែត្រ​នា​ឆ្នាំ​ខាង​មុខ ដែល​អាច​ឱ្យ​កប៉ាល់​៩៣% កំពុង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​អាច​ចូល​សំចត​បាន​

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​សាងសង់​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ជម្រៅ​ជាង​១៤​ម៉ែត្រ​នា​ឆ្នាំ​ខាង​មុខ ដែល​អាច​ឱ្យ​កប៉ាល់​៩៣% កំពុង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​អាច​ចូល​សំចត​បាន​យ៉ាង​ងាយស្រួល​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន  ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ម្សិលមិញ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា គម្រោង​ស្ថាបនា​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​នេះ បាន​និង​កំពុង​សិក្សា​ដោយ​អង្គការ JICA ដែល​មាន​បណ្តោយ​ប្រហែល​៣០០​ម៉ែត្រ គ្រោង​នឹង​ចំណាយ​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ថវិកា​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន ក្នុង​អត្រា​ការ​ប្រាក់​ទាប តាម​រយៈ​អង្គការ JICA ។

ពាក់ព័ន្ធ​នឹង​ការ​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​នេះ បើ​តាម​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ លោក លូ គឹ​ម​ឈ​ន់ បានឱ្យ​ដឹង​ថា កន្លង​មក កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទទួល​បាន​មុខទំនិញ​ឆ្លងកាត់​ភាគច្រើន​ម​ជា ផលិតផល​កាត់ដេរ និង​ផលិតផល​កសិកម្ម ។ កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​នេះ គ្រោង​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ចុងឆ្នាំ​២០១៧ ឬ​ដើមឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២២ ។

លោក លូ គឹ​ម​ឈ​ន់ បន្ត​ថា ៖ « នៅ​ពេល​យើង​ធ្វើ​ផែ​ថ្មី​នោះ​ហើយ កប៉ាល់​ប្រហែល​៩៣%​នៅ​ក្នុង​តំបន់​អាច​ចូល​បាន ហើយនឹង​ធ្វើ​ឱ្យ​ថ្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​មាន​តម្លៃ​ថោក ។ ឥឡូវនេះ​យើង​គិត​ថា ៦០​ទៅ​៧០%​នៃ​ថ្លៃ​ដឹក​ជញ្ជូន គឺ​ដឹក​ជញ្ជូន​តាម​សមុទ្រ ហើយ​ប្រហែល​៣០%​ក្នុង​ប្រទេស » ។

លោក​បន្ថែម​ថា ៖ « បើសិន​ផែ​ថ្មី​នោះ​ធ្វើ​ហើយ មុខទំនិញ​ជា​កុងតឺន័រ​យើង​នឹង​កើន​ដល់​ជិត​១​លាន​តោន ហើយ​ថ្លៃ​ដឹក​ជញ្ជូន​មួយ​កុងតឺន័រ​អាច​ចុះ​ពី​៣០០​ទៅ​៤០០​ដុល្លារ បើ​ប្រៀបធៀប​ពេល​សព្វថ្ងៃ ។ ថ្លៃ​ដឹក​ជញ្ជូន​ចុះថោក នឹង​ធ្វើ​ឱ្យ​ចំណេញ​ទៅ​លើ​ការ​ប្រកួតប្រជែង​រាល់​មុខទំនិញ​នាំ​ចេញ ការ​ប្រកួតប្រជែង​ល្អ នឹង​ធ្វើ​ឱ្យ​តម្លៃ​នាំ​ចូល​ចុះថោក » ។
តាម​ប្រសាសន៍​របស់​លោក ថៃ រិ​ទ្ធី អគ្គនាយករង​ផ្នែក​អាជីវកម្ម​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៦ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ មាន​ចំនួន​៣៦៣.៧៥១​កុងតឺន័រ ដែល​មាន​កំណើន​តិចតួច បើ​ធៀប​នឹង​ឆ្នាំ​២០១៥​កន្លង​មក ។ ក្នុង​នោះ​ចំនួន​កុងតឺន័រ​នាំ​ចូល​មាន​១៨០.៧៧៥ និង​កុងតឺន័រ​នាំ​ចេញ​មាន​១៨២.៩៧៦ ។

លោក​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុន​នាវា​ចំនួន​១០ សម្រាប់​ភ្ជាប់​ការ​ធ្វើ​ដំណើរ​ពី​កំពង់​ផែ​មួយ​ទៅ​កំពង់​ផែ​មួយ​ដើម្បី​ផ្ទេរ​ផ្ទុក​លើកដាក់​ទំនិញ​។ លោក​និយាយ​ថា ៖ « ជា​មធ្យម នាវា​ដែល​ចេញចូល​កំពង់​ផែ​ក្នុង​មួ​យស​ប្ដា​ហ៍​មាន​ចំនួន​១៣ ហើយ​ស​ប្ដា​ហ៍​ខ្លះ​មាន​នាវា​ចេញចូល​១៤​ឯណោះ​។ សម្រាប់​កំពង់​ផែ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​យើង​នេះ ស្ទើរតែ​គ្រប់​កំពង់​ផែ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មាន​ន័យ​ថា នាវា​ចេញពី​យើង​មាន​ទៅ​កំពង់​ផែ​របស់​ចិន កូរ៉េ ហ្វ៊ី​លី​ពី​ន ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ហុងកុង​ជាដើម ហើយ​កាលពីមុន នាវា​ចេញពី​យើង​ទៅ​មិន​បាន​ត្រង់​ៗ​នោះ​ទេ គឺ​មានការ​ផ្ទេរ​ដូច​ជើងហោះហើរ​អីចឹង​ដែរ » ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ដឹក​ជញ្ជូន​សំខាន់​ៗ​មាន ផ្លូវថ្នល់ ផ្លូវដែក និង​ផ្លូវទឹក សម្រាប់​ផ្លូវអាកាស​ភាគច្រើន​ដឹក​អ្នកដំណើរ និង​មាន​ទំនិញ​តិចតួច ។ ប៉ុន្តែ​បើ​ការ​ដឹក​ទំនិញ​ឆ្លង​ប្រទេស​ឬ​ឆ្លង​តំបន់ ភាគច្រើន​តាម​ផ្លូវទឹក​។ ដូចនេះ ទើប​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​ច្រក​អន្តរជាតិ​ដ៏​សំខាន់​បាន​និង​កំពុង​ពង្រីក​វិសាលភាព​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ទំនិញ​ឆ្លងកាត់​បាន​ច្រើន ៕