ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​របស់​វ៉ា​ន់ នី​ឡា ស្នើ​សុំ​ថតចម្លង​ឯកសារ​ពាក់ព័ន្ធ​ការ​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ជា​ថ្មី​ម្តងទៀត​មេធាវី​ដែល​ការពារ​ក្តី​ឲ្យ​តារាចម្រៀង​នាង​វ៉ា​ន់ នី​ឡា បាន​ដាក់​សំណើ​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ថតចម្លង​ឯកសារ​ពាក់ព័ន្ធ​ការ​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ

រាជធានី​ភ្នំពេញ​៖ ជា​ថ្មី​ម្តងទៀត​មេធាវី​ដែល​ការពារ​ក្តី​ឲ្យ​តារាចម្រៀង​នាង​វ៉ា​ន់ នី​ឡា បាន​ដាក់​សំណើ​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ថតចម្លង​ឯកសារ​ពាក់ព័ន្ធ​ការ​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ តាម​ពាក្យបណ្តឹង​កូនក្តី​របស់​ខ្លួន ។

លិខិតស្នើ​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរការ​នៃ​រឿង​ក្តី​មួយ​នេះ ហាក់​បង្ហាញ​សញ្ញា​អវិជ្ជមាន​ចំពោះ​នាង​វ៉ា​ន់ នី​ឡា បន្ទាប់​ពី​ចុងចោទ​លោក​គុយ សិទ្ធ​សក្តិ ដែល​ជា​មន្ត្រី​មួយ​រូប​នៅ​ក្រសួងមហាផ្ទៃ ហាក់​ព្រងើយកណ្តើយ និង​មិន​អើពើ​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​ចំនួន​៥​ដង​រូ​ចម​ក​នោះ ។

ចំណាត់ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តារាចម្រៀង​វ៉ា​ន់ នី​ឡា និង​បងប្រុស​របស់​នាង​លោក​សុខ ជំនោរ បាន​រិះគន់​តុលាការ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ព្រោះតែ​ដំណើររឿង​ក្តី​មួយ​នេះ​ហាក់​មិន​ទាន់​មាន​ពន្លឺ ។

ការ​ស្នើ​សុំ​ថតចម្លង​ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង​របស់​នាង​វ៉ា​ន់ នី​ឡា ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​សុខ ជំនោរ ជា​បងប្រុស​ដែល​កំពុង​ខ្នះខ្នែង​ជួយ​ប្អូនស្រី​នៅ​ក្នុង​រឿង​នេះ ។

ជាមួយនឹង​លិខិតស្នើ​សុំ​លោក​សុខ ជំនោរ បញ្ជាក់​ថា «​មេធាវី​ជន​រង​គ្រោះ ដែល​ផ្តល់​ដោយ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​រៀបចំ​លិខិត​នេះ​ដើម្បី​ដំណើរការ​ទៅ​តាម​នីតិវិធី​ប្រទេស​មួយ​នេះ ដោយសារ​យើង​មិន​អាច​ទទួល​បាន​នូវ​ឯកសារ​សម្រេច​ដោយ​ចៅក្រម​ស៊ើប​…» ។

លិខិតស្នើ​សុំ​នោះ​ឲ្យ​ដឹង​ថា ក្នុង​នាម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ​សុខ ចិន្តា ហៅ​វ៉ា​ន់ នី​ឡា ដែល​ជាដើម​បណ្តឹង ការ​សុំ​ថតចម្លង​ឯកសារ​លើ​សំណុំរឿង​ក្តី​នេះ គឺជា​តម្រូវការ​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សួរ​ចម្លើយ​របស់​ជន​ត្រូវ​ចោទ និង​ការ​សម្រេចសេចក្តី​របស់​តុលាការ ដើម្បី​សិក្សា​មធ្យោបាយ​ផ្លូវច្បាប់​ការពារ​ផលប្រយោជន៍​ឲ្យ​ជន​រង​គ្រោះ​តាម​នីតិវិធី​ច្បាប់ ។

លិខិត​នោះ​បញ្ជាក់​ថា ឯកសារ​ដែល​ស្នើ​សុំ​ថតចម្លង​រួម​មាន ឯកសារ​ថតចម្លង​ដែល​ជន​ត្រូវ​ចោទ​ឈ្មោះ​គុយ សិទ្ធ​សក្តិ បាន​ដាក់​ជូន​តុលាការ កំណត់ហេតុ​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ ដីកា​សម្រេច​មិន​ឃុំខ្លួន​បណ្តោះអាសន្ន និង​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​សេចក្តីសម្រេច ផ្សេង​ៗ​ទៀត​ដែល​មាននៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ ៕