ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែម ម៉ឺន រិះគន់​រឿង​កីឡាករ​ក្រោយ​ល្បី​ធ្លាក់ដៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​លើក​ឡើងជា​ច្រើន​ថា កីឡាករ​ល្បីឈ្មោះ​ឱ្យ​តែ​បាន​ឡើង​កូដ​មួយ​ឆាវ គឺ​រមែង​ធ្លាក់ដៃ និង​ប្រែប្រួល​សមត្ថភាព ។ បើ​ទោះជា​កីឡាករ​ទាំងនោះ​បាន​អះអាង​ថា ហេតុផល​ចម្បង​គឺ​បណ្ដាល​មក​ពី​

រាជធានី​ភ្នំពេញ ៖ មានការ​លើក​ឡើងជា​ច្រើន​ថា កីឡាករ​ល្បីឈ្មោះ​ឱ្យ​តែ​បាន​ឡើង​កូដ​មួយ​ឆាវ គឺ​រមែង​ធ្លាក់ដៃ និង​ប្រែប្រួល​សមត្ថភាព ។ បើ​ទោះជា​កីឡាករ​ទាំងនោះ​បាន​អះអាង​ថា ហេតុផល​ចម្បង​គឺ​បណ្ដាល​មក​ពី​តម្លៃ​ខ្លួន​តិច​ធ្វើ​ឱ្យ​ទឹកចិត្ត​មិន​ស្រឡះ និង​បណ្ដាល​មក​ពី​ការ​ហូប​ចុក​បំប៉ន​មិន​គ្រប់គ្រាន់ ក៏​មន្ត្រី​សហព័ន្ធ​ប្រដាល់​បាន​លើក​ឡើង​ថា គឺ​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង ។ មន្ត្រី​ដដែល​បាន​ទាំង​លើក​ឡើង​ថា នោះ​ជា​អ្វី​ដែល​ក្រុម​កីឡាករ​ត្រូវ​ទទួលខុសត្រូវ​នោះ​ផង ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់កម្ពុជា បាន​និយាយ​ថា កីឡាករ​គ្រប់​រូប​លោក​កត់សម្គាល់​ថាឱ្យ​តែ​បាន​ល្បីឈ្មោះ និង​មានការ​គាំទ្រ គឺ​សមត្ថភាព​ខ្លាំងក្លា​របស់​កីឡាករ​ទាំងនោះ​រក្សា​មិន​បាន​យូរ​ឡើយ ជា​ពិសេស​ចំពោះ​កីឡាករ​ដែល​ចាប់ផ្ដើម​ឈាន​ឡើង​គូ​ឯក​។

លោក​ថា កីឡាករ​ទាំងអស់​មិន​មាន​ច្រើន​ទេ​ដែល​នៅ​តែ​ខ្លាំង​ក្រោយ​ពេល​ល្បីឈ្មោះ ដោយ​លោក​ពន្យល់​ថា ហេតុផល​ដែល​នាំ​ឱ្យ​ពួក​គេ​កើត​មាន​ស្ថានភាព​ទាំងនោះ គឺ​ការ​មើល​ស្រាល​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កីឡាករ​រាល់ពេល​បើក​សម្ពោធ​ព្រឹត្តិការណ៍​ប្រដាល់​នីមួយ​ៗ លោក​តែង​សង្កត់ធ្ងន់​ថា កីឡាករ​តែង​អះអាង​ថា ខ្លួន​បាន​ទទួល​កម្រៃ​ទាប​បើ​ធៀប​​នឹង​កីឡាករ​ប្រទេស​ជិតខាង ប៉ុន្តែ​លោក​ថា​នោះ​គ្រាន់តែ​ជា​លេស​របស់​អ្នក​ខ្ជិល និង​អ្នក​ដែល​មើល​ស្រាល​តួនាទី​ប៉ុណ្ណោះ ។ លោក​សួរ​ច្រាស​មក​វិញ​ថា កីឡាករ​ល្បី​ឈ្មោះ​​ថ្ងូរ​ថា​ចំណូល​តិច​ទើប​ខ្លួន​ធ្លាក់ដៃ ចុះ​ពេល​មិន​ទាន់​ល្បី​ហេតុ​អ្វី​ក៏​កីឡាករ​ទាំងនោះ​អាច​ពង្រឹង​ខ្លួន​ឱ្យ​មានឈ្មោះ​បោះ​សំឡេង​ទៅ​បាន ។ លោក​ថា មុន​ពេល​ល្បីឈ្មោះ មិន​មាន​កីឡាករ​ណាមួយ​ធ្វេសប្រហែស​ពី​ការ​ហ្វឹកហាត់​នោះ​ទេ ដោយ​ម្នាក់​ៗ​ប្រឹង​ហាត់​មិន​ស្គាល់​យប់​ថ្ងៃ រហូត​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​កីឡាករ​ដែល​ត្រូវ​បាន​មហាជន​ទទួល​ស្គាល់ ។ អ្នកខ្លះ​ហ្វឹកហាត់​តាំងពី​មួយ​ខែ​មុន​ប្រកួត​ម្ដង​ៗ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ក្រោយ​ពេល​ល្បីឈ្មោះ​លោក​ថា កីឡាករ​មួយ​ចំនួន​មិន​បាន​ប្រកាន់ខ្ជាប់​ដូច​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​នោះ​ទេ គឺ​អ្នកខ្លះ​បែរជា​ខ្ជីខ្ជា​លើស​ដើម ។

លោក​និយាយ​ថា​៖«​សហព័ន្ធ​ទទួលស្គាល់​ថា​តម្លៃ​ខ្លួន​នៅ​មាន​កម្រិត​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​កីឡាករ​មិនសូវ​ល្អ ប៉ុន្តែ​បើ​តាម​ខ្ញុំ​សម្គាល់ ម្នាក់​ៗ​កាល​ពី​មិន​ទាន់​ល្បី​តម្លៃ​ខ្លួន​ដូច​ទាប​ជាង​ហ្នឹង​ផង ចុះ​ហេតុ​អ្វី​គាត់​ប្រឹង​ហ្វឹកហាត់​រហូត​បាន​ក្លាយជា​កីឡាករ​ខ្លាំង​បាន អីុចឹង​បាន​ខ្ញុំ​អត់​យល់​ពេល​គាត់​ថា​ក្រោយ​ពេល​គាត់​ល្បី​លុយ​​ប៉ុណ្ណឹង​គាត់​ហ្វឹកហាត់​អត់​បាន​!» ។ លោក​ថា តម្លៃ​ខ្លួន​កីឡាករ​មិន​ទាន់​ឡើង​គូ​ឯក និង​ពេល​ឡើង​គូ​ឯក​មិន​ដូច​គ្នា​នោះ​ទេ ហើយ​បើ​ឈាន​ដល់​កីឡាករ​ដែល​មានឱកាស​ឡើង​វ៉ៃ​លើ​សង្វៀន​អន្តរជាតិ ឬ​វ៉ៃ​ខ្សែក្រវាត់​ទៀត គឺ​រឹតតែ​បាន​តម្លៃ​ល្អ អ៊ីចឹង​ហើយ​ទើប​មិន​យល់​ថា​អ្វី​ដែល​ក្រុម​កីឡាករ​បកស្រាយ​ជា​រឿង​មិន​អាច​ទទួល​បាន ។ លោក​ថា កីឡាករ​មិន​សំខាន់​លើ​តម្លៃ​ខ្លួន​នោះ​ទេ ដោយ​សារ​​តែ​មុន​ពេល​ដាក់ខ្លួន​ចូល​ប្រដាល់ គឺ​កីឡាករ​ម្នាក់​ៗ​សុទ្ធតែ​បាន​ទទួលយក​រួច​ហើយ​ចំពោះ​តម្លៃ និង​ហាងឆេង​របស់​កីឡាករ​ប្រដាល់ ។ លោក​ថា ហេតុផល​នៃ​ការ​ធ្លាក់ដៃ ទី​១​គឺ​កីឡាករ​ខ្លួនឯង​នឿយណាយ​លែង​ចង់​វ៉ៃ លុះ​ចង់​ឡើង​ប្រកួត​យក​លុយ​ម្ដង​ៗ ក៏​លើក​ហេតុផល​ថា​មក​ពី​ប្រកួត​បាន​តម្លៃ​តិច​ទើប​សម្រេចចិត្ត​ទៅ​ធ្វើ​ការងារ​នេះ​ការងារ​នោះ ឬ​មិនសូវ​បាន​បំប៉ន​ថែទាំ​សុខភាព ។ លោក​ថា​កីឡាករ​ខ្លះ​ក្រោយ​ពេល​បាន​ល្បី​គឺ​ផឹក​មិន​ខ្លាច​ប៉ះពាល់​សុខភាព ដោយ​មុន​ពេល​ល្បីឈ្មោះ​មិនសូវ​ពូកែ​ផឹក និង​ដើរ​លេង​នោះ​ទេ ប៉ុន្តែ​ដល់​ពេល​ឡើង​កូដ​គឺ​ផឹក​លិច​ថ្លើម ទើប​បណ្ដាល​ឱ្យ​គុណភាព​ក្នុង​ការ​ឡើង​ប្រកួត​មិន​ដូច​មុន ។ លោក​ថា កុំ​បន្ទោស​រឿង​តម្លៃ​ខ្លួន​ទើប​ធ្លាក់ដៃ ការ​ពិត​ត្រូវ​បន្ទោស​ខ្លួនឯង​ដែល​ខ្វះ​ការ​ទទួលខុសត្រូវ​ទៅ​វិញ​ទេ ព្រោះ​បើ​ធ្លាក់ដៃ​មែន​គួរតែ​ត្រូវ​កើតឡើង​មុន​ពេល​ល្បីឈ្មោះ មិនមែន​មុន​ល្បី​ថ្វីដៃ​លេចធ្លោ​ដល់​ពេល​ឡើង​កូដ​ក៏​ចាប់ផ្ដើម​ប្រែប្រួល​បែប​នេះ​ទេ ។

លោក​ចាត់​ទុក​ថា​កីឡាករ​ធ្លាក់ដៃ​បណ្ដាល​មក​ពី​យក​ការ​ប្រដាល់​ធ្វើ​ឈ្នាន់ លុះ​ពេល​បាន​លុយ​ហើយ​មានឱកាស​ក៏​ទៅ​ចាប់​ការងារ​ផ្សេង​រួច​មិនសូវ​ហ្វឹកហាត់ ហើយ​ក្នុង​ពេល​ទទួល​ប្រដាល់​ម្ដង​ៗ ដើម្បី​កុំឱ្យ​ភ្លេចឈ្មោះ ក៏​ចោទ​ទៅ​រឿង​តម្លៃ​ខ្លួន ។ លោក​ថា តម្លៃ​ការ​ប្រដាល់​នា​ពេល​ចុង​ក្រោយ​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់ គឺ​មិន​គួរ​ចោទ​ថា​នៅ​ទាប​ហើយ​ធ្វើ​ឱ្យ​ការ​ប្រកួត​យក​ជា​ការ​មិន​បាន​នោះ​ទេ ។ លោក​ទទូច​ឱ្យ​កែប្រែ​ទស្សនៈ ដោយសារ​តែ​ការ​លើក​ឡើង​នេះ វា​ហាក់​មាន​ទម្ងន់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រដាល់​ជំនាន់​ក្រោយ ។

លោក តែម ម៉ឺន បន្ត​ថា អ្នក​ប្រដាល់​មួយ​ចំនួន​នៅ​តែ​បន្ត​ចាត់​ទុក​អាជីព​ប្រដាល់​ជា​ឆ្នាំងបាយ ប៉ុន្តែ​ដោយសារ​តែ​ការ​មើល​ស្រាល​ក៏​ជា​មូលហេតុ​ដូច​គ្នា​ផង​ដែរ ។ ជាក់ស្ដែង​លោក​​ឮ​ច្រើន​មក​ហើយ​ដែល​កីឡាករ​ល្បីឈ្មោះ​យល់​ថា​ខ្លួនឯង​មានបទពិសោធន៍ និង​មាន​ថ្វីដៃ ហើយ​ចាត់​ទុក​ការ​ហ្វឹកហាត់​ជា​រឿង​ធម្មតា​ទោះបី​រយាល​ក៏​នៅ​តែ​ឈ្នះ ។ ក្នុង​ពេល​ឡើង​ប្រកួត​មិន​ប៉ះ​កីឡាករ​ខ្លាំង​ៗ លោក​ថា​ស្ថានភាព​ខ្ជីខ្ជា​ទាំងនេះ​អាច​បិទ​បាំង​បាន ប៉ុន្តែ​ដល់​ប៉ះ​អ្នក​ខ្លាំង​ក៏​រង​ការ​អាម៉ាស់ ហើយ​មាន​ពាក្យ​តែ​មួយ​ម៉ាត់​បន្ទោស​ថា​មក​ពី​ខ្វះ​លុយកាក់​បំប៉ន​សុខភាព​ទើប​ហ្វឹកហាត់​មិន​ដល់​កម្រិត ។ លោក​ថា បើ​កីឡាករ​គ្រប់​រូប​មានការ​ទទួលខុសត្រូវ ហើយ​ស្រឡាញ់​កិត្តិយស​ក្នុង​ពេល​នៅ​ប្រដាល់ នោះ​ស្ថាន​ភាព​​ធ្លាក់ដៃ​មិន​អាច​កើត​មាន​នោះ​ទេ ។ យ៉ាងណាមិញ លោក​ក៏​ទទួលស្គាល់​ថា​ស្ថានភាព​មិនល្អ​ដែល​ជះ​ឥទ្ធិពល​ចំពោះ​កីឡាករ ដូច​ជា​ការ​ផ្គូផ្គង​មាន​ភាព​ស៊ីសំណូក​(​អ្នកមាន​ខ្សែ​បាន​ប្រកួត​ច្រើន​) និង​បញ្ហា​កាត់​លុយ​កីឡាករ​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ម្ដង​ៗ​ពី​សំណាក់​គ្រូបង្វឹក និង​ក្លិប​មួយ​ចំនួន​ផង ទើប​ធ្វើ​ឱ្យ​កីឡាករ​នឿយណាយ​ហើយ​ចង់​ដក​ខ្លួន៕