ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2016 បរិមាណ​កុង​​តឺ​ន័​រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​កំណើន​តិចតួច

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៦ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ក្រុងព្រះសីហនុ មាន​ចំនួន​៣៦៣.៧៥១​កុងតឺន័រ ដែល​មាន​កំណើន​តិចតួច បើ​ធៀប​នឹង​ឆ្នាំ​២០១៥​កន្លង​មក ។ ក្នុង​នោះ​ចំនួន​កុងតឺន័រ​នាំ​ចូល

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៦ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ក្រុងព្រះសីហនុ មាន​ចំនួន​៣៦៣.៧៥១​កុងតឺន័រ ដែល​មាន​កំណើន​តិចតួច បើ​ធៀប​នឹង​ឆ្នាំ​២០១៥​កន្លង​មក ។ ក្នុង​នោះ​ចំនួន​កុងតឺន័រ​នាំ​ចូល​មាន​១៨០.៧៧៥ និង​កុងតឺន័រ​នាំ​ចេញ​មាន​១៨២.៩៧៦ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ថៃ រិ​ទ្ធី អគ្គនាយករង​ផ្នែក​អាជីវកម្ម​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

លោក​ឲ្យ​ដឹង​ទៀត​ថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​កំណើន​តិចតួច​ទេ ។ លោក​និយាយ​ថា ៖ « រហូត​មក​ដល់​ពេល​នេះ នឹង​ជិត​ដាច់​ឆ្នាំទៅ​ហើយ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ អាច​មាន​កំណើន​ត្រឹម​២%​ទៅ​៣%​ប៉ុណ្ណោះ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​កន្លង​មក ដោយ​ក្នុង​ដំណាច់ឆ្នាំ​២០១៦ យើង​សង្ឃឹមថា នឹង​ទទួល​បាន​កុងតឺន័រ​ឆ្លងកាត់​ចំនួន​៤០០​ពាន់ ខណៈ​ឆ្នាំ​២០១៥​កន្លង​ទៅ យើង​ទទួល​បាន​៣៩០​ពាន់​កុងតឺន័រ » ។

លោក​បន្ត​ថា ខណៈ​ចំនួន​កុងតឺន័រ និង​នាវា​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទើប​កំពង់​ផែ​បាន​ស្នើ​សុំ​ទៅ​ក្រសួង​សាធារណការ ដើម្បី​ទិញ និង​នាំ​យក​ម៉ាស៊ីន​លើកដាក់​ទំនិញ​បន្ថែម​ទៀត​សម្រាប់​ព​ន្លឿ​ន​ការ​លើកដាក់​ទំនិញ​ពី​កប៉ាល់​ដែល​ចូល​ចត​នៅ​កំពង់​ផែ ។ ជាក់ស្ដែង ថ្មី​ៗ​នេះ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​នាំ​យក​គ្រឿងចក្រ​លើកដាក់​ទំនិញ​ចំនួន​៤​គ្រឿង ហើយ​នៅ​ពេល​ខាង​មុខ នឹង​មានការ​នាំ​ចូល​ម៉ាស៊ីន​លើកដាក់​ទំនិញ​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ កំណើន​នៃ​កុងតឺន័រ និង​នាវា​ឆ្លងកាត់ ។ លោក​ថា ៖ « ពេល​នេះ យើង​បាន​ប្រើ​មធ្យោបាយ​លើកដាក់​ទំនើប​ៗ​ដូច​ជា QC (Quay Gantry Crane) ចំនួន​២​គ្រឿង​ដាក់​នៅ​ខ្លោងទ្វារ​សម្រាប់​លើកដាក់​ទំនិញ និង​មាន​ម៉ាស៊ីន RTG (Rubber Tyred Gantry Cranes) នៅ​លើ​ទីលាន​ចំនួន​៧​គ្រឿង ដែល​៤​គ្រឿង​ទើប​មក​ដល់ ហើយ​អាច​នឹង​នាំ​ចូល​ជា​បន្តបន្ទាប់​នៅ​ពេល​ក្រោយ​ទៀត​សម្រាប់​ព​ន្លឿ​ន​ការ​លើកដាក់​ឲ្យ​បាន​ឆាប់រហ័ស » ។

លោក​បន្ថែម​ថា កត្តា​ដែល​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​នាំ​ចូល​គ្រឿងចក្រ និង​ឧបករណ៍​លើកដាក់​មក​បន្ថែម​ទៀត​ដើម្បី​ឲ្យ​កប៉ាល់​ដែល​ចូល​ចត​ឆាប់​បាន​ចេញ​ទៅ​វិញ ហើយ​ទទួល​កប៉ាល់​ថ្មី​ៗ​ចូល​ចត​បន្ត ព្រមទាំង​ធ្វើ​ឲ្យ​ភាគី​ខាង​កប៉ាល់​មានការ​សប្បាយចិត្ត ព្រោះ​ចត​មិនយូរ​ដូច​ពេល​មុន​ៗ និង​អាច​ធ្វើ​ដំណើរ​ទៅ​កំពង់​ផែ​ផ្សេង​ទៀត ។

លោក​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុន​នាវា​ចំនួន​១០ សម្រាប់​ភ្ជាប់​ការ​ធ្វើ​ដំណើរ​ពី​កំពង់​ផែ​មួយ​ទៅ​កំពង់​ផែ​មួយ​ដើម្បី​ផ្ទេរ​ផ្ទុក​លើកដាក់​ទំនិញ​។ លោក​និយាយ​ថា ៖ « ជា​មធ្យម នាវា​ដែល​ចេញចូល​កំពង់​ផែ​ក្នុង​មួ​យស​ប្ដា​ហ៍​មាន​ចំនួន​១៣ ហើយ​ស​ប្ដា​ហ៍​ខ្លះ​មាន​នាវា​ចេញចូល​១៤​ឯណោះ​។ សម្រាប់​កំពង់​ផែ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​យើង​នេះ ស្ទើរតែ​គ្រប់​កំពង់​ផែ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មាន​ន័យ​ថា នាវា​ចេញពី​យើង​មាន​ទៅ​កំពង់​ផែ​របស់​ចិន កូរ៉េ ហ្វ៊ី​លី​ពី​ន ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ហុងកុង​ជាដើម ហើយ​កាលពីមុន នាវា​ចេញពី​យើង​ទៅ​មិន​បាន​ត្រង់​ៗ​នោះ​ទេ គឺ​មានការ​ផ្ទេរ​ដូច​ជើងហោះហើរ​អីចឹង​ដែរ » ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ដឹក​ជញ្ជូន​សំខាន់​ៗ​មាន ផ្លូវថ្នល់ ផ្លូវដែក និង​ផ្លូវទឹក សម្រាប់​ផ្លូវអាកាស​ភាគច្រើន​ដឹក​អ្នកដំណើរ និង​មាន​ទំនិញ​តិចតួច ។ ប៉ុន្តែ​បើ​ការ​ដឹក​ទំនិញ​ឆ្លង​ប្រទេស​ឬ​ឆ្លង​តំបន់ ភាគច្រើន​តាម​ផ្លូវទឹក​។ ដូចនេះ ទើប​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​ច្រក​អន្តរជាតិ​ដ៏​សំខាន់​បាន​និង​កំពុង​ពង្រីក​វិសាលភាព​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ទំនិញ​ឆ្លងកាត់​បាន​ច្រើន ៕