ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​សរុប​ក្នុង​ឆ្នាំ​2016 មាន​ទឹកប្រាក់​ជាង​21​ពាន់​លាន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​ព្យាករ​ថា ទំហំ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៦​នេះ មាន​ទឹកប្រាក់​សរុប​ជាង​២១.៩៣៨​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ជាង​៩.៨៦៥​លាន​ដុល្លារ និង​ការ​នាំ​ចូល​ជាង​១២.០៧២​លាន​ដុល្លារ​។

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​ព្យាករ​ថា ទំហំ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៦​នេះ មាន​ទឹកប្រាក់​សរុប​ជាង​២១.៩៣៨​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ជាង​៩.៨៦៥​លាន​ដុល្លារ និង​ការ​នាំ​ចូល​ជាង​១២.០៧២​លាន​ដុល្លារ​។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៦ និង​ទិស​ដៅ​អនុវត្ត​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ កន្លង​មក នៅ​ទីស្ដីការក្រសួង​ពាណិជ្ជកម្ម ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ថា ដោយសារ​ការ​ងើបឡើង​វិញ​នូវ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក រួម​ទាំង​សន្ទុះ​យ៉ាង​ឆាប់រហ័ស​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី បាន​បង្កើត​នូវ​ទីផ្សារ​ថ្មី​ៗ​ដែល​នឹង​ផ្តល់​ក្តី​សង្ឃឹម​យ៉ាងច្រើន​សម្រាប់​ការ​នាំ​ចេញ និង​ការ​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។

លោក​បន្ត​ថា ៖ « ការ​ធ្វើ​ពិពិធ​កម្មវិស័យ​ពាណិជ្ជកម្ម តាម​រយៈ​ការ​ប្រឹងប្រែង​ពង្រីក​ទីផ្សារ​ក្នុង​តំបន់ និង​សកលលោក គឺជា​កិច្ចការ​ចម្បង​ដែល​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​សហការ​គ្នា​ខិតខំ​អនុវត្ត​ឲ្យ​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ ដើម្បី​ធានា​ដល់​ការ​បែងចែក​នូវ​ប្រយោជន៍​នៃ​កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ប្រកបដោយ​សម​ភាព » ។

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ៖ « យើង​បាន​បន្ត​សហការ និង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា អា​មេ​រិ​ក កា​ណា​ដា កូ​វ៉ែត បេឡា​រុស តួ​ក​គី កា​ហ្សា​ក់​ស្ថាន កា​តា ប៊ុល​ហ្គា​រី ប៉ា​ណា​ម៉ា ស៊ី​លី និង​ប៉ា​រ៉ា​ហ្គា​យ ជាដើម ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ​របស់​កម្ពុជា ឲ្យ​បានជា​អតិបរមា​ដូចដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ដៃគូ ។ លើស​ពី​នេះ ក្រសួង​ក៏​បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ចូលរួម​អនុវត្ត​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេង​ៗ​ទៀត » ។

បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​បាន​និង​កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន អនុ​តំបន់ និង​ទ្វេភាគី ។ ក្រសួង​បាន​បង្កើត​នាយកដ្ឋាន​ថ្មី​ៗ​ដូច​ជា នាយកដ្ឋាន​អា​មេ​រិ​ក និង​នាយកដ្ឋាន​អឺរ៉ុប​-​មជ្ឈិម​បូព៌​៌ា​-​អា​ហ្រិ្វ​ក ដែល​កំពុងធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ពង្រីក​ទីផ្សារ​ថ្មី​ៗ​ជាមួយ​បណ្តា​ប្រទេស​នៅ​ទ្វីប​ទាំងនោះ ។

ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បញ្ជាក់​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ពិតជា​មាន​មោទនភាព ដែល​បានឃើញ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​មាន​ការ​កើនឡើង​បែប​នេះ​។ ប៉ុន្តែ​កម្ពុជា​គួរ​ពិចារណា​លើ​ជញ្ជីងពាណិជ្ជកម្ម​ផង​ថា តើ​យើង​ធ្វើការ​នាំ​ចេញ​ប៉ុន្មាន និង​នាំ​ចូល​ប៉ុន្មាន ? ដោយ​យើង​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង គឺ​ការ​នាំ​ចូល​របស់​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​ការ​នាំ​ចេញ ។

លោក​បាន​ស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម ត្រូវ​បន្ត​ធ្វើ​សមាហរណកម្ម​ជាមួយ​អាស៊ាន​ឲ្យ​បាន​ស៊ីជម្រៅ និង​សម្រួល​ដល់​ការ​ចូលរួម​របស់​វិស័យ​ឯករាជ្យ​ក្នុង​ការ​រៀបចំ​គោល​នយោ​បាយ​​អាស៊ាន ដើម្បី​បើក​ទូលាយ​ទីផ្សារ និង​ទាញ​យក​ផល​ចំណេញ​កាន់តែ​ច្រើន​ពី​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​ដៃគូ ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ថ្លែង​ថា បច្ចុប្បន្ន ទំហំ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​កម្ពុជា បាន​កាត់​បន្ថយ​ជា​បន្តបន្ទាប់។ ជាក់ស្តែង ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៥ បាន​ថយ​ចុះ​ក្នុង​ចន្លោះ​ពី​៧%​ទៅ​១០% និង​ឆ្នាំ​២០១៦​នេះ ការ​នាំ​ចេញពី​ថៃ​មក​កម្ពុជា បាន​កាត់​បន្ថយ​រហូត​ដល់​១៦% ។

លោក​បន្ត​ថា ៖ « ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដោយសារ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​បាន​បង្កើន​ការ​ផលិត និង​ផលិត​ទំនិញ​មានគុណ​ភាព​ជាង​មុន​។ ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​ទំនិញ​ពី​បរទេស គឺជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៣ » ៕