ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនប្រុស​ទះកំផ្លៀង និង​កាន់​ឈើ​ជ្រុង​គំរាម​វាយ​សម្លា.ប់​បងស្រី​បង្កើត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល ប៉ុស្ដិ៍​ព្រៃ​ស​ធ្វើការ​ចាប់ខ្លួន ក្រោយ​ពេល​ដែល​ជន​នោះ បាន​ទះកំផ្លៀង វាយ​ក្បាល​បងស្រី​បង្កើត​ខ្លួនឯង

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល ប៉ុស្ដិ៍​ព្រៃ​ស​ធ្វើការ​ចាប់ខ្លួន ក្រោយ​ពេល​ដែល​ជន​នោះ បាន​ទះកំផ្លៀង វាយ​ក្បាល​បងស្រី​បង្កើត​ខ្លួនឯង មិនតែប៉ុណ្ណោះ​បាន​ទាញ​ដំបង​ឈើ​ជ្រុង​មួយ កំណាត់ កាន់​ឈរ​គំរាម​វាយ​សម្លាប់​ចោល​ថែម​ទៀត ព្រោះតែ​រឿង​ទំនាស់​បិទ​ភ្លើង នៅ​ខាង​មុខ​ផ្ទះ​បន្តិចបន្តួច​សោះ ហើយដោយ​មានការ​ភ័យ​ខ្លាច​ប្អូនប្រុស វាយ​សម្លាប់​ស្ត្រី​ជា​បង​បានរ​ត់ទៅ​ប្ដឹង​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រៃ​ស ចាប់ខ្លួន​ប្អូនប្រុស​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាល​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​ដែល​ជា​បងស្រី ឈ្មោះ ស៊ុំ សុខ​លី​ដា ហៅ​ផា​រី អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ ចំណែក​ប្អូនប្រុស​ដែល​ប៉ុនប៉ង​វាយ​សម្លាប់​បងស្រី​បង្កើត​ខ្លួនឯង​នោះ​ឈ្មោះ ស៊ុំ សុខ​សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ជាមួយ​គ្នា​។

នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ ស៊ុំ សុខ​លី​ដា ដែល​ជា​បងស្រី​បាន​រៀបចំ​ហូប​បាយ នៅ​ក្នុងផ្ទះ ហើយដោយ​សារ​តែ​យប់​ជ្រៅ​បន្តិច​ហើយ និង​ចង់​សន្សំ​សំចៃ​ភ្លើង​ផង ស្ត្រី​រូប​នោះ​ក៏​បាន​បិទ​ភ្លើង​នៅ​ខាង​មុខ​ផ្ទះ ខណៈនោះ​ជន​ដៃដល់​ឈ្មោះ ស៊ុំ សុខ​សីហា ត្រូវជា​ប្អូនប្រុស​បង្កើត មិន​ព្រម​ឲ្យ​បិទ​ភ្លើង​នោះ​ឡើយ និង​បាន​ស្រែក​ជេរ​ប្រមាថ​បងស្រី បន្ទាប់​មក​បាន​ស្ទុះ​ទៅ​ទះកំផ្លៀង និង​វ៉ៃ​ក្បាល​បងស្រី​ជា​ច្រើន​ដៃ​។

ប៉ុណ្ណឹង​ហើយ​មិន​អស់ចិត្ត​ទេ ជន​នោះ​ដូច​កំរោលចូល​ខ្លួន និង​ហាក់​មាន​គំនុំ​ជាមួយ​បងស្រី​ប៉ុន​មហាមេឃ បាន​ស្ទុះ​ទៅ​ទាញ​យក​ដំបង​ឈើ​ជ្រុង កាន់​នៅ​ក្នុង​ដៃ​រួច​ស្រែក​គំរាម​ថា នឹង​សម្លាប់​ជន​រង​គ្រោះ​ចោល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បងស្រី​មានការ​ភិតភ័យ ក៏​បាន​រត់គេច​ខ្លួន​ចេញពីផ្ទះ​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស ឲ្យ​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ប្អូនប្រុស​នោះ​ទាំង​យប់ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕