ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​សម្រួល​ចរាចរណ៍ និង​ដឹក​ដៃ​សិស្ស​ឆ្លងថ្នល់​ត្រូវ​បាន​មហាជន​លើក​សរសើរ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជា​រៀងរាល់ថ្ងៃ និង​រាល់​ម៉ោង​ចេញ ចូល​រៀន របស់​សិស្ស គេ​សង្កេត​ឃើញ​មាន មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង​២-៣​រូប ក្នុង​ឯកសណ្ឋាន​នគរបាល​ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ ជា​រៀងរាល់ថ្ងៃ និង​រាល់​ម៉ោង​ចេញ ចូល​រៀន របស់​សិស្ស  គេ​សង្កេត​ឃើញ​មាន មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង​២-៣​រូប ក្នុង​ឯកសណ្ឋាន​នគរបាល​ចរាចរណ៍ តែងតែ​មក​សម្រួល​ចរាចរណ៍​ដល់​សិស្សសាលា​បឋម​សិក្សា គំរូ​ក្រុង​កំពង់ឆ្នាំង ដែល​នៅ​ជិត​វិមាន​ឯករាជ្យ​។ រាល់​សកម្មភាព​បែប​នេះ ត្រូវ​បាន​មហាជន​ថត​បង្ហោះ​ពេញ​ក្នុង​បណ្តាញ​សង្គម និង​បានការ​លើកទឹកចិត្ត​សរសើរ ដល់​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ទាំងនោះ​ទៀត​ផង ពិសេស​គឺ​រូបថត ដឹក​ដៃ​កូនសិស្ស​ឆ្លងថ្នល់ ទៅ និង​មក​សាលារៀន​ជាដើម​។

ទន្ទឹម​គ្នា​នោះ​ការ​គោរព​ភ្លេងជាតិ ក៏​ត្រូវ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ផង​ដែរ នៅ​ត្រង់រ​វង់​មូល​វិមាន​ឯករាជ្យ និង​សួនច្បារ មុខ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។ លោក ម៉ុ​យ អ៊ី​ម ប្រធាន​ផ្នែក​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បញ្ជា ពី​លោក​ឧត្តមសេនីយ ឡុ​ច សុ​វ​ណ្ណា​រ៉ា  ស្នងការ​នគរបាល​ខេត្ត ក៏​ដូច​ជា​លោក​វរៈសេនីយ៍ទោ ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង  រូប​លោក និង​មន្ត្រី​នគរបាល របស់​លោក​តែងតែ​មក​សម្រួល​ចរាចរណ៍​ដល់​សិស្ស​តូច​ៗ រាល់​ម៉ោង​ចូល​និង​ចេញពី​សាលារៀន គំរូ​ក្រុង​នេះ​។

លោក​បាន​បញ្ជាក់​ថា សមត្ថកិច្ច​របស់​លោក​បាន​បែងចែក​ជា​៣​ផ្នែក ក្នុង​ការ​សម្រួល​ចរាចរណ៍​នេះ គឺ​ទី​១​នៅ​មុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រិ​ត ទី​២ នៅ​វិមាន​ឯករាជ្យ ជាប់​នឹង​សាលា​បឋម​សិក្សា​គំរូ​ក្រុង​នេះ និង​ទី​៣ នៅ​វិទ្យាល័យ​ក្រុង កំពង់ឆ្នាំង​។ ក្នុង​ការ​សម្រួល​ចរាចរណ៍​ដល់​សិក្សា​នុ​សិស្ស​នេះ គឺ​គោលបំណង​បញ្ចៀស ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ជាយថាហេតុ  ព្រោះ​នៅ​ចំណុច​ទាំង​អស់នេះ​បើ​គ្មាន​ការ​សម្រួល​ចរាចរណ៍​ទេ ពិតជា​លំបាក​ណាស់ ព្រោះ​សិស្ស​មាន​ចំនួន​ច្រើន តែ​ការ​បើកបររបស់​ម្ចាស់​យានយន្ត​ទាំងឡាយ​នៅ​មាន​កម្រិត​។

ជា​ចុង​ក្រោយ លោក​ក៏​សូម​អំពាវនាវ​ដល់​អ្នកបើកបរ​យានយន្ត​ទាំងអស់ សូម​មេត្តា បើកបរ​គោរព​ច្បាប់​ចរាចរណ៍ សូម​ប្រុង​ប្រយ័ត្ន​នៅ​ទីប្រជុំជន និង​ជា​ពិសេស​នៅ​ចំណុច​សាលារៀន មាន​សិស្ស​ឆ្លងកាត់​។ សកម្មភាព​របស់​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង ខាងលើ ត្រូវ​បាន​ក្រុម​អាណាព្យាបាល និង​មាតាបិតា​សិស្ស ពេញ​ចិត្តជា​ខ្លាំង និង​ថ្លែងអំណរគុណ​ផង​ដែរ​។ ចំណែក​កុមារ​តូច​ៗ មុន​ពេល​ឆ្លងថ្នល់​តែងរ​ត់រក​លោកពូ នគរបាល​ទាំងនោះ ដឹក​ដៃ​ឲ្យ​ទើប​ហ៊ាន​ឆ្លងថ្នល់​។ ទាំងនេះ​អាច​ថា ជា​សកម្មភាព​គំរូ​មួយ​ដល់​សង្គម​ជាតិ​ផង​ដែរ​៕