ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិត​សុំ​​​លើ​ក​លែង​ទោស​ពីព្រះ​មហា​ក្សត្រ​​​ដល់​អ្នកទោស​សៀម​ត្រូវបញ្ជូន​​​ទៅ​ក្រសួង​​​យុត្តិធម៌​​ហើយ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​កុយ គួង ​អនុរដ្ឋ​លេខាធិការ​​​ក្រសួងការ​បរទេស​​កម្ពុជា​ បាន​មាន​ប្រសាសន៍​​​​​ឱ្យ​កោះសន្តិភាព​​​​​​ដឹង​កាលពីថ្ងៃ​ព្រឹក​ទី​​​១៨ មីនា ២០១១ ​ថា ក្រសួង​ការ​បរទេស​កម្ពុជា​​បាន​​ទទួលការ​ស្នើ​សុំ​​​ពី​មន្ត្រី​​ស្ថានទូត​ថៃ​ប្រចាំ​នៅព្រះ​រាជាណាចក្រ​កម្ពុជា តាមរយៈ​​​លិខិត​​មួយ​​កាលពីល្ងាច​ថ្ងៃទី​​​១៦ មីនា ​ដើម្បីសុំ​​ព្រះ​រាជទាន​​​ទោសពីព្រះ​មហាក្សត្រ​​​កម្ពុជា​​​ ព្រះ​ករុណា​ ព្រះ​បរម​នាថ ​នរោត្តម សីហមុនី ​​ដល់​ជន​ជាតិ​​​សៀម​​​​២នាក់ ​ដែល​បច្ចុប្បន្ន​​​កំពុងជាប់​​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ​លិខិត​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​ដល់​ក្រសួង​​យុត្តិធម៌​​តាម​នីតិ​វិធី ។

លោកកុយ គួង បន្ត​​​ថា ​ក្រសួង​​ការ​បរទេស​​នៅមិនទាន់​បានទទួលព័ត៌​មាន​​​ពីក្រសួង​​យុត្តិធម៌​​ ឬពី​ខុទ្ទកាល័យ​​របស់​ព្រះមហា​ក្សត្រ​​នៅឡើយទេ ​ជុំវិញ​​​ការ​ស្នើ​សុំ​​​សេចក្តី​​លើ​ក​លែង​ទោស​​ពី​​ព្រះ​មហា​ក្សត្រ សម្រាប់​​អ្នកទោស​​ថៃ​​២នាក់​នោះ​​​ ។ លោក​កុយ គួង ​បន្ត​ថា ​ទោះបី​យ៉ាង​ណា កម្ពុជា​ត្រូវ​តែ​អនុវត្ត​​តាម​នីតិ​វិធី​​ច្បាប់រ​បស់​​ប្រទេស​កម្ពុជា​​ចំពោះជន​ជាតិ​សៀម​​ទាំង​នោះ ។ ក្រសួង​ការបរទេស​កម្ពុជា​​ក្រោ​យ​ពី​​បានទទួល​លិខិត​ពីមន្ត្រី​​​ស្ថានទូតថៃ​​ប្រចាំ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​​រួចហើយ ​​តាម​នីតិវិធី​ត្រូវបញ្ជូន​​បន្តទៅ​​ក្រសួង​យុត្តិធម៌ ។

លោកប៉ិច ​វិច្ឆិកា ​មេ​ធាវី​​ជនជាតិសៀម​ បាន​ថ្លែង​​​ថា លោកនៅមិន​​បានទទួលព័ត៌មាន​​​​ពីការ​ស្នើ​​សុំ​របស់​​ក្រសួង​​ការបរទេស​​ថៃ ឬ​ស្ថាន​ទូត​ថៃ​​សុំ​ឱ្យ​មានការ​ព្រះ​​​​រាជ​ទាន​​ទោស​ពី​ព្រះ​មហា​ក្សត្រ​​​​កម្ពុជា ដោះលែង​​កូនក្តី​របស់​លោក​នៅឡើយ​ទេ រហូតមក​ដល់​​​ថ្ងៃទី​១៨ មីនា ២០១១​​ ។​

គួរ​​រំលឹក​ថា ​កាលពីថ្ងៃទី​​​២៩ ធ្នូ​ ​២០១០ ​មាន​ជនជាតិសៀម​​​៧​នាក់​ ក្នុងនោះ​​មានស្រី​​​២​នាក់ ​ចូ​ល​មក​ក្នុងទឹកដី​​ព្រះរាជាណា​ចក្រ​កម្ពុជា​​​នៅ​ក្នុង​បន្ទាត់​​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ​​ភូមិ​​ជោគជ័យ ឃុំ​អូរ​៣ជាន់ ហើយ​ត្រូវបានកង​កម្លាំង​​​ប្រដាប់អាវុធ​​​នៃកងយោធ​ពល​ខេមរ​ភូមិន្ទ​​​​កម្ពុជា​ចាប់ខ្លួន​​រួចបញ្ជូន​​មក​រាជធានីភ្នំពេញទាំង​យប់ ៕