ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត គឹ​ម លី​ហ្សា ទម្លាយ​រឿង​រស់នៅ​ដោយ​ភាព​ឯកា​រយៈពេល​៤​ឆ្នាំ​នៅ​អូស្ត្រាលី

1 ឆ្នាំ មុន
  • ភ្នំពេញ

តីត​តារា​សម្តែង​អ្នក​នាង គឹ​ម លី​ហ្សា បាន​ទម្លាយ​រឿងរ៉ាវ​ពិត​ពី​ការ​រស់នៅ​ដោយ​​ភាព​ឯកា​បំផុត​របស់​ខ្លួន​រយៈពេល​៤​ឆ្នាំ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ទី​ដែល​នាង​បាន​កសាង​ជីវិត​ថ្មី​ជា​មួយ​

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង គឹ​ម លី​ហ្សា បាន​ទម្លាយ​រឿងរ៉ាវ​ពិត​ពី​ការ​រស់នៅ​ដោយ​ភាព​ឯកា​បំផុត​របស់​ខ្លួន​រយៈពេល​៤​ឆ្នាំ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ទី​ដែល​នាង​បាន​កសាង​ជីវិត​ថ្មី​ជា​មួយ​ស្វាមី បន្ទាប់​ពី​បាន​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​បុរស​អាណិកជន​កាលពី​អំឡុង​ឆ្នាំ​២០១៣​។

និយាយ​ទាំង​អួល​ដើម​.​ក​នៅ​ក្នុង​កម្មវិធី​មួយ នៅ​ទូរទស្សន៍​ក្នុងស្រុក​កាលពី​ពេល​ថ្មី​ៗ​នេះ គឹ​ម លី​ហ្សា បាន​លើក​ឡើង​ថា នៅ​ប្រទេស​អូស្ត្រាលី ពេល​ដែល​នាង​កំពុង​ពពោះ គឺ​នាង​នៅ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ដោយសារ​ស្វាមី​របស់​នាង​ទៅ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ​។ នាង​ថា យើង​ទម្ងន់​នៅផ្ទះ​ម្នាក់ឯង វា​មិន​ស្រួល​ដូច​នៅ​ស្រុក​យើង​ទេ ហើយ​៤​ឆ្នាំ​ដែល​ខ្ញុំ​នៅ​ប្រទេស​អូស្ត្រាលី គឺ​ខ្ញុំ​នៅ​តែ​ម្នាក់ឯង អ​ញ្ចឹ​ង​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​គ្រប់មុខ ហើយ​ខ្ញុំ​ចង់​ញ៉ាំ​អី​ខ្ញុំ​ចេះ​ធ្វើ​គ្រប់មុខ ដោយសារ​ខ្ញុំ​មើល​យូ​ធូប ខណៈ​ពេល​ស្វាមី​ខ្ញុំ​មួយ​ខែ​ទើប​គាត់​មក​ផ្ទះ​ម្តង​។

នាង​បញ្ជាក់​ថា ខ្មែរ​យើង​នៅ​ប្រទេស​អូស្ត្រាលី គាត់​សរសើរ​យើង​ថា ផ្ទះ​មួយ​យើង​អាច​នៅ​ម្នាក់ឯង​បាន​ទាំង​ដែល​យើង​ជា​មនុស្ស​ម្នាក់​ដែល​ខ្លាច​ខ្មោច​បំផុត ហើយ​ពេល​ទៅ​ពេទ្យ​ពិនិត្យ​ផ្ទៃពោះ​ម្តង​ៗ គឺ​យើង​ទៅ​ដោយ​ខ្លួនឯង ទាំង​ដែល​ភាសា​អង់គ្លេស​បែប​បច្ចេកទេស​នាង​មិន​អាច​ស្តាប់​។

នាង​បន្ថែម​ថា ជា​ធម្មតា នាង​មាន​ជំងឺហឺត ហេតុនេះ​ពេល​ដែល​កំពុង​ពពោះ​នោះ នាង​មាន​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង ប៉ុន្តែ​នាង​មិន​មាន​អ្នក​ជួយ​មើល​ឡើយ ដោយពេល​ខ្លះ​បន្ទាន់​ខ្លាំង នាង​ក៏​ត្រូវ​ហៅ​ឡានពេទ្យ​ដោយ​ខ្លួនឯង និង​ទៅ​ពេទ្យ​តែ​ម្នាក់ឯង​។

គឹ​ម លី​ហ្សា បាន​អះអាង​បន្ថែម​ថា ភាព​ឯកា ជាមួយនឹង​ការ​ពពោះ​កូន​នៅ​ក្នុង​ផ្ទៃ​ទៀត​នោះ​បាន​ធ្វើ​ឲ្យ​អារម្មណ៍​របស់​នាង​មានការ​ព្រួយបារម្ភ និង​ភិតភ័យ​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​នៅ​ពេល​សម្រាល ដោយ​នាង​បាន​បើករថយន្ត​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​តែ​ម្នាក់ឯង ព្រោះ​ស្វាមី​របស់​នាង​មក​មិន​ទាន់​ឡើយ​។

នាង​ថា ក្រោយ​ពេល​សម្រាលកូន​ដោយ​វះកាត់​នោះ នាង​ក៏​នៅ​មន្ទីរពេទ្យ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ហើយ​អំឡុង​ពេល​នោះ នាង​មានការ​អាឡែកហ្ស៊ី​ជាមួយនឹង​ថ្នាំ​ផ្សះ​ដែល​ធ្វើ​ឲ្យ​នាង​ហើម​មុខ ដូច្នេះ​នាង​ត្រូវ​និយាយ​ជាមួយ​ពេទ្យ​ដោយ​ខ្លួនឯង ប៉ុន្តែ​ពេល​នោះ នាង​ក៏​ទទួល​បានការ​លើកទឹកចិត្ត​ពី​ក្រុម​គ្រូពេទ្យ​ផង​ដែរ​។

នាង​បញ្ជាក់​ថា ក្រោយ​សម្រាល​នោះ ស្វាមី​របស់​នាង​អាច​នៅ​កំដរ​មើលថែ​នាង​បាន​ត្រឹម​មួ​យស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ ហេតុ​ក្រោយ​នាង​សម្រាលកូន​ដោយ​វះកាត់​មួ​យស​ប្តា​ហ៍​ក្រោយមក គឺ​នាង​ត្រូវ​នៅ​ម្នាក់ឯង​ទៀត​។

យ៉ាងណា បើ​តាម​អ្នក​នាង គឹ​ម លី​ហ្សា ថា នាង​មិន​នឹក​ស្មានថា​ជីវិត​នៅ​ស្រុក​ក្រៅ​របស់​នាង​ជួប​រឿង​ពិបាក​បែប​នេះ​ឡើយ បើ​ទោះបីជា​នាង​មិន​ពិបាក​រឿង​លុយកាក់ ប៉ុន្តែ​មាន​លុយ​ក៏​នាង​មិន​អាច​ជួល​អ្នក​ណា​មក​ជួយ​មើលថែ​យើង និង​កូន​បាន​ឡើយ ផ្ទុយ​ពី​នៅ​ស្រុក​ខ្មែរ​ដែល​មាន​ម្តាយ និង​បងប្អូន​អាច​ជួយ​មើល​យើង​បាន​។

គឹ​ម លី​ហ្សា បាន​លើក​ឡើង​ថា អ្វី​ដែល​នាង​និយាយ​ខាងលើ​នេះ មិនមែន​មាន​ន័យ​ថា​នាង​កំសត់​ជាងគេ​ទេ ពោល​ក៏​មាន​អ្នក​ដទៃ​ទៀត​ក៏​ជួប​បញ្ហា​ដូច​ជា​យើង​ដែរ ប៉ុន្តែ​អ្វី​ដែល​នាង​តូចចិត្ត​នោះ គឺ​ដោយសារ​ជីវិត​របស់​នាង​នៅ​ពេល​នោះ វា​បាន​ផ្លាស់​ប្តូរ​លឿន​ពេក ស្ទើរ​ទទួលយក​មិន ខណៈ​ពេល​ដែល​នាង​ធ្លាប់​រស់នៅ​ជាមួយ​គ្រួសារ​នាង​មិន​ដែល​ជួប​រឿង​បែប​នេះ​ឡើយ​។

ជា​ការ​កត់សម្គាល់​អ្នក​នាង គឹ​ម លី​ហ្សា បាន​សម្រេច​ចូល​រោងការ​ជាមួយ​បុរស​ខ្មែរ​អា​ណិ​ជន​អូស្ត្រាលី​ឈ្មោះ គាវ វុ​ទ្ធី កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ បន្ទាប់​ពី​អ្នក​ទាំង​ពីរ បាន​កសាង​ចំណង​ស្នេហ៍​ជាមួយ​គ្នា​អស់​រយៈពេល​ប្រមាណ​ជា​៣​ឆ្នាំ ខណៈ​ពេល​បច្ចុប្បន្ន​នាង​ទទួល​បានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ​រួច​ហើយ​។ ហើយ​បច្ចុប្បន្ន តារា​ស្រី​រូប​នេះ​ក៏​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ជាមួយ​កូនប្រុស​របស់​នាង ដោយ​ក្នុង​នោះ​នាង​កំពុង​ចាប់​មុខរបរ​រ​ស៊ី​ផ្ទាល់ខ្លួន​មួយ​ចំនួន​នៅ​ក្នុង​ដៃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ