ព្រោះតែជំនឿប្រាសចាកបញ្ញា បានធ្វើឱ្យមនុស្សមួយចំនួនជឿលើជំនឿបែបអរូបី លើរឿងហេតុ និងលើបាតុភូតផ្សេងៗ ដែលប្រាសចាកពីទ្រឹស្តីព្រះពុទ្ធសាសនាស្រឡះ និងជាជំនឿគ្មានការណ៍ពិតដែលជំនឿទាំងនោះមិនត្រឹមតែមិនបានផលអ្វីនោះទេ តែថែមទាំងនាំឱ្យខូចប្រយោជន៍ប៉ះពាល់ទាំងសុខភាពទៀតផង ។
![Picture]()
ជាក់ស្តែងមនុស្សមួយចំនួនហាក់ដូចជា ផ្ញើវាសនា ផ្ញើសុខទុក្ខរបស់ខ្លួន ទៅនឹងខ្សែអំបោះ ឬខ្សែសីមាថា បើកាលណាបានពាក់ខ្សែអំបោះទាំងនោះនៅលើកដៃ កជើង ឬនៅនឹងក ខ្សែអំបោះទាំងនោះនឹងជួយពួកគេឱ្យបានសុខសប្បាយ មានលាភមានសំណាង ទៅណាមកណាមានគេស្រឡាញ់រាប់អាន ។
តែផ្ទុយទៅវិញខ្សែអំបោះដែលពាក់នៅលើ.ក មិនត្រឹមតែមិនបានផ្តល់ប្រយោជន៍នោះទេ តែខ្សែអំបោះទាំងនោះថែមទាំងផ្តល់ហានិភ័យខ្ពស់ដល់អ្នកពាក់វាទៀតផង ព្រោះនៅតាមសរសៃខ្សែអំបោះនោះបណ្តុំទៅដោយមេរោគច្រើនបែប ច្រើនប្រភេទណាស់ ។ មេរោគនេះហើយ ដែលឆ្លងចូលទៅក្នុងរាងកាយរបស់យើងបង្កទៅជាជំងឺផ្សេងៗមាន រលាកផ្លូវដង្ហើម រលាកបំពង់ក រលាកក្រពះពោះវៀនជាដើម ។
![Picture]()
សូមមើលការពន្យល់របស់លោកវេជ្ជបណ្ឌិតមួយរូបដូចតទៅ ៖
កុមារដែលមានចងខ្សែអំបោះខ្សែសីមាពាក់ជាប់កដៃ កជើង និងក ដែលខ្សែទាំងនោះ គឺជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ ក្មេងដែលខ្ញុំជួប១០០នាក់ មានប្រហែល៩០នាក់ ហើយសុទ្ធតែមានខ្សែអំបោះខ្សែសីមាពាក់ជាប់នឹងដៃ ជើង និងក ដែលខ្សែទាំងនេះជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ និងមានចំនួនរាប់រយលានមេរោគ ហើយគាប់ជួននឹងប្រព័ន្ធការពារក្មេងនៅខ្សោយផង ដែលជាហេតុនាំឱ្យក្មេងងាយឈឺងាយឆ្លងបំផុត ។
![Picture]()
ព្រោះវាឆ្លងតាមការចាប់កាន់ និងបៀម និងជាញឹកញាប់បំផុតធ្វើឱ្យក្មេងមានជំងឺ រលាកបំពង់ក រលាកផ្លូវដង្ហើម រលាកក្រពះពោះវៀន ដោយមេរោគ ដែលជំងឺទាំងអស់នេះអាចនាំឱ្យមានផលវិបាកខូចដល់តម្រងនោម ប្រឹសបេះដូង និងសន្លាក់កូនក្មេង ។
ការចិញ្ចឹមក្មេងរបស់ឪពុកម្តាយស្រុកខ្មែរមានការយល់ដឹងទាបខ្លាំងមែនទែន រឹតតែយ៉ាប់អ្នកដែលនៅតាមជនបទស្រុកស្រែចម្ការ ។ បញ្ហាអនាម័យ ជំនឿផ្តេសផ្តាស ទម្លាប់ផ្តេសផ្តាស បញ្ហាអាហារូបត្ថម្ភ ការបង្រៀនកូន ការផ្តល់គំនិតខុសឆ្គង សរុបមកការថែទាំទាំងផ្នែករាងកាយ និងការផ្តល់គំនិតបញ្ញាគឺមានការខ្វះខាតច្រើនពោលគឺនៅមានកម្រិតនៅឡើយ ។
![Picture]()
ភាគរយកុមារកម្ពុជាច្រើនណាស់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ ដែលភាគច្រើនមិនមែនដោយសារខ្វះអាហារហូបនោះទេ តែដោយសារការយល់ដឹងរបស់ឪពុកម្តាយនៅទាប ។ ក្មេងជាទំពាំងស្នងឫស្សី ចុះបើក្មេងស្រុកយើងភាគច្រើនខ្សោយរាងកាយ បញ្ញា ស្មារតីទៅហើយតើប្រទេសយើងនឹងរីកចម្រើនទៅថ្ងៃមុនយ៉ាងម៉េចនឹងកើតទៅ! ។
រឿងជឿលើជំនឿផ្សេងៗ វាជាសិទ្ធិសេរីភាពរបស់អ្នកជឿមែនហើយ តែការជឿត្រូវមានហេតុផល ហើយត្រូវប្រកបដោយបញ្ញាពិចារណាផងព្រោះជំនឿខ្លះមិនមែនត្រឹមតែមិនផ្តល់ផលប្រយោជន៍ដល់អ្នកជឿនោះទេ តែថែមទាំងធ្វើឱ្យខូចប្រយោជន៍ ខាតពេលវេលា ខូចទាំងសុខភាព បាត់បង់ទាំងទ្រព្យសម្បត្តិទៀតផង ៕
ចែករំលែកព័តមាននេះ