ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​នឹង​សម្រេច​បាន​10,5​លាន​តោន កើនឡើង​11​ភាគរយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្លែង​ថា ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ នឹង​សម្រេច​បាន​ចំនួន​១០,៥​លាន​តោន កើនឡើង​១១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្លែង​ថា ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ នឹង​សម្រេច​បាន​ចំនួន​១០,៥​លាន​តោន កើនឡើង​១១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ការ​ប្រមូល​ផល​រហូត​មក​ទល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​៦០% ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ កន្លង​មក​ថា រហូត​មក​ទល់​ពេល​នេះ ការ​ប្រមូល​ផល​ស្រូវ​សម្រេច​បាន​ជាង​៦០%​ហើយ ដោយ​ក្រសួង​រំពឹង​ថា ទិន្នផល​ស្រូវ​ប្រមូល​បាន​នៅ​ឆ្នាំ​នេះ នឹង​មាន​កំណើន​រហូត​ដល់​១១% ខណៈ​រយៈពេល​១០​ឆ្នាំ​មកនេះ ទិន្នផល​ស្រូវ​កើនឡើង​ត្រឹមតែ​៤,៥%​ប្រចាំឆ្នាំ​ប៉ុណ្ណោះ​។ ចំពោះ​តម្លៃ​ស្រូវ​ឆ្នាំ​នេះ មិន​មាន​បញ្ហា​ទេ ដោយ​តម្លៃ​ស្រូវ​ក្រអូប​មាន​តម្លៃ​៩៩១​រៀល និង​ស្រូវ​សរីរាង្គ​ដែល​សហគមន៍​កសិករ​បាន​ចុះ​កិច្ចសន្យា​ជា​មួយ​ក្រុម​ហ៊ុន មាន​តម្លៃ​១.២០០​ទៅ​១.៣០០​រៀល​ក្នុង​១​គីឡូក្រាម ។

លោក​មាន​ប្រសាសន៍​ថា ៖ « អ្វី​ជា​ការ​លំបាក​របស់​ប្រជា​កសិករ​សព្វ​ថ្ងៃនេះ គឺ​ទិន្នផល​ស្រូវ​មាន​កំណើន​ទាប ដោយ​ដី​១​ហិ​កតា​ប្រមូល​ផល​បាន​តែ​៣​ទៅ​៤​តោន ។ ទិន្នផល​បែប​នេះ​មិន​អាច​ជួយ​កសិករ​រក​ប្រាក់​ចំណេញ​បាន​ទេ​។ ក្រសួង​កំពុង​គិតគូរ​ធ្វើ​យ៉ាងណា​ឲ្យ​ទិន្នផល​កើនឡើង​ចន្លោះ​ពី​៦​ទៅ​៧​តោន​ក្នុង​១​ហិ​កតា ទើប​កសិករ​អាច​រក​ប្រាក់​ចំណេញ​បាន » ។

លោក វេ​ង សា​ខុន បន្ត​ថា ក្រសួង​បាន​និង​កំពុង​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ជួយ​កែសម្រួល​ធ្វើ​យ៉ាងណា​ឲ្យ​ប្រព័ន្ធ​ប្រឡាយ​អាច​បង្ហូរទឹក​ចូល​ស្រែ​បាន​ដោយ​ផ្ទាល់ ជា​ជាង​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​កើនឡើង​ខ្ពស់ ។ ក្រសួង​ក៏​បាន​និង​កំពុង​ជំរុញ​ឲ្យ​មានការ​ចងក្រង​សហគមន៍​កសិករ​ដើម្បី​ធ្វើស្រែ​សរីរាង្គ និង​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ ដើម្បី​ធានា​តម្លៃ​ស្រូវ​ប្រកបដោយ​ស្ថិរភាព និង​អាច​ជួយ​កសិករ​បាន ។

លោក​បន្ត​ទៀត​ថា វិស័យ​កសិកម្ម​កាលពីមុន​រួមចំណែក​ប្រមាណ​៨០% នៃ​ផលទុនជាតិ​សរុប ប៉ុន្តែ​បច្ចុប្បន្ន ការ​រួមចំណែក​របស់​វិស័យ​នេះ បាន​ធ្លាក់​មក​នៅ​ក្នុង​រង្វង់​២៨% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប៉ុណ្ណោះ ។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ ដែល​បាន​ឃ្លាំមើល​ដំណើរ​វិវត្តន៍​វិស័យ​នេះ​ជា​យូរ​មក​ហើយ​ថ្លែង​ថា ការ​ធ្វើស្រែ​មិនសូវ​ចំណេញ​ច្រើន​ទេ ហើយ​ទំហំ​នៃ​ការ​ធ្វើស្រែ​ក៏​មាន​ច្រើន​ផង​ដែរ​។ ហេតុនេះ ក្រសួង​គួរតែ​គិតគូរ​ពី​ផែនការ​ច្បាស់លាស់​ដើម្បី​ផ្តល់​ជម្រើស​ដល់​កសិករ​ដាំ​ដំណាំ​រួម​ផ្សំ​ដទៃ​ទៀត ដោយ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​កសិកម្ម​ឲ្យ​មាន​ភាពល្អ​ប្រសើរ និង​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​ពិតប្រាកដ ។

លោក​បន្ត​ថា ៖ « ការ​ស្វែងរក​ទីផ្សារ​ជា​មុន មុន​ធ្វើការ​ផលិត​ជា​ការ​សំខាន់​ណាស់ ដែល​ត្រូវធ្វើ​ដើម្បី​ឲ្យ​ប្រាកដ​ថា ផលិតផល​កសិកម្ម​ដែល​ផលិត​បាន​មាន​ទីផ្សារ​ពិតប្រាកដ មិនមែន​ផលិត​បាន​ហើយ ទើប​រក​ទីផ្សារ​នោះ​ទេ ។ វិស័យ​កសិកម្ម​បាន​ស្ថិត​ក្នុង​សភាព​ទ្រឹង ដូច្នេះ​ទាមទារ​ឲ្យ​មាន​ផែនការមេ​ច្បាស់លាស់ ដើម្បី​លើក​ស្ទួយ​វិស័យ​នេះ​ឲ្យ​មាន​កំណើន​ឡើង​វិញ​» ៕