ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌដង្កោ​បង្ក្រាប​ទីតាំង​លួច​ផលិត​ឯកសារ​ក្លែងក្លាយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជឹ​ម ស៊ីថា អធិការ​នគរបាល​ខណ្ឌ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ  ជឹ​ម ស៊ីថា អធិការ​នគរបាល​ខណ្ឌ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​បក្សពួក​ដទៃ​ទៀត បើក​ទីតាំង​ផលិត និង​បោះពុម្ព​ក្លែងក្លាយ​ឯកសារ​ពន្ធ កាត​គ្រី ក្រដាស​ឆៀក សលាក​ប័ត្រ ព្រមទាំង​ប័ណ្ណបើកបរ​រថយន្ត​និង​ម៉ូតូ​ក្លែងក្លាយ​មួយ​កន្លែង ។

ការ​ចាប់ខ្លួន​ខាងលើ​នោះ បន្ទាប់​ពី​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​៣​ខែ​កន្លង​មក​ហើយ ខណៈ​ពេល​ដែល​ទីតាំង​ខាងលើ​នោះ មាន​មនុស្ស​ចេញ​-​ចូល​ៗ​មិន​ដែល​ដាច់​ធ្វើ​ឲ្យ​មានការ​សង្ស័យ​។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៣ ធ្នូ ចំណុច​ផ្លូវ​ជិត​បឹង​តា​ម៉ាត ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ក្រោយ​ពេល​ចាប់ខ្លួន កម្លាំង​នគរបាល​ខាងលើ បាន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន បានដឹង​សាច់​រឿង​ទើប​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ លោក​អធិការ​នគរបាល​ខណ្ឌ បាន​ដាក់​កម្លាំង​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​សង្ស័យ តាម​ការ​ចង្អុលបង្ហាញ​ពី​ជន​នោះ គឺ​ស្ថិត​នៅ​ចំណុច ផ្ទះ​លេខ ៧១A ផ្លូវ​លេខ​៩ បុរី​ពិភព​ថ្មី ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​លោក​អធិការ​រូប​នោះ បាន​រាយការណ៍​ជូន​លោកស្នងការ និង​សុំ​គោលការណ៍​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ឆែកឆេរ​ទីតាំង​នោះ ដោយ​បាន​រាយការណ៍​សុំ​ការ​សហការ​ពី​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ មន្ត្រី​គយ មន្ត្រី​ពន្ធដារ និង​បាន​ចុះ​ទៅ​ឆែកឆេរ​ទីតាំង​ខាងលើ​នោះ នា​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ធ្នូ ។

យុវជន​ដែល​ជា​អ្នក​ផលិត​និង​បោះ​ពុ​ម្ភ​ឯកសារ​ពន្ធ​រថយន្ត​និង​ម៉ូតូ​ក្លែងក្លាយ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ ឃាត់​ខ្លូ​ន​បាន​នោះ​ឈ្មោះ ហ៊​ត ចិន អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ចំណុច​ផ្ទះ​ដែល​ត្រូវ​ឆែក ឆេរ​ខាងលើ​នោះ ។ ចំណែក​បក្សពួក​មួយ​ចំនួន​ទៀត បាន​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល ព្រោះ​នៅ​ក្នុង​ខណៈ​ពេល​ដែល​កម្លាំង​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​នោះ ជន​ខាងលើ​បាន​ទូរស័ព្ទ​ឲ្យ​បក្សពួក​រត់គេច​ខ្លួន​បាត់​អស់ មុន​ពេល​នគរបាល​ទៅ​ដល់ ។

លោក​វរសេនីយ៍ទោ ជឹ​ម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សម្បុក​ផលិត និង​បោះពុម្ព​ប័ណ្ណ​យានយន្ត​ក្លែងក្លាយ​ខាងលើ​នោះ កម្លាំង​ដកហូត​បាន​ឯកសារ​ក្លែងក្លាយ ពាក់ព័ន្ធ​ជាមួយ​ស្ថាប័ន​គយ​មាន ពុម្ព​ធ្វើ​សា​លក​ប័ត្រ​រថយន្ត​ចំនួន​១៣​បន្ទះ​ធ្វើ​ពី​ដែក​, សា​លាក​ប័ត្រ​រថយន្ត ធុន​ដឹក​ជញ្ជូន​, រថយន្ត​ទេសចរណ៍​, រថយន្ត​ផ្សេង​ៗ​ទៀត​ជា​ច្រើន​សន្លឹក ។ ឧបករណ៍​សម្រាប់​ផលិត​មាន​ដូច​ជា ម៉ាស៊ីន​សង្កត់​ពណ៌​២​គ្រឿង​, ម៉ាស៊ីន​ម៉ាក Mimaki ពណ៌​ស​ចំនួន​១​គ្រឿង​, ឯកសារ​មួយ​ចំនួន​, ម៉ាស៊ីន​ព្រី​ន​២​គ្រឿង​, ម៉ាស៊ីន​អ៊ុតកាត ពណ៌​ស​បូក​ខ្មៅ​១​គ្រឿង​, CPU​កុំព្យូទ័រ​២​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​កាត​១​គ្រឿង​, ពុម្ព​និង​ត្រា​ចំនួន​២០, តុ​១, កង្ហារ​១​គ្រឿង​, កេស​ដាក់​ឯកសារ​ចំនួន​៣, កន្ត្រៃ​កាត់​ចំនួន​២០, ខ្សែភ្លើង​មួយ​ចំនួន​។ លោក​អធិការ​បាន​បន្ត​ថា ដោយឡែក​សម្ភារ​ពាក់ព័ន្ធ​ជាមួយ​អង្គភាព​ពន្ធដារ​មាន​ដូច​ជា តែម​សារពើពន្ធ​ចំនួន​៩៨១​សន្លឹក (​ប្រភេទ​៥០០​រៀល​), ប័ណ្ណ​បង់ពន្ធ លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ចំនួន​១.០៤២​សន្លឹក​, ត្រា​សាខា​ពន្ធដារ ខណ្ឌចំការមន​, ខណ្ឌ​សែន​សុខ​, ខណ្ឌឫស្សីកែវ​, ខណ្ឌមានជ័យ ,​ពុម្ព​សម្រាប់​បិទ​ក្នុង​ប័ណ្ណ​ចំនួន​៧៦៥​សន្លឹក ។

ចំណែក​ឯកសារ​ពាក់ព័ន្ធ និង​អង្គភាព​សាធារណការ និង​ជញ្ជូន រួម​មាន ប័ណ្ណ​សម្គាល់​យានយន្ត​បោះពុម្ព​រួច រាជធានី​ភ្នំពេញ​ចំនួន​៨០​សន្លឹក​, បណ្តា​ខេត្ត​ចំនួន​១៩​សន្លឹក​, ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត បោះពុម្ព​រួច​រាជធានី​ភ្នំពេញ​ចំនួន​៤៥​សន្លឹក​, បណ្តា​ខេត្ត​ចំនួន​៣៤​សន្លឹក​, ប័ណ្ណបើកបរ​រាជធានី​ភ្នំពេញ ចំនួន​៣០​សន្លឹក​, អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ចំនួន​៣៦​សន្លឹក​, ប័ណ្ណបើកបរ​ត្រឹមត្រូវ​ច្បាប់​ដើម​១​សន្លឹក​, ប័ណ្ណ​មិន​ទាន់​បោះពុម្ព និង​បោះពុម្ព​ខុស​ចំនួន​៩០​សន្លឹក​, ប័ណ្ណ​សម្គាល់​យានយន្ត​មិន​ទាន់​បោះពុម្ព​ចំនួន​២៤២​សន្លឹក​, ប័ណ្ណបើកបរ មិន​ទាន់​បោះពុម្ព​ចំនួន​៨៣​សន្លឹក​, វិ​ញ្ញាប​ន​ប័ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ចំនួន​៤១០​សន្លឹក​, លិខិតអនុញ្ញាត​អាជីវកម្ម​យានយន្ត  ចំនួន​៥៩៨​សន្លឹក​, ឯកសារ​ពិនិត្យ​បច្ចេកទេស​យានយន្ត​ចំនួន​២៥​សន្លឹក​, ស្ទីក​ឃ័​រ​បិទ​លើ​កញ្ចក់​រថយន្ត ចំនួន​១២៦១​សន្លឹក​, ឡូ​ហ្គោ​ព្រះ​នរាយណ៍​តូច​ចំនួន​២៣០៣​សន្លឹក​, ឡូ​ហ្គោ​ព្រះ​នរាយ​ធំ​ចំនួន​១៣៧៦​សន្លឹក ។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ការ​បង្កើត​ផលិត​និង​បោះពុម្ព​ក្លែង​ក​ក្លាយ​រាល់​ឯកសារ​យានយន្ត​ខាងលើ​គឺជា​ទ​ង្វើ​ខុសច្បាប់ ព្រោះ​បាន​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ ហើយ​មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ទិញ​យ៉ាងច្រើន ព្រោះ​ក្រុម​ជន សង្ស័យ​លក់​ក្នុង​តម្លៃ​ថោក​ៗ ប៉ុន្តែ​អ្នក​ដែល​ទៅ​ទិញ​ប្រើ​នោះ មិន​បាន​គិត​ថា​ជា​ទ​ង្វើ​ខុសច្បាប់​នោះ​ឡើយ ។ នៅ​មិន​ទាន់​ដឹង​ថា អ្នក​ដែល​ទៅ​ទិញ​យក​ប្រើប្រាស់​នោះ​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ព្រោះ​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ និង​សួរនាំ​ជនសង្ស័យ​ខាងលើ​នោះ​នៅឡើយ ៕