ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ក្នុងស្រុក​វិនិយោគ​50​លាន​ដុល្លារ​លើ​សណ្ឋាគារ​កម្រិត​ផ្កាយ​5 ខេត្ត​ព្រះ​សីហ​នុ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ​មួយ​កម្រិត​ផ្កាយ​៥ ដែល​បោះទុន​៥០​លាន​ដុល្លារ​បើក​ដំណើរការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​ខាង​មុខ ពេល​នេះ​ការ​សាងសង់​បាន​បញ្ចប់​គ្រោង​អគារ​ទាំងស្រុង​ហើយ ។

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ​មួយ​កម្រិត​ផ្កាយ​៥ ដែល​បោះទុន​៥០​លាន​ដុល្លារ​បើក​ដំណើរការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​ខាង​មុខ ពេល​នេះ​ការ​សាងសង់​បាន​បញ្ចប់​គ្រោង​អគារ​ទាំងស្រុង​ហើយ ។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន អគ្គ នាយករង​បុរី​គុ​ជ​អាស៊ី ខេត្ត​ព្រះ​សីហ​នុ ថ្លែង​ថា ការ​សាងសង់​សណ្ឋាគារ​កម្ពស់​១៨​ជាន់ បាន​បញ្ចប់​គ្រោង​អគារ​ហើយ​នា​ពេល​នេះ និង​គ្រោង​បើក​ដំណើរការ​នៅ​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​។ សណ្ឋាគារ​នេះ​នឹង​ដាក់​ឈ្មោះ​ថា Intercon2 ដែល​មាន​សេវាកម្ម​គ្រប់​បែប​យ៉ាង ទាំង​កាស៊ីណូ Night Club ភោជនីយ​ដ្ឋាន អាង​ហែល​ទឹក​បែប​ធម្មជាតិ​ធំ​ជាងគេ​ប្រវែង​រហូត​ដល់​ជាង​១០០​ម៉ែត្រ សាល​រៀបចំ​កម្មវិធី​ជប់លៀង​អាច​ដាក់​បាន​១០០​ទៅ​២០០​តុ ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ជា​ដើម។ លោក​បន្ត​ថា ៖ «​ខេត្ត​ព្រះ​សី​ហនុមាន​ការ​ប្រកួតប្រជែង​ច្រើន​លើ​វិស័យ​បដិសណ្ឋារកិច្ច ប៉ុន្តែ​ក្រុមហ៊ុន​មិន​មានការ​ព្រួយបារម្ភ​នោះ​ទេ ដោយសារ​កំណើន​នៃ​ការ​អភិវឌ្ឍ និង​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើន​នៅ​ក្នុង​ខេត្ត​នេះ » ។

សណ្ឋាគារ​នេះ​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ។

លោក ឌិន សុមេធា​រិ​ទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា ថ្លែង​ថា ការ​វិនិយោគ​បន្ថែម​លើ​សណ្ឋាគារ​កម្រិត​ផ្កាយ​៥ អាច​ដំណើរការ​ទៅ​បាន ព្រោះ​វា​ទាមទារ​ឲ្យ​មានការ​ប្រកួត​ប្រជែង​ច្រើន​បន្ថែម​ទៀត​សម្រាប់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​រដូវ​មិនសូវ​សម្បូរ​ភ្ញៀវ គឺ​សណ្ឋាគារ​មួយ​ចំនួន​អាច​មាន​បញ្ហា​។ វា​ទាមទារ​ឲ្យ​មានការ​ខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ភ្ជាប់​ផ្លូវអាកាស​ទៅ​កាន់​ខេត្ត​នេះ​នៅ​តែ​អាច​ដំណើរការ​បាន​ល្អ ។ លោក​បន្ត​ថា ៖ « បច្ចុប្បន្ន ខេត្ត​ព្រះ​សីហ​នុ​មិនសូវ​មានការ​ផ្គត់ផ្គង់​សណ្ឋាគារ​ថ្មី​ៗ​នោះ​ទេ គឺ​មាន​តែ​អ្នក​វិនិយោគ​ថ្មី​ៗ ពិសេស អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​បាន​ជួល​សណ្ឋាគារ​មួយ​ចំនួន​បើក​កាស៊ីណូ​នៅ​ក្នុង​ខេត្ត​នេះ » ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ឲ្យ​ដឹង​ថា ខេត្ត​ព្រះ​សីហ​នុ មាន​សណ្ឋាគារ​សរុប​ចំនួន​៧៤ និង​ផ្ទះសំណាក់​សរុប​២៩៩​កន្លែង ដែល​មាន​បន្ទប់​ប្រមាណ​៨.០០០​បន្ទប់ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា សណ្ឋាគារ​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​ភាពល្អ​ប្រសើរ បើ​ធៀប​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​ទាមទារ​ឲ្យ​មានការ​កែ​លម្អ​បន្ថែម​ទៀត លើ​សេវាកម្ម​បដិសណ្ឋារកិច្ច ការ​រចនា​បន្ទប់ និង​បរិស្ថាន​ជុំវិញ​សណ្ឋាគារ​ទាំងនោះ ។ លោក​បន្ត​ថា ៖ « យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត លើ​ផ្នែក​ធនធានមនុស្ស និង​សេវា​បដិសណ្ឋារកិច្ច ដោយ​រៀន​ពី​ប្រទេស​ជិតខាង កុំ​មោទនភាព​លើ​អ្វី​ដែល​ខ្លួន​ធ្វើ ហើយ​គិត​ថា​គ្រប់គ្រាន់ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ»៕