ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណេញ​អេ​ស៊ី​លី​ដា កើន​ដល់​130​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៦​នេះ ធនាគារ​អេ​ស៊ី​លី​ដា​រក​ប្រាក់​ចំណេញ​បាន​១៣០​លាន​ដុល្លារ កើន​៣០​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៦​នេះ ធនាគារ​អេ​ស៊ី​លី​ដា​រក​ប្រាក់​ចំណេញ​បាន​១៣០​លាន​ដុល្លារ កើន​៣០​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក អិុ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ធ្នូ ថា ប្រាក់​ចំណេញ​របស់​អេ​ស៊ី​លី​ដា​ឆ្នាំ​នេះ​បាន​កើន​ដល់​១៣០​លាន​ដុល្លារ ដោយ​កើន​ពី​១០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។ ឥណទាន​អេ​ស៊ី​លី​ដា​ឆ្នាំ​នេះ សម្រេច​បាន​កំណើន​១៣% និង​រំពឹង​ថាស​ម្រេច​បាន​កំណើន​១៦%​នៅ​ឆ្នាំ​២០១៧​ខាង​មុខ ។ លោក​បន្ត​ថា ទំហំ​ទឹកប្រាក់​បញ្ញើ​របស់​អតិថិជន ក៏​មានការ​កើនឡើង​ផង​ដែរ​នៅ​ឆ្នាំ​នេះ គឺ​កើន​ពី​៣.១៧១​លាន​ដុល្លារ ដល់​៣.៨០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ ។

លោក​ថ្លែង​ថា ៖ « គុណភាព​ឥណទាន​នៅ​ឆ្នាំ​នេះ មិនសូវ​មាន​សុខភាព​ល្អ​នោះ​ទេ ដោយសារ​គ្រោះ​រាំង​ស្ងួត​កាលពីដើម​ឆ្នាំ និង​កសិផល​របស់​កសិករ​មាន​តម្លៃ​មិនសូវ​ល្អ » ។ លោក​បន្ត​ថា ទ្រព្យសកម្ម​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ឆ្នាំ​នេះ មាន​ទំហំ​៤.៦៧៣​លាន​ដុល្លារ និង​រំពឹង​ថា កើន​ដល់​៥.៣៧៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ ។

លោក អិុ​ន ចាន់​នី បន្ត​ថា ៖ « ប្រាក់​ចំណេញ​របស់​អេ​ស៊ី​លី​ដា​ភាគច្រើន​បាន​មក​ពី​វិស័យ​ឥណទាន ដែល​ផ្តោត​សំខាន់​លើ​ពាណិជ្ជកម្ម កសិកម្ម ការ​ធ្វើ​ជំនួញ និង​ឥណទាន​មួយ​ចំនួន​ទៀត​បាន​មក​ពី​វិស័យ​សេវាកម្ម » ។

ទោះជា​យ៉ាងណា សេដ្ឋវិទូ​កម្ពុជា​បាន​ព្រមាន​ពី​កំណើន​នៃ​ឥណទាន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ដែល​មាន​កំណើន​ខ្ពស់​នៅ​ឆ្នាំ​នេះ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា ឥណទាន​ដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​ឥណទាន​បាន​ផ្តល់​សកម្មភាព​សេដ្ឋកិច្ច​ច្រើន ។ ប៉ុន្តែ​ទំហំ​ឥណទាន​ច្រើន​ពេក ក៏​មាន​ហានិភ័យ​ដល់​សេដ្ឋកិច្ច​ផង​ដែរ​។ ហេតុនេះ ទាមទារ​ឲ្យ​មានការ​ថ្លឹងថ្លែង​ឲ្យ​បាន​ហ្មត់ចត់ ប៉ុន្តែ​ការ​រឹត​បន្តឹង​ពេក ក៏​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​មិន​ដំណើរការ​ល្អ​ដែរ ។ លោក​បន្ត​ថា ៖ « ឥណទាន​ប្រៀប​ដូច​ជា​ខ្លាញ់​នៅ​ក្នុង​ខ្លួន​មនុស្ស មនុស្ស​ត្រូវការ​ខ្លាញ់​ដើម្បី​ឲ្យ​រាង​កាយ​ដំណើរការ ប៉ុន្តែ​រាង​កាយ​ក៏​មិន​ត្រូវការ​ខ្លាញ់​ច្រើន​ពេក​នោះ​ដែរ » ៕