ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​11​ខែ​ស្មើ​ជាង​8​ពាន់​លាន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​១១​ខែ​ឆ្នាំ​នេះ មាន​ទំហំ​រហូត​ដល់​៨.២០០​លាន​ដុល្លារ កើនឡើង​១៧៦,៩៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​១១​ខែ​ឆ្នាំ​នេះ មាន​ទំហំ​រហូត​ដល់​៨.២០០​លាន​ដុល្លារ កើនឡើង​១៧៦,៩៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ កន្លង​មក​ថា កាលពី​ឆ្នាំ​មុន ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​មាន​ទំហំ​ត្រឹមតែ​២.៩៦១​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឆ្នាំ​នេះ​ទំហំ​ទុន​វិនិយោគ​បាន​កើនឡើង​រហូត​ដល់​៨.២០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មាន​ផ្ទៃក្រឡា​សំណង់​ទំហំ​១៤​លាន​ម៉ែត្រការ៉េ ។ សំណង់​ដែល​បាន​ចុះបញ្ជី​ដោយ​អាជ្ញាធរ​រាជធានី ខេត្ត ក្រុង ភាគច្រើន​ជា​សំណង់​ធំ​ៗ អគារ​ពាណិជ្ជកម្ម អគារ​ការិយាល័យ ផ្សារ​ទំនើប ខុន​ដូ អា​ផាត​មិន រោងចក្រ និង​សហគ្រាស​នានា​ជាដើម ។ លោក​បន្ត​ថា ៖ « កំណើន​វិស័យ​សំណង់​ឆ្នាំ​នេះ ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច សន្តិសុខ​ល្អ​ប្រសើរ និង​ឯកសារ​ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា​មាន​ភាព​ងាយស្រួល ។ ការ​ព​ន្លឿ​ន​ការ​អនុម័ត និង​ត្រួតពិនិត្យ​គម្រោង​បាន​ថយ​ចុះ​ពី​៤៥​ថ្ងៃ​មក​២៥​ថ្ងៃ ក៏​ជា​ផ្នែក​សំខាន់​ក្នុង​ការ​លើកទឹកចិត្ត​អ្នក​វិនិយោគ​ផង​ដែរ » ។

កម្ពុជា​បាន​អនុម័ត​ច្បាប់​សហកម្មសិទ្ធិ​កាលពី​ឆ្នាំ​២០១១ ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​វិនិយោគ​លើ​សំណង់​អគារ​សហកម្មសិទ្ធិ​នានា ព្រោះ​ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​ជនបរទេស​អាច​កាន់កាប់​អគារ​ចាប់ពី​ជាន់​ទី​១ ឡើង​ទៅ ។

លោក ឡៅ ទិព្វ​សីហា បន្ត​ថា ក្នុង​ចំណោម​ទុន​វិនិយោគ​ទាំងនេះ មាន​ទុន​វិនិយោគ​ខ្មែរ និង​បរទេស ដោយ​គិត​ពី​ឆ្នាំ​២០០០ ដល់​រយៈពេល​១១​ខែ​ឆ្នាំ​នេះ ការ​បោះទុន​វិនិយោគ​របស់​ជនបរទេស​មាន​ចំនួន​២៩៣​គម្រោង ស្មើនឹង​ទំហំ​ជាង​១៣​លាន​ម៉ែត្រការ៉េ និង​ទុន​វិនិយោគ​សរុប​៤.៤៦២​លាន​ដុល្លារ​អា​មេ​រិ​កមក​ពី​១៨​ប្រទេស ក្នុង​នោះ​វិនិយោគិន​ចិន និង​កូរ៉េ​មាន​ទំហំ​ធំ​ជាងគេ ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong ឱ្យ​ដឹង​ថា វា​ជា​រឿង​អបអរសាទរ​សម្រាប់​ការ​កើនឡើង​នូវ​ទំហំ​ទុន​វិនិយោគ​ចូល​មក​ក្នុង​វិស័យ​នេះ ។ ប៉ុន្តែ​គ្រាន់តែ​ជា​ទុន​ចុះបញ្ជី មិនមែន​មាន​ន័យ​ថា ទុន​ចុះបញ្ជី​ទាំងនេះ​នឹង​ត្រូវ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ទេ ព្រោះ​គម្រោង​ខ្លះ​គ្រាន់តែ​ជា​ការ​លើក​គម្រោង និង​មិន​ទាន់​សាងសង់ ។ វិនិយោគិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា ពួក​គេ​មិន​យក​ទុន​ទាំង​ដុល​មក​បោះទុន ឬ​សាងសង់​ទេ ។ លោក​បន្ត​ថា ៖ « ការ​កើនឡើង​នូវ​ទំហំ​ទុន​វិនិយោគ​ជា​រឿង​ត្រេកអរ តែ​ការ​ធ្វើ​ឲ្យ​គម្រោង និង​ទុន​ទាំងនោះ​ហូរ​ចូល​មក​កម្ពុជា​ជា​រឿង​សំខាន់ គឺ​ឲ្យ​តែ​គេ​មក​វិនិយោគ​នៅ​កម្ពុជា ទោះ​មក​ដល់​ទីណា ក៏​ចំណេញ​ដល់​កម្ពុជា​ដែរ ព្រោះ​វា​រួមចំណែក​ផ្តល់​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ » ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គី​ម ហ៊ា​ង បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​កើនឡើង​យ៉ាង​គំហុក​នៃ​ទុន​វិនិយោគ​នៅ​កម្ពុជា ។ ប៉ុន្តែ​លោក​លើក​ជា​សំណួរ​ថា តើ​ទឹកប្រាក់​ប៉ុន្មាន​ភាគរយ​ដែល​វិនិយោគ​នៅ​កម្ពុជា ព្រោះ​ទុន​បាន​បង្ហាញ​នេះ​ស្ថិត​ក្នុង​គម្រោង​នៅឡើយ ៕