ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ខ្មែរ​មួយ​ក្រុម​អភិវឌ្ឍន៍​តំបន់​ស្ងាត់​ទៅ​ជា​លំនៅ​ឋាន​បែប​ទំនើប

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​អា​ណិ​ក ជន​ខ្មែរ និង​វិនិយោគិន​ខ្មែរ​បាន​ចាប់ដៃ​គ្នា​អភិវឌ្ឍន៍​តំបន់​ស្ងាត់​ទៅ​ជា​លំនៅ​ឋាន​សម្រាប់​បំពេញតម្រូវការ​ដែល​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស នៅ​រាជធានី​ភ្នំពេញ​។

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​អា​ណិ​ក ជន​ខ្មែរ និង​វិនិយោគិន​ខ្មែរ​បាន​ចាប់ដៃ​គ្នា​អភិវឌ្ឍន៍​តំបន់​ស្ងាត់​ទៅ​ជា​លំនៅ​ឋាន​សម្រាប់​បំពេញតម្រូវការ​ដែល​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស នៅ​រាជធានី​ភ្នំពេញ​។ តំបន់​ដែល​វិនិយោគិន​មួយ​ក្រុម​នេះ​បាន​និង​កំពុង​អភិវឌ្ឍន៍​នោះ មើលទៅ​ហាក់ដូចជា​នៅ​ដាច់​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ដោយសារ​តែ​ពី​មុន​មក​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ។ ប៉ុន្តែ​វា​នៅ​ជិត​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មានការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មក តំបន់​នោះ​បាន​ស្ទុះ​ងើប និង​គួរ​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគិន​ជា​ច្រើន ។

លោក មាស ង៉ែត​វាសនា ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន​ណា​គី​គ្រុប ជា​អ្នក​អភិវឌ្ឍន៍​តំបន់​លំនៅ​ឋាន​បែប​ទំនើប​នៅ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ បាន​ឲ្យ​ដឹង​ថា លោក​នឹង​អភិវឌ្ឍ​តំបន់​ដែល​ស្ងាត់​នេះ​ឲ្យ​ទៅ​ជា​តំបន់​លំនៅ​ឋាន និង​មាន​មនុស្ស​រស់នៅ​កុះករ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​។ លោក​មាន​ប្រសាសន៍​ថា ៖ « យើង​កំពុង​មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​នេះ​ទៅ​ជា​តំបន់​លំនៅ​ឋាន​ប្រភេទ​វីឡា ដោយ​ក្នុង​នោះ​យើង​គ្រោង​នឹង​សង់​វីឡា​ជា​៣​ប្រភេទ​សម្រាប់​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង » ។

លោក​បន្ត​ថា ជំហាន​ដំបូង ក្រុមហ៊ុន​នឹង​សាងសង់​វីឡា​ចំនួន​៨៨​សិន ហើយ​នៅ​ជំហាន​បន្តបន្ទាប់​ទៀត ក្រុមហ៊ុន​នឹង​សង់​សម្រាប់​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​មក​ស្នាក់​នៅ​ក្នុង​តំបន់​នេះ ។ លោក​និយាយ​ថា ៖ « គ្រាន់តែ​គម្រោង​ចាប់ផ្ដើម​ភ្លាម មាន​អតិថិជន​មក​កក់​ទិញ​អស់​ប្រមាណ​៤០%​ហើយ ក្នុង​នោះ​មក​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ជាប់​រាជធានី​ភ្នំពេញ​ខ្លះ ។ អ្នក​ទាំងនោះ​ភាគច្រើន​ជា​ពាណិជ្ជករ អាជីវករ និង​ជា​អ្នក​វិនិយោគ​ដែល​ទិញ​សម្រាប់​លក់​បន្ត​វិញ​នៅ​ពេល​គម្រោង​កាន់តែ​រីកសាយ ព្រោះថា​តម្លៃ​ផ្ទះ​មិន​នៅ​នឹង​ដដែល​ទេ វា​នឹង​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ទៀត​នា​ថ្ងៃ​អនាគត » ។

លោក​បន្ថែម​ថា កត្តា​ដែល​ក្រុមហ៊ុន​របស់​លោក​សម្រេចចិត្ត​អភិវឌ្ឍន៍​លំនៅ​ឋាន​ជា​ប្រភេទ​វីឡា​នៅ​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​នេះ ដោយសារ​ក្រុមហ៊ុន​បាន​សិក្សា​មើល​ថា ទៅ​ថ្ងៃ​អនាគត​តំបន់​នោះ​អាច​មានការ​ទាក់ទាញ​ខ្លាំង ព្រោះ​ពេល​នេះ មាន​ផ្លូវ​ធំ​ទូលាយ មាន​ភ្លើង​ស្រាប់ ហើយ​ក៏​ចាប់ផ្ដើម​មាន​សកម្មភាព​ពាណិជ្ជកម្ម​ជា​បណ្ដើរ​ៗ​ដែរ ។ ជាក់ស្ដែង អគារ​តាំង​បង្ហាញ​រថយន្ត​ទំនើប ម៉ាក Mezdes ក៏​កំពុង​សាងសង់​នៅ​ជិត​តំបន់​អភិវឌ្ឍន៍​លំនៅ​ឋាន​ដែរ ។ ដូចនេះ អាច​និយាយ​បាន​ថា បើ​តំបន់​នោះ​គ្មាន​សក្ដានុពល​ទេ ប្រហែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​មិន​មក​បង្កើត​អគារ​តាំង​បង្ហាញ​នៅ​កន្លែង​ហ្នឹង​ដែរ ។ មួយវិញទៀត មូលហេតុ​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​របស់​លោក និង​ដៃគូ​សម្រេច​សាងសង់​វីឡា គឺ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​លំនៅ​ឋាន ។ លោក​និយាយ​ថា ៖ «​យើង​មើលទៅ​តម្លៃ​ដីធ្លី​ដែរ ព្រោះ​ដីធ្លី​នៅ​ទី​នេះ​រាង​ថ្លៃ​បន្តិច ដូចនេះ យើង​ក៏​សម្រេច​សង់​វីឡា​ដែល​អាច​លក់​បាន​ខ្ពស់ តែ​មុន​នឹង​យើង​ដាក់​តម្លៃ​លក់​នោះ ក៏​យើង​បាន​សិក្សា​ជាមួយ​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ជា​ដៃគូ​ដែរ​ថា តើ​គួរ​ដាក់​តម្លៃ​ប៉ុនណា ទើប​អតិថិជន​អាច​មាន​លទ្ធភាព​ទិញ​ស្នាក់​នៅ​បាន » ។

លោក​បញ្ជាក់​ថា គម្រោង​សាងសង់​វីឡា​ជំហាន​ដំបូង​ដែល​មាន​ចំនួន​៨៨​វីឡា​នេះ បាន​និង​កំពុង​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​២,៥​ហិ​កតា ចំណាយ​ទឹកប្រាក់​ប្រមាណ​២៨​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ចាប់ផ្ដើម​សាងសង់​ជា​បណ្ដើរ​ៗ​ហើយ និង​ទទួល​ការ​បញ្ជា​ទិញ​ពី​សំណាក់​អតិថិជន​ជា​បន្តបន្ទាប់​ផង​ដែរ​។  លោក​និយាយ​ថា ៖ « គម្រោង​នេះ​នឹង​ចាប់ផ្ដើម​អនុញ្ញាត​ឲ្យ​អតិថិជន​ចូល​ស្នាក់​នៅ​រយៈពេល​ប្រមាណ​២​ឆ្នាំ​ក្រោយ ហើយ​នៅ​រយៈពេល​២​ឆ្នាំ​ទៀត យើង​នឹង​អភិវឌ្ឍន៍​ឲ្យ​ទៅ​ជា​កន្លែង​អ៊ូអរ មាន​មនុស្ស​រស់នៅ​ច្រើន អាច​ធ្វើ​អាជីវកម្ម ដោយ​មាន​ផ្សារ និង​ហាង​ទំនើប​ៗ​ជាដើម » ។

លោក ឌឹ​ត ច​ណ្ណា នាយក​ក្រុម​អចលនទ្រព្យ​ឡាក់​គី ឲ្យ​ដឹង​ថា តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ អាច​នឹង​មាន​សក្ដានុពល​ល្អ​នា​ពេល​អនាគត ជា​ពិសេស នៅ​ពេល​មហាវិថី​សម្ដេច​តេ​ជោ​ចាប់ផ្ដើម​បើក​ដំណើរការ​នឹង​មាន​ប្រជាជន​កាន់តែ​ច្រើន​ទៅ​កាន់​ទីនោះ ។ ដូចនេះ​ហើយ​ការ​សាងសង់​លំនៅ​ឋាន​សម្រាប់​ផ្គត់ផ្គង់ នឹង​មានឱកាស​កាន់តែ​ខ្ពស់ ។

លោក​បន្ត​ថា ៖ « បើ​យើង​គិត​ឲ្យ​មែនទែន​ទៅ តំបន់​ហ្នឹង​វា​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​ទេ គ្រាន់តែ​ពី​មុន​មិនសូវ​មានការ​អភិវឌ្ឍ អីចឹង​បើ​មានការ​អភិវឌ្ឍ​ហើយ មិន​ខ្វះ​ទេ​អ្នក​ទៅ​រស់នៅ​ទីនោះ ហើយ​ការ​ធ្វើ​អាជីវកម្ម និង​ពាណិជ្ជកម្ម នឹង​មាន​ទៅ​តាម​ហ្នឹង​ដែរ » ៕