ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​បុរី​នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ ទោះបី​ការ​លក់​លំនៅ​ឋាន​ថមថយ​ក្ដី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​បុរី​ថ្មី​នានា​នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ​បុរី​នៅ​កម្ពុជា ខណៈ​ការ​លក់​លំនៅ​ឋាន​ក្នុងឆ្នាំនេះ​មានការ​ថមថយ​ល្បឿន បើ​ធៀប​ជាមួយនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​បុរី​ថ្មី​នានា​នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ​បុរី​នៅ​កម្ពុជា ខណៈ​ការ​លក់​លំនៅ​ឋាន​ក្នុងឆ្នាំនេះ​មានការ​ថមថយ​ល្បឿន បើ​ធៀប​ជាមួយនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក លី សែន​លាភ អគ្គនាយក​ក្រុមហ៊ុន​FURI Real Estate ជា​អ្នក​បោះទុន​វិនិយោគ​លើ​បុរី WOODLAND បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១ ធ្នូ ថា ៖ « បុរី​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ដើមខែ​ធ្នូ ហើយ​គម្រោង​នេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ ។ អ្វី​ដែល​យើង​ធ្វើ គឺ​ធ្វើ​តាម​ជំហាន ទាល់តែ​គម្រោង​មួយ​ជោគជ័យ ទើប​យើង​ធ្វើ​ជំហាន​ថ្មី​ទៀត ។ ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​ថ្មី​របស់​យើង គឺជា​យុទ្ធសាស្ត្រ​ដែល​យើង​សម្លឹង​វែង​ឆ្ងាយ ព្រោះ​ក្រុម​របស់​យើង​បើ​ធ្វើ​អ្វី​ជា​ការ​ចម្លង​ពី​គេ គឺ​យើង​មិន​ធ្វើ​នោះ​ទេ » ។

លោក​បន្ត​ថា គម្រោង​នេះ​មាន​លក្ខណៈ​ពិសេស ដូច​ជា WOODLAND ជា​ប្រភេទ​លំនៅ​ឋាន​ប្រណីត និង​មាន​ចម្ងាយ​៤​គីឡូម៉ែត្រ​ពី​ផ្សារ​ទំនើប AEON ប៉ុណ្ណោះ ។ វា​ជា​គម្រោង​ដែល​មាន​ដើមឈើ​ព័ទ្ធ​ជុំវិញ និង​មាន​ភាព​បៃតង​។ ការ​ឌី​សាញ​លំនៅ​ឋាន​ក្នុង​គម្រោង​នេះ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Ong &Ong ជា​ក្រុមហ៊ុន​ដ៏​ល្បី​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ការ​ឌី​សាញ​លំនៅ​ឋាន​មិន​ធ្វើ​តាម​អ្វី​ដែល​អ្នក​វិនិយោគ​ចង់បាន​នោះ​ទេ តែ​យោង​តាម​ការ​ស្រាវជ្រាវ​ពី​តម្រូវការ និង​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន ។

លោក​បន្ថែម​ថា ម្ចាស់​បុរី​ទាំងអស់​ក្រោយ​ពេល​លក់​ហើយ មិន​មាន​អ្នក​ណា​ផ្តោតអារម្មណ៍​លើ​សេវាកម្ម​ជូន​អតិថិជន ឬ​ម្ចាស់​លំនៅ​ឋាន និង​បាន​គិតគូរ​ពី​បរិស្ថាន​ស្អាត អនាម័យ សន្តិសុខ និង​ពោរពេញ​ដោយ​សេវាកម្ម​នោះ​ទេ ប៉ុន្តែ​ដោយសារ​យើង​បាន​ធ្វើ​ជាមួយ​ក្រុមការងារ​ជំនាញ​គ្រប់គ្រង​អចលនទ្រព្យ ដើម្បី​ផ្តល់​សេវា​ចាំបាច់​នានា​សម្រាប់​អតិថិជន ហើយ​លោក​ជឿ​ថា នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃ មិន​ទាន់​មាន​បុរី​ណា​ធ្វើ​ដូច​យើង​នៅឡើយ​ទេ ។ លោក លី សែន​លាភ មាន​ប្រសាសន៍​ថា ៖ « ការ​ឌី​សាញ​របស់​ស្ថាបត្យករ គឺ​ត្រូវ​ឌី​សាញ​តាម​រយៈ​ការ​ស្តាប់​បុគ្គលិក​ផ្នែក​លក់ ដែល​ពួក​គេ​បាន​ស្តាប់ និង​សិក្សា​ពី​តម្រូវការ​របស់​អតិថិជន ជា​លទ្ធផល អតិថិជន​៩៥%​បាន​ពេញចិត្ត​នូវ​រចនាបថ​ផ្ទះ​ក្នុង​គម្រោង​នេះ » ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​VTRUST Appraisal បាន​បង្ហាញ​ពី​ទីផ្សារ​បុរី​ក្នុង​ខណ្ឌឫស្សីកែវ ឲ្យ​ដឹង​ថា បុរី​នៅ​ក្នុង​ខណ្ឌ​នេះ​មាន​ចំនួន​១២​ពាន់​ល្វែង​នៅ​ដំណាច់ឆ្នាំ​២០១៧​ខាង​មុខ ដោយសារ​មាន​សំណង់ផ្ទះ​ល្វែង និង​បុរី​ធំ​ៗ​ចំនួន​៨ ដែល​អភិវឌ្ឍន៍​លើ​៥០​ទីតាំង បាន​និង​កំពុង​លក់ដាច់​អស់​ប្រមាណ​៨០%​ហើយ ហើយ​គម្រោង​មួយ​ចំនួន​នៅ​តែ​បន្ត​សាងសង់ ព្រោះ​ក្នុង​គម្រោង​លំនៅ​ឋាន​ប្រមាណ​១២​ពាន់​ខ្នង មាន​តែ​៨.០០០​ផ្ទះ​ប៉ុណ្ណោះ​បាន​បញ្ចប់​ការ​សាងសង់ ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ទីផ្សារ​បុរី​នៅ​តែ​មាន​សភាព​វិជ្ជមាន និង​មាន​តម្រូវការ​ខ្ពស់ ដោយសារ​មានការ​គាំទ្រ​ពី​ធនាគារ​នានា​លើ​ការ​ផ្តល់​ឥណទាន​លំនៅ​ឋាន ប្រជាពលរដ្ឋ​ខ្មែរ​រៀប​ការ​ថ្មី​ៗ​ច្រើន​ប្រចាំឆ្នាំ ប្រជាពលរដ្ឋ​ចូល​មក​រស់នៅ​ទីក្រុង​កាន់តែ​ច្រើន និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សង្គម ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក៏​ជំរុញ​ឲ្យ​មាន​កំណើន​តម្រូវការ​លំនៅ​ឋាន​ថ្មី​ៗ​ផង​ដែរ ។

អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា លោក ហ៊ុយ វ​ណ្ណា ថ្លែង​ថា ក្នុង​អំឡុង​ត្រីមាស​ទី​៤​ឆ្នាំ​នេះ មាន​បុរី​មួយ​ចំនួន​បាន​ចាប់ផ្តើម​គម្រោង​ថ្មី ហើយ​ក៏​មាន​វិនិយោគិន​ថ្មី​ៗ​ចាប់ផ្តើម​គម្រោង​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​ក៏​មាន​អ្នក​អភិវឌ្ឍន៍​បុរី​មួយ​ចំនួន​រង់ចាំ​មើល​ស្ថានភាព​នោះ​ដែរ ដោយសារ​ការ​លក់​បុរី​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​កំណើន​យឺត​ជាង​ឆ្នាំ​មុន ។ ប៉ុន្តែ​ប្រសិនជា​យើង​ពិនិត្យ​មើល​ពី​តម្រូវការ លក្ខណៈ​ប្រជាសាស្ត្រ និង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា យើង​អាច​សន្និដ្ឋាន​ថា ទីផ្សារ​បុរី​នៅ​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​សម្រាប់​ពេល​អនាគត ។

មាន​បុរី​តិចតួច​ប៉ុណ្ណោះ​បាន​ចាប់ផ្តើម​គម្រោង​ថ្មី​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ ដូច​ជា បុរី​អ័​រ​គី​ដេ បុរី​វិមាន​ភ្នំពេញ បុរី​ពិភព​ថ្មី និង​បុរី​មួយ​ចំនួន​ទៀត ៕