ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ឥណ្ឌា​សង់ផ្ទះ​ឱ្យ​ជន​ក្រីក្រ​ជា​រង្វាន់​ពិធី​មង្គលការ​កូនស្រី

7 ឆ្នាំ មុន

មហាសេដ្ឋី​ឥណ្ឌា មិន​រៀបចំ​ពិធី​មង្គលការ​កូនស្រី​បែប​ខ្ជះខ្ជាយ​ដូច​មនុស្ស​មួយ​ចំនួន​បាន​ប្រតិបត្ដិ​នា​ពេល​កន្លង​មក​ទេ ប៉ុន្ដែ​បាន​យក​ប្រាក់​ទៅ​សង់ផ្ទះ​ឱ្យ​ជន​ក្រីក្រ ។ ទោះ​ជាយ៉ាង​ណា​ក្ដី​កូនស្រី​ចាត់​ទុក​ថា អ្វី​ដែល​ឪពុក​ប្រតិបត្ដិ

មហាសេដ្ឋី​ឥណ្ឌា មិន​រៀបចំ​ពិធី​មង្គលការ​កូនស្រី​បែប​ខ្ជះខ្ជាយ​ដូច​មនុស្ស​មួយ​ចំនួន​បាន​ប្រតិបត្ដិ​នា​ពេល​កន្លង​មក​ទេ ប៉ុន្ដែ​បាន​យក​ប្រាក់​ទៅ​សង់ផ្ទះ​ឱ្យ​ជន​ក្រីក្រ ។ ទោះ​ជាយ៉ាង​ណា​ក្ដី​កូនស្រី​ចាត់​ទុក​ថា អ្វី​ដែល​ឪពុក​ប្រតិបត្ដិ គឺជា​រង្វាន់​នៃ​អាពាហ៍ពិពាហ៍​ដ៏​មាន​តម្លៃ​សម្រាប់​ខ្លួន​នាង ។

លោក​Ajay Munot រស់នៅ​រដ្ឋ​Maharashtra ប្រទេស​ឥណ្ឌា​ជា​អ្នកជំនួញ​មាន​ប្រាក់​មហាសាល ។ ពិធី​មង្គលការ​កូនស្រី​របស់​លោក​គួរតែ​រៀបចំ​ក្នុង​លក្ខណៈ​អធិកអធម ប៉ុន្ដែ​បែរជា​ជ្រើសរើស​លក្ខណៈ​សប្បុរសធម៌​ដោយ​ចំណាយ​ប្រាក់​សង់ផ្ទះ​ជាង​១០០​ល្វែង ជូន​ដល់​ជន​ក្រីក្រ​វិញ ។

ទឹកចិត្ដ​សប្បុរសធម៌​របស់​លោក​Ajay Munot ត្រូវ​ទី​សារព័ត៌ «​អូ​ឌី​សុ​ី​ទី​សង់​ត្រា​ល់​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​មាន​គម្រោង​ជួល​សណ្ឋាគារ​ដ៏​ស្រស់​ស្អាត​ដើម្បី​ទទួលភ្ញៀវ​ក្នុង​ពេល​រៀប​ការកូន​ស្រី ប៉ុន្ដែ​នៅ​ពេល​បាន​ពិគ្រោះ​ជាមួយ​អាជ្ញាធរ​ក្នុងស្រុក ទើប​ដឹង​ថា​មាន​ពលរដ្ឋ​មាន​ភាព​ក្រីក្រ​ច្រើន ដូច្នេះ​គួរ​ផ្ដល់​ជំនួយ​ដល់​ពួក​គេ ។ នៅ​ពេល​ឮ​ដូច្នេះ​លោក​Ajay សម្រេចចិត្ដ​ប្ដូរ​ផែនការ ដោយ​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ ដើម្បី​ជួយ​ដល់​អ្នក​ក្រីក្រ ។ ការ​ពិភាក្សា​សម្រេច​ថា គួរ​អភិវឌ្ឍ​តំបន់​អនាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង ដោយ​សង់ផ្ទះ​ចំនួន​១០៨​ល្វែង ឱ្យ​ពលរដ្ឋ​ក្រីក្រ​ស្នាក់​នៅ ។ ក្នុង​ថ្ងៃ​រៀប​ការ​មក​ដល់ ផ្ទះ​ទាំងនោះ​សង់​រួចរាល់ ហើយ​ឱ្យ​ពលរដ្ឋ​ចូល​ស្នាក់​នៅ​តែ​ម្ដង ។

ផ្ទះ​មួយ​ល្វែង​មាន​ទទឹង​៣,៦​ម៉ែត្រ និង​បណ្ដោយ​៦​ម៉ែត្រ ទោះបីជា​មាន​ទំហំ​តូច ប៉ុន្ដែ​មាន​ភ្លើង និង​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ។ ចំពោះ​អ្នក​ដែល​មាន​សិទ្ធិ​ចូល​រស់នៅ​ក្នុងផ្ទះ​នោះ គឺជា​អ្នក​ក្រីក្រ​ពិត និង​គ្មាន​បញ្ហា​នៅ​ក្នុង​ខ្លួន ដូច​ជា​ញៀន​ល្បែង ឬ​ថ្នាំ​ញៀន ។

នាង​Shreya កូន​របស់​លោក​Ajay មាន​សេចក្ដី​ត្រេកអរ​យ៉ាង​ក្រៃ​លែង ចំពោះ​ទឹកចិត្ដ​សប្បុរសធម៌​របស់​ឪពុក​ដោយ​បញ្ជាក់​ថា «​នេះ​ជា​រង្វាន់​នៃ​ពិធី​រៀប​ការ​ដ៏​មាន​តម្លៃ​បំផុត​របស់​នាង​» ។ ចំណែក​លោក​Ajay ថ្លែង​ថា «​ចង់ឱ្យ​ក្រុម​គ្រួសារ​មានទ្រព្យ​សម្បត្ដិ​ស្ដុក​ស្ដម​ផ្សេង​ទៀត​ប្រតិបត្ដិ​ដូច​ខ្ញុំ ជា​ជាង​យក​ប្រាក់​ទៅ​ចាយវាយ​ខ្ជះខ្ជាយ​លើ​ការ​រៀប​ការកូន​» ៕