ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​និស្សិត​ម្នាក់ ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌ ប្រកាស​សាលដីកា​ថ្ងៃ​29​ធ្នូ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ បាន​លើកយក​សំណុំរឿង​បណ្តឹងសាទុក្ខ​របស់​អតីត​និស្សិត​ឈ្មោះ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ បាន​លើកយក​សំណុំរឿង​បណ្តឹងសាទុក្ខ​របស់​អតីត​និស្សិត​ឈ្មោះ គង់ រ៉ៃ​យ៉ា ភេទ​ប្រុស អាយុ​២៦ឆ្នាំ ដែល​បាន​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​មក​បើក​សវនាការ ។ អតីត​និស្សិត​រូប​នេះ ជាប់ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

សវនាការ​ធ្វើ​ឡើងជា​សាធារណៈ​ចំពោះ​មុខ​ជនជាប់ចោទ និង​ដឹកនាំ​ដោយ​លោក​ចៅក្រមឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក​អគ្គ​ព្រះរាជអាជ្ញា ជុំ សំ​បាន ជា​តំណាងមហាអយ្យការ ។ បន្ទាប់​ពី​សាកសួរ​ដេញដោល​តុលាការ បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ខាង​មុខ ។

ចំណែក​ជនជាប់ចោទ គង់ រ៉ៃ​យ៉ា អតីត​និស្សិត​ឆ្នាំ​ទី​១​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ខេមរៈ  ពេល​ចេញពី​បន្ទប់​សវនាការ​បាន​ស្រែ​កថា តុលាការ​អយុត្តិធម៌​ណាស់ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល គឺ​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ គង់ រ៉ៃ​យ៉ា ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១​ឆ្នាំ​៦​ខែ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋាអាទិ៍ តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​ឈ្មោះ  គង់ រ៉ៃ​យ៉ា អាយុ​២៦​ឆ្នាំ រហស្សនាម​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក soriya koko បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា «​តើ​មាន​អ្នក​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌ ជាមួយ​ខ្ញុំ​ទ ? ថ្ងៃ​ណាមួយ​នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្លាស់​ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក​ឬ​ស្លាប់​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ​» ។

ក្រោយ​ការ​ប្រកាស​នេះ កងកម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឃាត់ខ្លួន​យុវជន​រូប​នេះ ដោយ​ចាត់​ទុក​ការ​ប្រកាស​នេះ​ធ្វើ​ឱ្យ​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម ៕