ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បំពាក់​មេដាយ​កិត្តិយស​អាស៊ាន​ដល់​វីរ​កីឡាការិនី​ស៊ន សៀវ​ម៉ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្ដីការក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​២២ ធ្នូ កន្លង​មកនេះ មាន​រៀបចំ​ពិធី​សំណេះសំណាល និង​បំពាក់​មេដាយ​កិត្តិយស​អាស៊ាន​ដល់​វីរ​កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី ។

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្ដីការក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​២២ ធ្នូ កន្លង​មកនេះ មាន​រៀបចំ​ពិធី​សំណេះសំណាល និង​បំពាក់​មេដាយ​កិត្តិយស​អាស៊ាន​ដល់​វីរ​កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី ។

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា មេដាយ​ដែល​បំពាក់​ជូន​ដល់​វីរ​កីឡាការិនី​ស៊ន សៀវ​ម៉ី នៅ​ក្នុង​ឱកាស​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​ឡើង​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ដើម្បី​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ដែល​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង RIO ប្រទេស​ប្រេ​ស៊ី​ល នា​ពេល​កន្លង​ទៅ​នេះ ក្នុង​នោះ​មាន​ទាំង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ផង​ដែរ ។ ប៉ុន្តែ​វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី បើ​ទោះជា​មិន​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ក៏​ពិតមែន តែ​កញ្ញា​គឺជា​អត្ត​ព​លិ​ក​តែ​ម្នាក់​គត់​ដែល​បាន​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​ដណ្តើម​សិទ្ធិ​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប្រេស៊ី​ល ។ ហេតុ​ដូច្នេះ​ហើយ ទើប​អគ្គលេខាធិការ​សមាគម​អាស៊ាន​សម្រេច​ផ្ដល់​មេដាយ​កិត្តិយស ដល់​នាង ។

លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​ដណ្ដើម​មេដាយមាស​កម្រិត​អាស៊ី​លើ​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ ។ លោក​បាន​សង្កត់ធ្ងន់​ថា សម្រាប់​ប្រទេស​គេ អ្នក​ដែល​អាច​ប្រកួត​ដណ្ដើម​មេដាយមាស​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​បែប​នេះ ត្រូវ​ចំណាយពេល​ហ្វឹកហាត់​ចាប់ពី​១០​ឆ្នាំ​ឡើង​ទៅ ។ ប៉ុន្តែ​ស៊ន សៀវ​ម៉ី ទើបតែ​ហ្វឹកហាត់​បាន​៦​ឆ្នាំ​ប៉ុណ្ណោះ​ក៏​អាច​ដណ្ដើម​មេដាយ​កម្រិត​អាស៊ី​បាន គឺជា​រឿង​មិនធម្មតា​នោះ​ទេ ។ ជាមួយ​គ្នា​នេះ លោក​បាន​សំណូមពរ​ដល់​កីឡាការិនី ស៊ន សៀវ​ម៉ី ត្រូវ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹ​ត​ហាត់​ថែម​ទៀត ព្រោះថា​ឱកាស​នៅ​មាន​ច្រើន​លើកលែងតែ​នាង​ចូល​រោងការ​ទើប​អ្វី​ៗ​ត្រូវ​បញ្ចប់ ។

ជា​ការ​ឆ្លើយ​តប វីរ​កីឡាការិនី​ស៊ន សៀវ​ម៉ី បាន​សន្យា​ថា នាង​នឹង​ខិតខំ​ហ្វឹកហាត់​ជា​បន្ត​ទៀត ព្រោះថា សព្វថ្ងៃ​នាង​នៅ​តែ​ស្រឡាញ់​វិស័យ​កីឡា​តេ​ក្វា​ន់​ដូ ហើយ​នាង​ក៏​បាន​បង្ហាញ​ពី​ការ​សោកស្ដាយ​ដែល​មិន​អាច​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​ពេល​ទទួល​បាន​ឱកាស​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប្រេ​ស៊ី​ល​នា​ពេល​កន្លង​មក ៕