ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Black Cat បើក​រេញ​ឱ្យជើង​ខ្លាំង​កម្ពុជា និង​ថៃ​ប៉ះ​គ្នា​ចំ​ថ្ងៃ​បុណ្យ​ណូអែល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ ទី​២៥ ធ្នូ ខាន​ស្អែក​នេះ ប្រដាល់ «​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់​ពេល​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា​

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ ទី​២៥ ធ្នូ ខាន​ស្អែក​នេះ ប្រដាល់ «​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់​ពេល​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា​ចំ​ថ្ងៃ​បុណ្យ​ណូអែល ទើប​មានការ​រំពឹង​ថា នឹង​មាន​អ្នក​ទស្សនា​ច្រើន ។

កីឡាករ​កម្ពុជា​២​រូប គឺ ឡុ​ង សុ​ភី និង អាំង សំអាត នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់​ហុត​ឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​យប់​ថ្ងៃអាទិត្យខាន​ស្អែក ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​មាន​បំណង​ប៉ះ​គ្នា​យូរហើយ ដោយ​គ្រាន់តែ​ដឹង​ថា​នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​គ្នា​ពួក​គេ​ទទួលយក​ដោយ​ការ​ពេញចិត្ត ។ លោក​ថា កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​សុទ្ធតែ​បាន​ត្រៀមខ្លួន​មុន​ពេល​ប៉ះ​គ្នា ដោយ​បាន​ចំណាយពេល​ច្រើន​ជាង​មួ​យស​ប្ដា​ហ៍​ក្នុង​ការ​ហ្វឹកហាត់​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់ ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ខ្វាន់ អេក ក្នុង​នាម​ជា​គូ​បើក​ឆាក​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​យប់​ថ្ងៃអាទិត្យ​នោះ​។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​ជា​មួយគូ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង ។ លោក​ថា កីឡាករ ឡុ​ង សុ​ភី អាច​ចាត់​ទុក​ថា ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ Black Cat ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​ដោយ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប ឡុ​ង សុ​ភី ជាមួយ​កីឡាករ​ថៃ ក៏​នឹង​មិន​ធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​មានការ​ឈាន​ឡើង​សមត្ថភាព ហើយ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ គឺ​មាន​លទ្ធផល​ល្អ ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ បើ​ទោះជា​កីឡាករ​ថៃ​ជា​គូប្រកួត​របស់​គេ​មាន​សមត្ថភាព​មិន​អាច​មើល​ស្រាល​បាន​ក្ដី ។

លោក​និយាយ​ថា ឡុ​ង សុ​ភី ដ្បិតថា​មិនមែន​ជា​ម្ចាស់​ជើងឯក ប៉ុន្តែ​ការ​ប្រកួត​កន្លង​មក​របស់​គេ​ក៏​មាន​លទ្ធផល​ជា​វិជ្ជមាន​ច្រើន​ដែរ ទើប​លោក​សម្រេចចិត្ត​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ខ្វាន់ អេក ។ លោក​ថា កីឡាករ​ថៃ ធ្លាប់​ប្រកួត​៨៩​លើក ឈ្នះ​៦៥​លើក ចាញ់​២១​លើក និង​ស្មើ​៣​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​១៣៣​លើក ឈ្នះ​៩៨​លើក ចាញ់​២៦​លើក និង​ស្មើ​៩​លើក ។

សម្រាប់​កីឡាករ អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ  លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ដូច​គ្នា​ឈ្មោះ ឡាំ លូក​កា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរ Black Cat នៅ​យប់​ថ្ងៃអាទិត្យ​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល អាំង  សំអាត ដ្បិតថា​ល្បីឈ្មោះ​តែ​ការ​ប្រកួត​ពេល​ខ្លះ​ក៏​ល្អ ហើយ​ពេល​ខ្លះ​ក៏​ធ្លាក់ដៃ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពិបាក​ទុកចិត្ត ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៤១​លើក ឈ្នះ​៣៧​លើក និង​ចាញ់​៤​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៨០​លើក ឈ្នះ​៦៦​លើក  ចាញ់​១៣​លើក និង​ស្មើ​១​លើក ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ ។

ដោយឡែក​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា​ឯណោះ​វិញ ក៏​មានការ​ប្រកួត​ដ៏​សំខាន់​នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock Out Series ក្នុង​វគ្គ​៣២​នាក់​យក​១៦​នាក់​សម្រាប់​វគ្គ​បន្ត​នៅ​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ​៕