លោកសេបាស្ទៀន ស៊ូ ដែលជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិកក្រុងឡុងឆ្នាំ២០១២ បានទស្សន៍ទាយថា នឹងមានតម្រូវការសំបុត្រចូលទស្សនាការប្រកួតក្នុងចំនួនដ៏ច្រើនអំឡុងពេលនៃការលក់សំបុត្រក្នុងការរាប់ខោនដោន៥០០ថ្ងៃ ។ ពិធីរាប់ថយក្រោយឬហៅថាខោនដោនបានចាប់ផ្តើមកាលពីយប់ថ្ងៃចន្ទ(ម៉ោងនៅអង់គ្លេស) នៅឯទីលានTrafalgar Square។ ក្នុងខណៈនោះក្រុមលោកស៊ូបានទស្សន៍ទាយថា នឹងមានមនុស្សជាច្រើនសម្រុកទិញសំបុត្រ។ សំបុត្រ៦,៦លានច្បាប់បានចាប់ផ្តើមដាក់លក់តាមអនឡាញកាលពីថ្ងៃអង្គារសប្តាហ៍នេះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានបរទេស លោកស៊ូបានបញ្ជាក់ថា៖«នេះជាថ្ងៃដ៏នក្ខត្តឫក្សមួយគឺជាទិវានៃការពិតមួយ»។ តាមលោកស៊ូថា ការដាក់លក់សំបុត្រតាមប្រព័ន្ធអនឡាញដល់ទៅជាង៦លានច្បាប់ក្នុងពេលនេះគឺជាប្រវត្តិសាស្រ្តដ៏ធំលើកទី៣។ ទោះជាយ៉ាងណាលោកថា បណ្តាអ្នករៀបចំការប្រកួតនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពទប់ស្កាត់ហេតុការណ៍ខាងលើឲ្យខាងតែបាន ។
សូមបញ្ជាក់ថា តម្លៃសំបុត្រចូលទស្សនាមានចាប់ពី៣២ដុល្លារដល់ទៅ៣.២១៥ដុល្លារ។ អ្នករៀបចំបានសង្កត់ធ្ងន់ថា សំបុត្រមិនត្រូវបានលក់តាមរបៀបហុចលុយហុចរបស់នោះទេ។ បណ្តាអតិថិជនដែលជាអ្នកជាវ ត្រូវបំពេញពាក្យសុំមួយច្បាប់ ហើយបន្ទាប់មកសំបុត្រនឹងត្រូវបានផ្តល់ជូននៅថ្ងៃទី២៤ខែមិថុនា ។
តាមការឲ្យដឹងពីអ្នករៀបចំការប្រកួត មកដល់ពេលនេះមានមនុស្ស២លាន៥សែននាក់ហើយដែលបានចុះឈ្មោះទិញសំបុត្រមើលការប្រកួត។ តែការចុះឈ្មោះទិញសំបុត្រតាមអនឡាញគឺមានតែនៅក្នុងចក្រភពអង់គ្លេសនិងបណ្តាប្រទេសអឺរ៉ុប២៦ដ៏ទៃទៀតប៉ុណ្ណោះ។ ឯទីកន្លែងផ្សេងទៀតរួមទាំងអាមេរិកផងនោះ ការលក់សំបុត្រគឺធ្វើតាមរយៈគណៈកម្មាធិការអូឡាំពិករបស់ប្រទេសរៀងៗខ្លួន។ សំបុត្រប្រមាណ១លានច្បាប់ត្រូវបានត្រៀមសម្រាប់អ្នកទស្សនារស់នៅក្រៅទ្វីបអឺរ៉ុប ។ ព្រឹត្តិការណ៍ប្រកួតអូឡាំពិកទីក្រុងឡុងឆ្នាំ២០១២គឺមានរយៈពេល១៧ថ្ងៃ និងមាន២៦ប្រភេទកីឡា។ ព្រឹត្តិការណ៍លើកនេះសង្ឃឹមថានឹងមានការចូលរួមពីបណ្តាអត្តពលិកជុំវិញពិភពលោកប្រមាណ១០.៥០០នាក់៕


ចែករំលែកព័តមាននេះ