ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​តំណាង​បក្ស​ទាំង​2​ចុងឆ្នាំ​ស្រពេចស្រពិល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជំនួប​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​គ្នា​រឿង​

រាជធានី​ភ្នំពេញ ៖ ជំនួប​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​គ្នា​រឿង​ស្ថានការណ៍​ន​យោបាយ​ចុង​ក្រោយ​ដូច​អ្វី​ដែល​ធ្លាប់​លើក​ឡើង​ថា នឹង​ជួប​គ្នា​នៅ​ចុងខែ​ធ្នូ​នេះ កំពុង​ស្ថិត​ក្នុង​ភាពស្រពេចស្រពិល​នៅឡើយ ខណៈ​អ្នក​សារព័ត៌មាន​ចង់​ដឹង​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​ពី​ជំនួបមួយ​នេះ ។

ពាក់ព័ន្ធ​បញ្ហា​នេះលោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា និង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃ​ទី​២២​ធ្នូ​ ថា រហូត​មក​ដល់​ថ្ងៃនេះ មិន​ទាន់​មាន​លិខិត​ណាមួយ​សម្រាប់​កំណត់​ថ្ងៃ​ជួប​គ្នា​រវាង​តំណាង​ក្រុម​សភា​ភាគតិច​ដែល​ដឹកនាំ​ដោយ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​តួនាទី​និយាយ​ផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​តំណាង​ក្រុម​សភា​ភាគច្រើន​ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នោះ​ទេ ។

ការ​អះអាង​របស់​លោក ឡេ​ង ប៉េង​ឡុ​ង​ នេះ​គឺ​បន្ទាប់​ពី​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បានឱ្យ​អ្នក​សារព័ត៌មាន​សួរនាំ​ទៅ​កាន់​អ្នកនាំពាក្យ​រដ្ឋសភា​រឿង​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ភាគច្រើន​ និង​ភាគតិច​រដ្ឋសភា​នា​ពេល​កន្លង​មក ។ ជាង​នេះការ​អះអាង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ជំនួប​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​សភា​ភាគច្រើន និង​ភាគតិច​នា​ពេល​កន្លង​មក​ត្រូវ​បាន​លោក ឡេ​ង ប៉េង​ឡុ​ង ជា​អ្នក​ផ្សព្វផ្សាយ​ជូន​សាធារណជន ពិសេស​នោះ​បណ្តាញសារព័ត៌មាន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​រឿយ​ៗ ។

ទាក់ទិន​នឹង​ជំនួប​រវាង​ថ្នាក់ដឹកនាំ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​ក្នុង​សភាព​ស្រពេចស្រពិល​នេះ កោះសន្តិភាព​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ ដើម្បី​សុំ​ការ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​ទៅ​លោក​គ្មាន​អ្នក​ទទួល ។ ប៉ុន្តែ​តាម​គេហទំព័រ​មួយ​ដែល​បាន​ស្រង់​សំដី​លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិផ្សាយ​ថា លោក កឹ​ម សុខា​ និង​សម្តេច​ក្រឡាហោម ស ខេ​ង អាច​នឹង​ជួប​ពិភាក្សា​គ្នា​ នៅ​ស​ប្តា​ហ៍​ក្រោយ​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថ្ងៃ​ណាមួយ​ពិតប្រាកដ​នោះ​ឡើយ ។

ចំពោះ​ជំនួប​ដែល​អាច​នឹង​កើតឡើង​នៅ​ចុងឆ្នាំ​២០១៦ ​ដូច​អ្វី​ដែល​គណបក្ស​ទាំង​ពីរ​ធ្លាប់​លើក​ឡើង​នោះ​ បាន​ធ្វើ​ឱ្យ​អ្នក​សង្កេតការណ៍​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ប៉ុន្តែ​ក្រុម​អ្នកវិភាគ​ខ្លះ​ថា ជំនួប​គ្នា​ណាមួយ​ទំនងជា​មិន​អាច​កើតឡើង​ច្រើន​ជាង ។ ព្រោះ​បើ​គិត​ពី​កម្មវិធី​បុណ្យ​ជាតិ​មាន​ច្រើន​សម្រាប់​ថ្នាក់ដឹកនាំ​បក្ស​កាន់​អំណាច និង​ករណី​មួយទៀត​ គឺ​ឃើញ​សមាជិក​សភា​បក្ស​ប្រឆាំង​បាន​កោះហៅ​រដ្ឋមន្ត្រី​បក្ស​កាន់​អំណាច ​សួរនាំ​ច្រើន​រូប​ដូច​ជា​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ជាដើម ។ មិន​តែប៉ុណ្ណោះ​នៅ​ត្រៀម​កោះហៅ​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និងសម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី
សាកសួរ​បញ្ហា​ដ៏​រសើប​មួយ​ចំនួន​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ផង ។ ទ​ង្វើ​ទាំង​អស់នេះអាច​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​ឡើង​កំ​ដៅវិញ​បាន ​ប្រ​សិន​កើត​មានការ​ប្រទាំង​ប្រទើស
គ្នា​ជាយថាហេតុ​ណាមួយ ។

បញ្ហា​នេះ​អ្នកវិភាគ​លើក​ឡើង​ថា សមាជិក​សភា​បក្ស​ប្រឆាំង​គួរតែ​ទុក​ករណី​កោះហៅ​រដ្ឋមន្ត្រី​បក្ស​កាន់​អំណាច​មួយ​រយៈពេល​សិន ​ដោយ​រង់ចាំ​ស្ថានការណ៍​នយោបាយ​ល្អ​ឡើង​វិញ ពោល​គឺ​ចាំ​ដោះស្រាយ​ករណី​មន្ត្រី​សិទ្ធិ​មនុស្ស​ចេញពី​ពន្ធនាគារ​វិញ ។

សូម​បញ្ជាក់​ថា គម្រោង​ជួប​គ្នា​ជា​ថ្មី​រវាង​ក្រុម​តំណាងរាស្ត្រ​បក្ស​ទាំង​ពីរ​ក្នុង​សភា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រធាន​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគតិច ​ជំនួស​លោក សម រ​ង្ស៊ី នៅ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៦ ហើយ​លោក កឹ​ម សុខា ក៏​បាន​ជួប​សម្តេច​ក្រឡាហោម ស ខេ​ង ប្រធាន​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគច្រើន​ដាច់​ដោយឡែក​ពី​គ្នា​ផង​ដែរ ។ ការ​ជួប​គ្នា​នា​ពេល​នោះ​បាន​ឈាន​ទៅ​ដល់​ការ​ដោះ​លែង​លោក ស៊ា​ង ចែត ជា​មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កូតា​មក​ពី​គណបក្ស​សម រ​ង្ស៊ី ។

លោក ស៊ា​ង ចែត ត្រូវ​បាន​សមត្ថកិច្ច​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា ឆ្នាំ​២០១៦ ​កន្លង​មក​តាម​ចម្លើយ​ដែល​អះអាង​ នៅ​ក្នុង​លិខិត​ចំហ​របស់​កញ្ញា ខុ​ម ចាន់​តា​រ៉ា​ទី ហៅ ស្រី​មុំ ពាក់ព័ន្ធ​នឹង​លុយ​សំណូក​៥០០​ដុល្លារ ៕