ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើនសេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​ក្រោយ​នឹង​ខ្ពស់​ជាង​ការ​ព្យាករ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ កំណើនសេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​ភាគរយ​ខ្ពស់​ជាង​ពាក់កណ្តាល​នៃ​ការ​ព្យាករ​បច្ចុប្បន្ន​៣,៥%-៤% ប្រសិនបើ​គម្រោង​រដ្ឋ​របស់​ប្រជាជន (Pracha Rath) បម្រុង​ទុក​ថវិកា​បន្ថែម​៨៣​ប៊ី​លាន​បាត​

ប្រទេស​ថៃ ៖ កំណើនសេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​ភាគរយ​ខ្ពស់​ជាង​ពាក់កណ្តាល​នៃ​ការ​ព្យាករ​បច្ចុប្បន្ន​៣,៥%-៤% ប្រសិនបើ​គម្រោង​រដ្ឋ​របស់​ប្រជាជន (Pracha Rath) បម្រុង​ទុក​ថវិកា​បន្ថែម​៨៣​ប៊ី​លាន​បាត​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន ។ នេះ​បើ​តាម​សភាពាណិជ្ជកម្ម​ថៃ (TCC) ។

លោក Vichai Assarasakorn ប្រធាន TCC ថ្លែង​ថា ៖ « ខណៈ​លោក​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ដឹកនាំ​គម្រោង Pracha Rath សភា​នេះ​នឹង​ស្នើ​ឱ្យ​មាន​គម្រោង​ច្រើន​ជាង​១.០០០ ក្នុង​តម្លៃ​ប្រមាណ​៨៣​ប៊ី​លាន​បាត​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ ។ ថវិកា​នេះ​នឹង​ត្រូវ​ចំណាយ​ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​គន្លឹះ​ចំនួន​៤ » ។

ថវិកា​សរុប​ចំនួន​៣២​ប៊ី​លាន​បាត​នឹង​ត្រៀម​ទុក​សម្រាប់​គម្រោង​៤០០​ក្នុង​វិស័យ​ទេសចរណ៍​ដូច​ជា ទេសចរណ៍​ច្នៃប្រឌិត និង​ការ​ដំឡើង​កាមេរ៉ា​ត្រួតពិនិត្យ​គោលដៅ​ទេស​ចរណ៍។ ចំណែក​វិស័យ​កសិកម្ម មាន​ថវិកា​ចំនួន​២៥​ប៊ី​លាន​បាត​សម្រាប់​ដំណើរការ​គម្រោង​ជាង​៤០០​ដូច​ជា ការ​បង្កើន​តម្លៃ​ដំណាំ បង្កើត​ការ​ប្រកួតប្រជែង​ទីផ្សារ កសាង​និង​អភិវឌ្ឍន៍​អាង​ស្តុក​ទឹក​ប្រព័ន្ធ​ធារាសាស្ត្រ ។

ថវិកា​១៨,២​ប៊ី​លាន​បាត​នឹង​ត្រូវ​ចំណាយ​លើ​គម្រោង​ចំនួន​២៧ ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹក​ជញ្ជូន ។ រីឯ​៧,៩​ប៊ី​លាន​បាត​ទៀត​សម្រាប់​គម្រោង​១១៦ លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ការ​សម្រួល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ។

លោក Vichai បន្ត​ថា ថវិកា​បន្ថែម​ទៀត​នឹង​ត្រូវ​ត្រៀម​ទុក​សម្រាប់​ខេត្ត​ចំនួន​១៨ ដោយ​ខេត្ត​នីមួយ​ៗ​ទទួល​បាន​៥​ប៊ី​លាន​បាត​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​អភិវឌ្ឍ​តំបន់​ឆ្ងាយ​ពី​ក្រុង​បាងកក ។ លោក​ថ្លែង​ថា ៖ « រដ្ឋាភិបាល​បាន​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ ដោយ​បាន​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងស្រុក ខណៈ​សេដ្ឋកិច្ច​សកល​កំពុង​ប្រឈម​នឹង​កំណើន​មិន​ច្បាស់លាស់ » ។

TCC រំពឹង​ថា កំណើន GDP ក្នុងឆ្នាំនេះ​នឹង​កើនឡើង​ពី​៣,៣%-៣,៥% ។ ចំណែក​ឆ្នាំ​ក្រោយ គេ​មើលឃើញ​ពី​ការ​ព្រួយបារម្ភ​ជា​ច្រើន​ដូច​ជា គោលនយោបាយ​គ្រប់គ្រង​សហរដ្ឋអាមេរិក​របស់​លោក Donald Trump, ផែនការ​បង្កើន​ការ​ប្រាក់​របស់​ធនាគារកណ្ដាល​អា​មេ​រិ​ក និង​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស ។

លោក Dej Churdsuwanrak អគ្គលេខាធិការ TCC ឱ្យ​ដឹង​ថា សមាជិក​សភា​ជាង​៨០% បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពន្យារពេល​៦​ខែ ក្នុង​ការ​លើកលែង​ពន្ធ​អាជីវកម្ម​សម្រាប់​ការ​ពង្រីក​សហគ្រាស ឬ​ជួសជុល​រោងចក្រ​បន្ទាប់​ពី​វិធានការ​នឹង​បញ្ចប់​នៅ​ឆ្នាំ​នេះ ៕