ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​ដាក់​បទបញ្ជា​​បន្ទាន់ឆ្លើយតប​សំណូមពរ​គ្រួសារ​យោធិន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការចុះផ្សាយ​​ព័ត៌​មាន​​​របស់​កោះសន្តិភាព​​ស្តីពី​​គ្រួសារ​អតីត​​យុទ្ធជន​ពិការ ដែលស្លាប់​រង់ចាំ​​ប្រាក់​​គោល​នយោបាយ​​ ហើយ​បាន​​ទទួល​ការ​ធានា​របស់​​មន្ត្រី​​មន្ទីរ​សង្គម​​កិច្ច​​ថា នឹង​​ដោះស្រាយ​​នៅសប្តាហ៍​ក្រោយ​ត្រូវ​បានសម្តេច​តេជោ​​នាយករដ្ឋ​មន្ត្រី​​​បានដាក់​​បទ​បញ្ជា​​ជា​បន្ទាន់​មួយ​នា​រសៀលថ្ងៃទី​​២៥ មីនា ​ឱ្យ​លោក​​មុត ខៀវ រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច​​ត្រួតពិនិត្យ​​ពីបញ្ហា​នេះ ។​

លោករដ្ឋ​លេខាធិការ​​មានប្រសាសន៍​​​ថា បន្ទាប់ពី​​មាន​​បទបញ្ជា​​ដ៏ខ្ពង់ខ្ពស់​​ពីសម្តេច​​តេជោ​ហ៊ុន​ សែន ​និង​​​ឆ្លង​តាម​​ការ​សិក្សា​​​បន្ទាន់​មួយ​​​លោក​ក៏​បាន​​សុំគោល​ការណ៍​​ពី​​លោក​រដ្ឋ​មន្ត្រី​​​អ៊ិត សំហេង ​ហើយ​​លោក​ក៏​បាន​​​ឱ្យ​ចាត់វិធានការ​​ជា​បន្ទាន់​​មួយ​ក្នុងការ​​ជួយដល់​គ្រួសារ​យោធិន​​នេះ។ ​លោកមុត ខៀវ ​​មានប្រសាសន៍​​ថា សម្តេច​​តេជោ​​​​​លោក​យកចិត្តទុកដាក់​​ខ្ពស់​ណាស់​​ចំពោះ​​​យុទ្ធជន ឬ​​អតីត​​យុទ្ធ​ជន​ ឬ​ក្រុម​គ្រួសារ​​របស់​ពួកគេ​ និង​បន្ទាប់ពីបាន​​ដឹង​​​ថា ពួក​គេ​​កំពុង​​​​​ ត្រូវ​ការ​​ឱ្យ​ជួយ​នោះ​សម្តេច​ក៏​បាន​ដាក់​បញ្ជា​​ ភ្លាមៗ ។​

លោក​មុត ខៀវ ​​មានប្រសាសន៍​​ថា បន្ទាប់​ពី​​សុំ​​គោល​ការណ៍​​ឯក​ភាព​ពីលោក​រដ្ឋ​មន្ត្រី​​រួច​មក​នៅ​ថ្ងៃទី​​២៦ មីនា នេះ មន្ត្រីក្រសួង​​រួម​ជា​មួយ​មន្ត្រី​​មន្ទីរ​​សង្គមកិច្ច​នឹង​​នាំ​ប្រាក់​ឧបត្ថម្ភ​ ក្នុងនោះ​ប្រាក់​​មរណៈសង្គ្រោះ​​​ចំនួន​​៤​លានរៀល និង​​ប្រាក់​​ពលី​ចំនួន​​២.៨៦៥.១២០រៀល ​ទៅផ្តល់​ដល់​ក្រុម​គ្រួសារ​​​យោធិន​​សរុបទាំង​អស់​ថវិកា​​ដែលត្រូវ​​ប្រគល់​​មាន​​៦.៨៦៥.១២០រៀល ​។ ចំពោះ​ព័ត៌​មាន​​បន្ថែម​​​នឹង​ផ្សាយ​​ជូន​បន្តទៀត ៕​