ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រើស​អេត​ចាយ​រើស​បាន​ថង់​​ខ្មៅ​ស្រាយ​មើល​​ឃើញ​សព​ទារក

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សព​ទារក​ដែល​ទើប​នឹង​កើត​ត្រូវ​បាន​គេ​ច្រក​ក្នុង​ថង់​យក​ទៅ​ប្លុង​ចោល​នៅ​មាត់​ស្រះ​ទឹក​​មួយ​កន្លែង​​ ហើយ​ត្រូវបាន​អ្នក​ដើរ​​រើស​អេត​ចាយ​ប្រទះ​ឃើញ​ក៏​ប្រាប់​អ្នក​ជិត​ខាង​នាំ​គ្នា​ទៅចោម​រោម​មើល​យ៉ាង​ច្រើន​​កុះ​ករ​ មិន​តែ​ប៉ុណ្ណោះ​អ្នក​ដែល​ទៅ​មើល​នោះ​​បាន​នាំ​គ្នា​​ដាក់​​ប្រាក់​ខ្លះ​៥០០​រៀល ឬ​១.០០០​រៀល ​នៅ​លើ​ខ្លួន​សព​ទារក និង​ឧទ្ទិស​ទៅ​តាម​ជំនឿ​រៀង​ៗ​ខ្លួន​ទៀត​ផង ។

ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​​៧​ព្រឹក​​ ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​​២០១១ នៅ​ចំណុច​​មាត់​ស្រះ​ទឹក​មុខ​រោង​ចក្រ​អគ្គិ​សនី​​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ​​ជាប់​ព្រំ​ប្រទល់​ភូមិ​​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ​រាជ​ធានីភ្នំពេញ។ សព​ទារក​​​នោះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​ឪពុក​ម្តាយ​​ឡើយ​មាន​ទម្ងន់​​ប្រមាណ​ជាង​២​គីឡូ​ក្រាម​​ប៉ុណ្ណោះ ​ត្រូវ​គេ​ច្រក​ក្នុង​ថង់​យួរ​ពណ៌​ខ្មៅ​​ជា​មួយ​​នឹ​ង​សុក​ផង ​យក​ទៅ​បោះ​ចោល​​​​នៅ​ត្រង់​ចំណុច​ខាង​លើ​ ហើយ​ពុំ​​មាន​នរណា​ម្នាក់​បាន​ដឹង​ថា អ្នក​ដែល​យក​សព​ទារក​នោះ​ទៅ​បោះ​ចោល​ជា​នរណា​ឡើយ ។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​​មាន​ការ​ភ្ញាក់​ផ្អើល​ខាង​លើ​មាន​បុរស​ម្នាក់​ដើរ​រើស​អេត​ចាយ​នៅត្រង់​ចំណុច​នោះ ហើយ​បាន​ប្រទះ​ឃើញ​​ថង់​ពណ៌​ខ្មៅ​១​ចង​មាត់​​ជិត។ ​ពេល​នោះ​បុរស​អ្នក​រើស​អេត​ចាយ​បាន​ស្រាយ​មាត់​ថង់​មើល​ ស្រាប់​តែ​ឃើញ​របស់​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​ទៅ​វិញ គឺ​សុក និង​ទារក​ម្នាក់​ដែល​ស្លាប់​បាត់​ទៅ​ហើយ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​នោះ​​​អ្នក​ដើរ​រើស​​អេត​ចាយ​បាន​រត់​ទៅ​ប្រាប់​​អ្នក​​ជិត​ខាង​ឱ្យ​ទៅ​មើល​ហើយ​​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​មាន​មនុស្ស​​ទៅ​ចោម​រោម​មើល​យ៉ាង​កក​​កុញ ​មិន​តែ​ប៉ុណ្ណោះ​មាន​អ្នក​ខ្លះ​បាន​ដាក់​​លុយ​​៥០០​រៀល ​ខ្លះ​១.០០០​រៀល ​​លើ​ខ្លួន​សាក​សព​ទារក ជា​ការ​ចូល​បុណ្យ​មួយ​ផង​ដែរ ។ ​

ទាក់​ទិន​ទៅ​នឹង​ហេតុ​ការណ៍​នោះ​គេ​ពុំ​ដឹង​ថា ឪពុក​ម្តាយ​ទារក​នោះ​ជា​នរណា​នោះ​ទេ ប៉ុន្តែ​​មាន​ការ​សន្និ​ដ្ឋាន​ខុសៗ​គ្នា​ដោយ​អ្នក​ខ្លះ​សង្ស័យ​ថា ឪពុក​ម្តាយ​ទារក​នោះ​ស្រឡាញ់​គ្នា​ដោយ​​លួច​លាក់ ហើយ​ទំនង​ខាង​ប្រុស​បែក​ចិត្ត​ទើប​ពេល​ដែល​ទារក​​នោះ​កើត​មក​ស្ត្រី​ជា​ម្តាយ​មិន​ហ៊ាន​ទុក​ខ្លាច​ខ្មាស​​គេ​ក៏​សម្លាប់​​ច្រក​ថង់​យក​ទៅ​បោះ​ចោល​​តែ​ម្តង ។ ​ជា​ពិសេស​​ស្ត្រី​​ជាម្តាយ​​របស់​ទារក​នោះ​​ជា​មនុស្ស​មិន​ស្តាប​់​ការ​ទូន្មាន​របស់​​ឪពុក​ម្តាយដើរ​លេង​ជា​មួយ​សង្សារ​​រហូតមាន​ផ្ទៃ​ពោះ​មិន​ហ៊ាន​ទុក​កូន​ ទើប​​ពេល​កើត​មក​សម្លាប់​ចោល​បែប​នេះ​ទៅ។ ​

ចំណែក​ឯ​ប្រភព​ខ្លះ​ទៀត​សន្និ​ដ្ឋាន​ថា ​ទារក​នេះ​មិន​មែន​ត្រូវ​គេ​រំលូត​ចោល​នោះ​ទេ គឺ​កើត​មក​ត្រឹម​ត្រូវ​ ព្រោះ​មាន​រូប​រាង​ពេញ​លក្ខណៈ​ជា​មនុស្ស​​ទាំង​អស់​មិន​មាន​ខ្វះ​ចន្លោះ​ត្រង់​​​ណា​នោះ​ទេ ​ហើយ​បើ​​ឪពុ​កម្តាយ​​​ជា​មនុស្ស​ត្រឹមត្រូវ​​មែន ពេល​ដែល​កូន​កើត​មក​ទោះ​បី​ស្លាប់​ ឬ​នៅ​រស់​តែ​មាន​លក្ខណៈ​មិន​គ្រប់​គ្រាន់​បែប​ណា​ក្តី​ ក៏​គេ​មិន​​ដាច់​ចិត្ត​យក​ទៅ​បោះ​ចោល​បែប​នេះ​ដែរ ។

ទោះ​បី​​ជា​បែប​ណា​ពុំ​មាន​ការ​អះ​អាង​​ពី​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ឬ​ប៉ូលិស​​​ប៉ុស្តិ៍​ចោមចៅ​ថា តើ​ទារក​នោះ​ត្រូវ​គេ​សម្លាប់​​យក​ទៅប្លុង​ចោល​ ឬ​ក៏​ស្លាប់​ដោយ​ខ្លួន​ឯង​ឡើយ។ ​ម្យ៉ាង​ទៀត​ក្រោយ​ពេល​មាន​ហេតុ​ការណ៍​បែប​នេះ​កើត​ឡើង​ ប៉ូលិស​ប៉ុស្តិ៍​ទាំង​ពីរ​ចែក​ភូមិ​សាស្ត្រ​គ្នា​ស្ទើរ​មិន​ចង់​ដាច់​ ដោយ​ប៉ុស្តិ៍​​ចោម​ចៅ​ថា ចំណុច​កើត​ហេតុ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ឯ​ប៉ូលិស​ប៉ុស្តិ៍​​​ស្ទឹង​មាន​ជ័យ​ថា ​ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ។ ​ដោយ​មិន​អាច​ទុក​ចោល​យូរ​​​បាន​ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​​ជីក​រណ្តៅ​​កប់​​សព​ទារក​នោះ​​នៅ​កន្លែង​កើត​ហេតុ​​​តែ​ម្តង៕