ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​គ្រោង​រៀបចំ​វេទិកា​ធុរកិច្ច​នៅ​ដើមឆ្នាំ​ក្រោយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា គ្រោង​នឹង​រៀបចំ​វេទិកា​ធុរកិច្ច​មួយ​ក្នុង​ប្រទេស​កម្ពុជា នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧​ខាង​មុខ ដើម្បី​កៀងគរ​វិនិយោគិន ធុរជន​ពី​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន

រាជធានី​ភ្នំពេញ ៖ សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា គ្រោង​នឹង​រៀបចំ​វេទិកា​ធុរកិច្ច​មួយ​ក្នុង​ប្រទេស​កម្ពុជា នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧​ខាង​មុខ ដើម្បី​កៀងគរ​វិនិយោគិន ធុរជន​ពី​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​តំបន់​អាស៊ាន​មក​ជួបជុំ​ពិភាក្សា​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​បោះទុន​វិនិយោគ​នៅ​កម្ពុជា ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ នៅ​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់ លោក Bretton G. Sciaroni នាយក​ជាន់ខ្ពស់​នៃ​សភាពាណិជ្ជកម្ម​អន្តរជាតិ ឱ្យ​ដឹង​ថា គោលបំណង​នៃ​ការ​រៀបចំ​ឲ្យ​មាន​វេទិកា​ធុរកិច្ច​នៅ​ដើមឆ្នាំ​ក្រោយ​នេះ គឺ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ពី​បណ្ដា​ប្រទេស​នានា​ក្នុង​និង​ក្រៅ​តំបន់​ចូលរួម​ជជែក និង​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​ធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​កម្ពុជា ។ លោក​ថ្លែង​ថា ៖ « ក្នុង​ឱកាស​នោះ​ដែរ អ្នកចូលរួម​ទាំងអស់​ក៏​អាច​មានឱកាស​បង្កើត​ទំនាក់ទំនង​ធុរកិច្ច​រវាង​គ្នា ហើយ​ក៏​អាច​បង្កើត​អាជីវកម្ម​ថ្មី​ជាមួយ​គ្នា​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកចូលរួម​ថែម​ទាំង​មាន​ពេលវេលា​ផ្លាស់​ប្តូរ​មតិយោបល់​ពី​ការ​ធ្វើ​អាជីវកម្ម និង​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​ផង​ដែរ » ។

លោក​បន្ត​ថា នៅ​ពេល​និយាយ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ព្រឹត្តិការណ៍​ដូច​ជា កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក គឺជា​សញ្ញា​ប្រាប់​ថា កម្ពុជា​បាន​បើកទ្វារ​របស់​ខ្លួន​សម្រាប់​អាជីវកម្ម​កម្រិត​កំពូល​។ លោក​បន្ត​ថា ៖ « អង្គ​ជំនុំជម្រះ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​បាន​ផ្ដល់​ជូន​នូវ​ឱកាស​សម្រាប់​ក្រុមហ៊ុន​បរទេស​មក​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស និង​ជួប​ជាមួយ​មេដឹកនាំ​នយោបាយ ដើម្បី​ស្វែង​យល់​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ ព្រមទាំង​អាច​ជួប​ជាមួយ​ដៃគូ​សក្ដានុពល និង​ស្វែងរក​ការ​បណ្ដាក់ទុន​ដែល​ទទួល​បាន​ជោគជ័យ​រៀង​ៗ​ខ្លួន » ។

លោក Pierre Tami ប្រធាន​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ ឲ្យ​ដឹង​ថា ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​ឆ្នាំ​ក្រោយ​នេះ យើង​មាន​គម្រោង​បញ្ជាក់​ពី​ជំហរ​តែ​មួយ​គត់​របស់​កម្ពុជា​នៃ​គោលដៅ​វិនិយោគ​ក្នុង​បេះដូង​អាស៊ាន ។ លោក​និយាយ​ថា ៖ «​ព្រឹត្តិការណ៍​នេះ នឹង​ផ្ដល់​ជូន​នូវ​ការ​យល់​ដឹង​ដល់​វិនិយោគិន​អន្តរជាតិ​អំពី​វិស័យ​ជា​ច្រើន ដូច​ជា បដិសណ្ឋារកិច្ច​, អាហារ និង​ភេសជ្ជៈ​, ការ​អប់រំ​, ការ​ផលិត​, បច្ចេកវិទ្យា​ឌី​ជី​ថ​ល​, ច្បាប់​, ពន្ធ​និង​អភិបាលកិច្ច និយាយ​អំពី​វិស័យ​កសិកម្ម និង​ការ​លូតលាស់​នៅ​តំបន់​អាស៊ាន​ជាដើម » ។

លោកស្រី ឈុំ សុ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​នៃ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា សព្វ​ថ្ងៃនេះ សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា មាន​សមាជិក​ជាង​១២០​ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ ។ បេសកកម្ម​របស់​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា គឺ​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​ផ្ដល់​នូវ​សមាជិក​របស់​ខ្លួន​ក្នុង​វេទិកា​ផ្លាស់​ប្តូរ​ជាមួយ​រាជរដ្ឋាភិបាល ។

គួរ​បញ្ជាក់​ថា បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា នឹង​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់ នៅ​ថ្ងៃ​ទី​១៤ និង​១៥ កុម្ភៈ ២០១៧ ដោយ​នឹង​អញ្ជើញសម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បើក​ជា​ផ្លូវការ​ផង​ដែរ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​មាន​អ្នកចូលរួម​ប្រមាណ​៤០០​នាក់ ទាំង​មន្ត្រី​រាជរដ្ឋាភិបាល​ថ្នាក់​កំពូល និង​មេដឹកនាំ​ពាណិជ្ជកម្ម​មក​ពី​ក្រុមហ៊ុន​នានា​ទូ​ទាំង​ពិភពលោក ៕