រាជធានីភ្នំពេញ ៖ ចាត់ទុកថា ជាការប្រកាន់គោលជំហរលើកស្ទួយវិស័យភាពយន្តខ្មែរ រោងភាពយន្តលេជេនបានបញ្ចេញរបាយការណ៍នូវបណ្តាខ្សែភាពយន្តខ្មែរ និងបរទេស ដែលឈ្នះការទាក់ទាញពីការបោះឆ្នោតជូនមហាជនបានដឹងជាផ្លូវការណ៍ ។
ការប្រកាសនេះ ដើម្បីរៀបចំចូលរួមព្រឹត្តិការណ៍ធំមួយនៅជិតបំណាច់ឆ្នាំ២០១៦ខាងមុខ ដែលរោងភាពយន្តលេជេនត្រៀមសម្រាំងរួចជាស្រេច ។ នេះជាការបង្ហាញនូវភាពទាក់ទាញមួយ សម្រាប់ទស្សនិកជន ក៏ដូចជាអ្នកពាក់ព័ន្ធឋលើវិស័យកុនខ្មែរ ពិសេសម្ចាស់ផលិតកម្ម ដែលតម្រូវយ៉ាងណាខំកែខៃស្នាដៃឲ្យល្អមានគុណភាពឆក់ចិត្តអ្នកទស្សនាបាន ។
មានខ្សែភាពយន្តខ្មែរល្បីឈ្មោះ ដែលរកប្រាក់ចំណូលខ្ពស់ប្រចាំរោងភាពយន្តលេជេន (Legend) ចំនួន៧រឿង មកពីផលិតកម្មផ្សេងៗពីគ្នាបានដាក់ឱ្យធ្វើការបោះឆ្នោត និងជ្រើសរើសឲ្យចូលរួមព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies of The Years 2016) ដែលមិនធ្លាប់មានពីមុនមក ។ ជំហានថ្មីរបស់លេជេនមិនដែលមាននៅកម្ពុជានេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៦នេះ នៅរោងភាពយន្តលេជេនសាខាទួលគោក ដោយប្រកាន់គោលការណ៍មួយគឺ លើកកម្ពស់វិស័យខ្សែភាពយន្តនៅកម្ពុជាពិសេសភាពវិវត្តន៍របស់រឿងខ្មែរ ។
កញ្ញាគុយ កែវមរកត បុគ្គលិកប្រតិបត្តិផ្នែកទីផ្សាររបស់រោងភាពយន្តលេជេនបានរៀបរាប់ថា កម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំ២០១៦នឹងត្រូវប្រារព្ធឡើងនៅចុងខែនេះ នៅរោងភាពយន្តលេជេន សាខាទួលគោក ក្នុងបរិវេណផ្សារទំនើប TK Avenue ចាប់ពីម៉ោង៤និង៣០នាទីរសៀល តទៅដែលនិងមានអ្នកចូលរួមពីសំណាក់សិល្បករ ផលិតករ ប្រមាណ២០០ ទៅ ៣០០នាក់នឹងត្រូវបានចូលរួម។
បុគ្គលិកប្រតិបត្តិផ្នែកទីផ្សាររូបនេះបន្តថា កម្មវិធីនេះក្នុងគោលបំណងជួយជំរុញលើកកម្ពស់ ការផ្សព្វផ្សាយវិស័យខ្សែភាពយន្តនៅកម្ពុជានិងបង្កើតបរិយាកាសទំនាក់ទំនងរវាងអ្នកពាក់ព័ន្ធនឹងវិស័យភាពយន្តនៅកម្ពុជា។កញ្ញា ថាក្រុមហ៊ុននិងផលិតកម្មចំនួន ៨ នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្រោយពីខ្សែភាពយន្តរបស់ពួកគេបានក្លាយជាខ្សែភាពយន្តដ៏ល្បីពេញនិយម និងបានរកប្រាក់ចំណូលខ្ពស់សម្រាប់ឆ្នាំនេះមានដូចជា ក្រុមហ៊ុន WML , Sabay MVP, ផលិតកម្ម RED PICTURE , ផលិតកម្ម LD Picture ផលិតកម្ម មហាហង្ស, ផលិតកម្ម Rock, ផលិតកម្ម ឥន្ទ្រានិម្មិតជាដើម។
ផលិតករ និងក្រុមហ៊ុនទាំងអស់នឹងមានឱកាសបង្ហាញគម្រោងការងារផលិតនិងការត្រៀមដាក់បញ្ចាំងខ្សែភាពយន្តថ្មីៗរបស់ពួកគេនាពេលអនាគតឬសម្រាប់បង្ហាញផែនការឆ្នាំ២០១៧ថាតើពួកគាតា់មសមិទ្ឋិផលស្នាដៃថ្មីអ្វីទៀតដែលកសាងបាន ផងដែរ។ កញ្ញាថាផលិតករ និងក្រុមហ៊ុនទាំងនេះនឹងទទួលបាននូវលិខិតសរសើរ ហើយសម្រាប់ខ្សែភាពយន្តដែលទទួលបានការបោះឆ្នោតគាំទ្រពីសំណាក់អ្នកគាំទ្រច្រើនជាងគេកន្លងមកនឹងត្រូវបានយកមកចាក់បញ្ចាំងជូនអ្នកចូលរួមទស្សនានាឱកាសនោះផងដែរ។
ភាពប្លែកដែលនឹងបន្តបរិយាកាសសម្រាប់កម្មវិធីខាងលើនេះបន្ថែមទៀតគឺមានការចូលរួមច្រៀង និងរាំពីតារាចម្រៀងដ៏ល្បីពីផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ និងក្រុមរាំអូ អឹម ជី(OMG) ផងដែរ។ កញ្ញា រំពឹងដែរថាព្រឹត្តិការណ៍លើកដំបូងនៅកម្ពុជានេះនឹងបានចូលរួចចំណែកលើកស្ទួយវិស័យខ្សែភាពយន្តនៅកម្ពុជា ហើយ រោងភាពយន្ត លេជេន សង្ឃឹមថានឹងព្យាយាមពង្រីកកម្មវិធីនេះឲ្យកាន់តែធំសម្រាប់ឆ្នាំក្រោយៗទៀត។
ចែករំលែកព័តមាននេះ