ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​ពានរង្វាន់ Soccer League 2016 ចាប់ផ្ដើម​ប្រកួត​ជា​ផ្លូវការ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បាល់ទាត់​ពានរង្វាន់ Soccer League 2016 ចាប់ផ្ដើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​២០ ធ្នូ កន្លង​មកនេះ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​

រាជធានី​ភ្នំពេញ ៖ បាល់ទាត់​ពានរង្វាន់ Soccer League 2016 ចាប់ផ្ដើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​២០ ធ្នូ កន្លង​មកនេះ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក ហ៊ុន ម៉ា​នី ប្រធាន​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក ស សុខា ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​រៀបចំ​ការ​ប្រកួត Soccer League 2016 ។ ក្នុង​ឱកាស​នោះ​ក៏​មាន​ពិធី​ដង្ហែ​ក្បួន​ក្រុមកីឡា​បាល់​ទាត់​​ទាំង​៦០​ចូល​ទៅ​កាន់​ទីលាន​ប្រកួត​ទៀត​ផង ។

លោក ហ៊ុន ម៉ា​នី មាន​ប្រសាសន៍​ថា ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​ជើងឯក​Soccer League2016​នេះ​គឺជា​លើក​ទី​៤​ហើយ​និង​ធ្វើ​ឡើង​ក្នុង​ស្មារតី​សាមគ្គី​គ្នា លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់​ជាតិ​រវាង​យុវជន និង​យុវជន ដោយ​មិន​រើសអើង​ភេទ ឋានៈ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ឡើយ និង​ដើម្បី​មហា​គ្រួសារ​កីឡា​យុវជន​ក្នុង​ស្មារតី​អនាគត​កីឡាបាល់ទាត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាង​នេះ​ទៅ​ទៀត ការ​ប្រកួត​នេះ​គឺជា​ការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​បញ្ចេញ​ទេព​កោសល្យ​លេង​កីឡា ជា​ជាង​ការ​ចំណាយពេល​ឥតប្រយោជន៍​ទៅ​សេព​គ្រឿងញៀន លេង​ល្បែងស៊ីសង និង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ ដែល​សង្គម​កំពុង​តែ​ស្អប់ខ្ពើម​។

លោក​បន្ត​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​ជើងឯក​ Soccer League 2016 កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​មាន​ក្រុម​ចូលរួម​ប្រកួត​កាន់​តែ​ច្រើន​ឡើង ជាក់ស្ដែង​ឆ្នាំ​នេះ​មាន​ក្រុម​ចូលរួម​ប្រកួត​រហូត​ដល់​ទៅ​៦០ ។ ដូច្នេះ ដើម្បី​ឱ្យ​ការ​ប្រកួត​នេះ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ គ្រប់​ក្រុម​ទាំងអស់​ត្រូវ​រក្សា​នូវ​ក្រមសីលធម៌ និង​ភាព​អត់ធ្មត់​ឱ្យ​បាន​ខ្ពស់​បំផុត​ដើម្បី​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​ត្រូវ​គោរព​ឱ្យ​បាន​នូវ​ក្បួនច្បាប់​វិន័យ បទបញ្ជាផ្ទៃក្នុង និង​ត្រូវ​ទទួលយក​ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​អាជ្ញាកណ្ដាល​ឱ្យ​ខាង​តែ​បាន ។

លោក ថោ​ង ខុន មាន​ប្រសាសន៍​ថា កីឡា​ដើម្បី​ទាំងអស់​គ្នា ហើយ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ឱ្យ​ស្គាល់​ពី​តម្លៃ​កីឡា​ដែរ ។ មិនតែប៉ុណ្ណោះ​ការ​លេង​កីឡា ក្រៅពី​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ ក៏​បាន​ផ្ដល់​នូវ​សុខភាព​ល្អ សាមគ្គីភាព​សម្រាប់​យុវជន ក្ដី​សង្ឃឹម​របស់​ប្រទេស​ជាតិ​យើង ។ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រកួត​កីឡា​បាល់ទាត់ Soccer League កាន់តែ​មាន​ប្រជាប្រិយភាព​ដើម្បី​ឈាន​ទៅ​រក​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០២៣ ខាង​មុខ ។

សូម​បញ្ជាក់​ថា បាល់ទាត់​ពានរង្វាន់​Soccer League 2016​នេះ​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​២០​ធ្នូ​ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០១៧៕