ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​គ្រោង​សិក្សា​គុណភាព​ដី និង​បែងចែក​តំបន់​ដាំ​ដុះ​ច្បាស់លាស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​បាន និង​កំពុង​រៀបចំ​សិក្សា​គុណភាព​ដី និង​បែងចែក​តំបន់​ដាំ​ដុះ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​លើក​ស្ទួយ​ផលិតភាព​កសិកម្ម និង​ងាយ​ស្វែងរក​ទីផ្សារ​កសិផល​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​បាន និង​កំពុង​រៀបចំ​សិក្សា​គុណភាព​ដី និង​បែងចែក​តំបន់​ដាំ​ដុះ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​លើក​ស្ទួយ​ផលិតភាព​កសិកម្ម និង​ងាយ​ស្វែងរក​ទីផ្សារ​កសិផល​កម្ពុជា ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ ថា ក្រសួង​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​អង្គការ​ក្រៅរដ្ឋា​ភិបាល​ដើម្បី​ពិនិត្យ និង​សិក្សា​រួម​គ្នា ក្នុង​ការ​រៀបចំ​ច្បាប់​គ្រប់គ្រង​ដី​កសិកម្ម ដែល​ជា​ការងារ​មាន​វិសាលភាព​ធំធេង​ទាមទារ​ឲ្យ​មានការ​គ្រប់គ្រង​ដី​កសិកម្ម និង​តំបន់​ដាំ​ដុះ​ឲ្យ​បាន​ច្បាស់លាស់ ក្នុង​គោលដៅ​ងាយស្រួល​ប្រមូល​ផល និង​ងាយ​ស្វែងរក​ទីផ្សារ ។ ក្រសួង​ក៏​កំពុង​គ្រោង​រៀបចំ​ប្រភេទ​ដី និង​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ងាយ​ដឹង​ពី​ការ​ប្រើប្រាស់​ជី បញ្ចៀស​ការ​ប្រើប្រាស់​ជី​មិន​ត្រឹមត្រូវ និង​កាត់​បន្ថយ​ការ​ចំណាយ​ទុន​ទៅ​លើ​ដី​ដើម្បី​បង្កើន​ផលិតភាព ។

លោក​បន្ត​ថា ៖ « តាម​រយៈ​ច្បាប់​គ្រប់គ្រង​ដី​កសិកម្ម ក្រសួង​នឹង​ឈាន​ទៅ​ធ្វើការ​ផាកពិន័យ​ចំពោះ​ម្ចាស់​ដី​ដែល​មាន​ទំហំ​៣​ហិ​កតា​ឡើង​ផង​ដែរ ប្រសិនជា​ដី​របស់​ពួក​គេ​មិន​ធ្វើការ​ដាំ​ដុះ ។  ការ​គ្រប់គ្រង​ការ​ជីករណ្តៅ​ដី ធ្វើ​ឲ្យ​ខូចគុណភាព​ដី ការ​ទប់ស្កាត់​ការ​ជួល​ដី​នៅ​តាម​ព្រំដែន ហើយ​ប្រសិនជា​ម្ចាស់​ដី​ជួល​ដី ពួក​គេ​នឹង​ត្រូវ​មានទោស​ទណ្ឌ​ផង​ដែរ » ។

ទោះជា​យ៉ាងណា ច្បាប់​គ្រប់គ្រង​ដី​កសិកម្ម ស្ថិត​នៅ​ក្នុង​សេចក្តី​ព្រាង​នៅឡើយ មិនដឹង​បញ្ចប់​នៅ​ពេល​ណា​ទេ ។

លោក វេ​ង សា​ខុន មាន​ប្រសាសន៍​ថា ៖ « នៅ​ពេល​មានច្បាប់ យើង​អាច​ស្វែងរក​ជំនួយ​បាន​ច្រើន ហើយ​ការងារ​នេះ​ទាមទារ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ការ​គាំទ្រ​ពី​អង្គ​ការ​ក្រៅរដ្ឋាភិបាល​នានា និង​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ។ ប្រសិនជា​មិន​មានការ​ចូលរួម​គាំទ្រ​ពី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ទាក់ទង​នឹង​បញ្ហា​ផែនការ​នេះ ទាល់តែ​មាន​គោលការណ៍ និង​ការ​រៀបចំ​ផែនការ​ច្បាស់លាស់ មិនមែន​មាន​តែ​ទ្រឹស្តី​នោះ​ទេ ព្រោះ​ផែនការ​នេះ លោក​បានឮ​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​នៅឡើយ​ទេ ។ គំនិត​ផ្តួចផ្តើម​នេះ​ពិតជា​ល្អ ប៉ុន្តែ​លោក​រង់ចាំ​មើល​លទ្ធផល​សិន មុន​នឹង​និយាយ​តទៅ​ទៀត ។

លោក​បាន​លើក​ជា​សំណួរ​ថា នៅ​កម្ពុជា​មាន​ដំណាំ​ស្រូវ​ច្រើន​ហើយ តើ​យើង​គួរ​បន្ថយ​ដំណាំ​ស្រូវ ហើយ​ងាក​មក​ដាំ​ដំណាំ​អ្វី​ផ្សេង​ឬទេ? បើ​មាន​ផែនការ គួរ​សិក្សា​ពី​បច្ចេកទេស​ដាំ​ដុះ​ឲ្យ​បាន​ច្បាស់លាស់ និង​សិក្សា​ពី​ទីផ្សារ​ថា មាន​តម្រូវការ​ឬទេ ។

លោក​បន្ត​ថា ៖ « ពេល​សិក្សា​ច្បាស់លាស់​ហើយ​ចាំ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង និង​រក​ទីផ្សារ​ឲ្យ​ប្រជាពលរដ្ឋ​ជា​មុន ហើយ​សិក្សា​ពី​ទីផ្សារ​ឲ្យ​ច្បាស់​ថា គេ​ត្រូវការ​អ្វី​ពិតប្រាកដ​។ កសិកម្ម ជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​ស្រុក​យើង ដែល​ទាមទារ​ឲ្យ​មាន​ផែនការ​ស៊ីជម្រៅ មាន​គោលនយោបាយ និង​ចក្ខុវិស័យ​ច្បាស់លាស់ » ៕