ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ Freshie Girl បដិសេធ​ព័ត៌​មាន​ចោទ​ថា នាង​ជា​ស្រី​ទំនើង

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នាង​សុខ សុជាតា អាយុ​២៥​ឆ្នាំ អតីត​ Freshie Girl ចំណាត់​ថ្នាក់​​លេខ​៣​ឆ្នាំ​២០០៥​នៃ​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ បច្ចុប្បន្ន​ជា​ម្ចាស់​ភោជនីយ​ដ្ឋាន​១៨​ក្នុង​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​។ ថ្មីៗ​នេះសារព័ត៌​មាន​មួយ​ចុះ​ផ្សាយ​ថា នាង​ជា​ស្រី​ទំនើង​គំរាម​បាញ់​អ្នក​កាសែត​ និង​ជេរ​ប្រមាថ​គំរាម​ដក​ម៉ាស៊ីន​ថត​ទៀត​ផង​។

នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១១ អ្នក​យក​ព័ត៌​មាន​បាន​ទៅ​ជួប​នាង​ផ្ទាល់​ ហើយ​សម្ភាសន៍​ជាមួយ​​នាង​រយៈ​ពេល​១​ម៉ោង​។ នាង​បាន​និយាយ​រៀប​រាប់​ពី​ដំណើរ​រឿង​ត្រួសៗ​​ថា ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១១ នាង​បាន​ទៅ​ពិគ្រោះ​រឿង​​ការ​ងារ​បញ្ជី​ស្នាម​ជាមួយ​បុគ្គ​លិក​របស់​នាង​ ព្រោះ​កន្លង​មក​មាន​បាត់​ប្រាក់​ក្រុម​ហ៊ុន​​រហូត​រាប់​មឺុន​ដុល្លារ​ឯណោះ ​។ ខណៈ​ពេល​រូប​នាង​ និង​បុគ្គ​លិក​ស្ថិត​នៅ​ក្នុង​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ដោយ​​មន្ត្រី​នគរ​បាល​កំពុង​សាក​សួរ​បុគ្គ​លិក​របស់​នាង​ និង​រូប​នាង​(មាន​មនុស្ស​ជិត​២០​នាក់​) ស្រាប់​តែ​មាន​បក្ស​ពួក​ភាគី​បុគ្គ​លិក​​របស់​នាង​ម្នាក់​ដើរ​ចូល​ក្នុង​បន្ទប់ និង​និយាយ​​ពាក្យ​គ្រោធ​គ្រាត។ ដោយ​ នាង​ខឹង​ ក៏​​តប​ត​​វិញ​។ ស្រប​ពេល​នោះ​ស្រាប់​តែ​​លេច​​បុរស​ម្នាក់​ថា ខ្លួន​​ជា​អ្នក​កាសែត​ដើរ​ចូល​មក ​ហើយ​លើក​ម៉ាស៊ីន​ថត​រូប ។ ​នាង​ក៏​សួរ​ទៅ​អ្នកកាសែត​នោះ​ថា ​ម៉េច​បាន​ជា​ថត​រូប​នាង​ខ្ញុំ​ដោយ​គ្មាន​ការ​អនុញ្ញាត​បែប​នេះ​? ខ្ញុំ​សុំឱ្យ​លុប​​រូប​នាង​ខ្ញុំ​ចេញ​។ ពេល​នោះ​អ្នក​កាសែត​ឆ្លើយ​ថា ចាំ​ខ្ញុំ​លុប​ឱ្យ​។

​នាង​សុជាតា ប្រាប់​ថា ដោយនាង​ដាក់​ពាក្យ​ប្តឹង​បុគ្គ​លិក​របស់​នាង​ទើប​មន្ត្រី​នគរ​បាល​សុំ​ឱ្យ​នាង​ និង​បុគ្គ​លិក​​ទាំង​អស់​ចូល​ខ្លួន​មក​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​ដើម្បី​សាក​សួរ។ នាង​សុខ សុជាតា បាន​សំណូមពរ​ចំពោះ​បុគ្គល​អ្នក​កាសែត​នោះ​ថា «សូម​លោក​កុំ​ដើរ​ថត​រូប​គេ ​ហើយ​បង្កើត​ព័ត៌​មាន​ថា នាង​ជា​ស្រី​ទំនើង។ ​ពាក្យ​នោះ​មិន​ល្អ​ទេ ។ ​រូប​ខ្ញុំ​​មិន​មែន​ជា​​ស្រី​ទំនើង​ដូច​ពាក្យ​ចោទ​ប្រកាន់​ទេ​។ មួយ​វិញ​ទៀត​នាងខ្ញុំ​​សុំ​បដិ​សេធ​ចំពោះ​ការ​ចោទ​​ប្រកាន់​ថា នាង​ខ្ញុំ​គំរាម​បាញ់​អ្នក​កាសែត​ គឺ​មិន​ពិត​ទេ ព្រោះ​នាង​ខ្ញុំ​ជា​អ្នក​រក​ស៊ី​លក់​ដូរ​គ្មានសិទ្ធិ​ប្រើ​ប្រាស់​អាវុធទេ ហើយ​ទី​នោះ​ជា​កន្លែង​​នគរ​បាល​ បើ​នាង​ខ្ញុំ​គំរាម​បាញ់​អ្នក​កាសែត​​មែន​​ប្រហែល​ជា​នគរ​បាល​មិន​ឱ្យ​ចេញ​ពី​ស្នង​ការដ្ឋាន​​​បា​ន​ទេ»។

នាង​សុខ សុជាតា និយាយ​ថា អ្នក​កាសែត​​រូប​នោះ​​ស្រវឹង​ស្រា​​ពេល​នាង​ចេញ​ពី​ស្នង​ការ​ដ្ឋាន​មក​ផ្ទះ​វិញគេ​​​ជិះ​ម៉ូតូ​តាម​ក្រោយ​​រថ​យន្ត​​លើក​ដៃជា​​សញ្ញា​ជេរ​ប្រមាថ​នាង​ទៅ​វិញ​ទេ មិន​មែន​​នាង​​ជេរ​ប្រមាថ​អ្នក​កាសែត​ទេ​។​ នាងសុជាតា​​ប្រាប់​​ថា នាង​កំពុង​តែ​ឱ្យ​មេធាវី​របស់​នាង​រៀប​ចំ​ដាក់​ពាក្យ​បណ្តឹង​ពី​ករណី​ចោទ​ថា នាង​ជា​ស្រី​ទំនើង​គំរាម​បាញ់​អ្នក​កាសែត​ដើម្បី​ឱ្យ​​សមត្ថ​កិច្ច​រក​យុត្តិ​ធម៌​ឱ្យ​រូប​នាង​ ព្រោះ​នាង​មិន​បាន​ប្រព្រឹត្ត​ទេ ៕