រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងជាសាធារណៈ អំពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ដល់គ្រប់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងអស់ ដែលខ្លឹមសារក្នុងសេចក្តីជូនដំណឹងបានប្រកាសថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ ។
ការចេញសេចក្តីជូនដំណឹងជាសាធារណៈរបស់ គ.ជ.ប ធ្វើឡើងនៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១១ បន្ទាប់ពី គ.ជ.ប បានទទួលសេចក្តីសម្រេចរបស់ព្រឹទ្ធសភាចុះថ្ងៃទី២០ មករា ឆ្នាំ២០១១ ស្តីពីការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោត ការកំណត់ចំនួនអាសនៈ និងការបែងចែកអាសនៈតាមភូមិភាគ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ។ ហើយកាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១ រាជរដ្ឋាភិបាលក៏បានសម្រេចប្រកាសនូវកាលបរិច្ឆេទនៃការបោះឆ្នោតនេះផងដែរ ។
យោងតាមសេចក្តីសម្រេចរបស់ព្រឹទ្ធសភាបានឱ្យដឹងថា ចំនួនអាសនៈទាំងអស់របស់ព្រឹទ្ធសភាសម្រាប់នីតិកាលទី ៣ មានចំនួន៦១ ហើយអាសនៈដែលត្រូវបោះឆ្នោតជ្រើសតាំងត្រូវកំណត់ត្រឹម៥៧ ដោយបែងចែកតាមភូមិភាគមានដូចខាងក្រោម ៖
-ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦អាសនៈ
-ភូមិភាគទី២ ខេត្តកំពង់ចាម មាន៨អាសនៈ
-ភូមិភាគទី៣ ខេត្តកណ្តាល មាន៥អាសនៈ
-ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០អាសនៈ
-ភូមិភាគទី៥ ខេត្តតាកែវ កំពត និងខេត្តកែប មាន៧អាសនៈ
-ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧អាសនៈ
-ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ មាន៨អាសនៈ
-ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មាន៦អាសនៈ ។
លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឱ្យដឹងថា បើគិតចាប់តាំងពីថ្ងៃទី១ មីនា ឆ្នាំ២០១១ នេះទៅ គ.ជ.ប មានពេលវេលាចំនួន១១ខែ សម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ។ គ.ជ.ប បានចាប់ផ្តើមធ្វើផែនការមេ ប្រតិទិនការងារដើម្បីអនុវត្ត ជាមួយគ្នានោះ គ.ជ.ប ក៏កំពុងរៀបចំគម្រោងថវិកាសម្រាប់រៀបចំការបោះឆ្នោតនេះផងដែរ ។
លោកបានឱ្យដឹងទៀតថា ឆ្នាំនេះ គ.ជ.ប មានភារកិច្ចពីរដែលត្រូវធ្វើព្រមគ្នាគឺ ការរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ និងការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ ឆ្នាំ២០១២ ៕
ចែករំលែកព័តមាននេះ