ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក្រភព​អង់គ្លេស​នឹង​ចរចា​ជាមួយ​កូរ៉េ​ខាងត្បូង​លើ​ឱកាស​ពាណិជ្ជកម្ម

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ អង់គ្លេស​នឹង​ចរចា​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​លើ​ឱកាស​ពាណិជ្ជកម្ម ទាក់ទង​នឹង​ផលិតផល​ម៉ាក​ប្រណីត ខណៈ​អង់គ្លេស​បាន​រៀបចំ​ខ្លួន​ពង្រីក​ពាណិជ្ជកម្ម​បន្ទាប់​ពី​ចាក​ចេញពី​សហភាព​អឺរ៉ុប

ចក្រភព​អង់គ្លេស ៖ អង់គ្លេស​នឹង​ចរចា​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​លើ​ឱកាស​ពាណិជ្ជកម្ម ទាក់ទង​នឹង​ផលិតផល​ម៉ាក​ប្រណីត ខណៈ​អង់គ្លេស​បាន​រៀបចំ​ខ្លួន​ពង្រីក​ពាណិជ្ជកម្ម​បន្ទាប់​ពី​ចាក​ចេញពី​សហភាព​អឺរ៉ុប ។

ក្រុម​រដ្ឋមន្ត្រី​ផ្លូវការ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ជួប​គ្នា​៤​ដង​ក្នុង​១​ឆ្នាំ ដើម្បី​ពិភាក្សា​អំពី​ការ​លុប​បំបាត់​ឧបសគ្គ​ពាណិជ្ជកម្ម និង​ការ​រំពឹង​ទុក​នា​ពេល​អនាគត ។ នេះ​បើ​តាម​រដ្ឋាភិបាល​អង់គ្លេស​បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃអាទិត្យ ។

នាយក​រដ្ឋមន្ត្រី Theresa May សន្យា​ថា នឹង​ធ្វើ​ឱ្យ​អង់គ្លេស​ក្លាយជា​អ្នកដឹកនាំ​ក្នុង​ការ​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​នៅ​ជុំវិញ​ពិភពលោក ។ ប៉ុន្តែ​អង់គ្លេស​មិន​អាច​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ខ្លួន ឬ​សូ​ម្បី​តែ​ការ​ចរចា​ជា​ផ្លូវការ ខណៈ​នៅ​តែ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប ។

លេខាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​អង់គ្លេស លោក Liam Fox បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ៖ « យើង​ចង់​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ទាំងអស់​ដែល​អាច​រកបាន ដើម្បី​ឱ្យ​អង់គ្លេស​ក្លាយជា​អ្នកដឹកនាំ​ជាស​កល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ។ កិច្ចព្រមព្រៀង​នៃ​ការ​ពិភាក្សា​ពាណិជ្ជកម្ម​ថ្មី​បំផុត​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​ចាក​ចេញពី​សហភាព​អឺរ៉ុប និង​មិនមែន​ការ​និយាយ​បំផ្លើស​នោះ​ទេ » ។

កិច្ច​ពិភាក្សា​មិន​ទាន់​សម្រេច​ជាមួយ​កូរ៉េ​ខាងត្បូង គឺ​ស្រ​ដៀង​គ្នា​នឹង​កិច្ច​ពិភាក្សា​រវាង​អង់គ្លេស​ជាមួយ​អូស្ត្រាលី ចិន ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ ឥណ្ឌា នូ​វែ​ល​សេ​ឡង់ និង​ន័​រ​វែ​ស ក្នុង​រយៈពេល​៦​ខែ​ចាប់ពី​ការ​បោះ​ឆ្នោត​ធ្វើ​ប្រជាមតិ​ចាក​ចេញពី​សហភាព​អឺរ៉ុប ។

ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ចក្រភព​អង់គ្លេស និង​កូរ៉េ​ខាងត្បូង​មាន​តម្លៃ​ប្រមាណ​ជាង​១៣,៦​ប៊ី​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។ នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​អង់គ្លេស ខណៈ​អង់គ្លេស​ជា​វិនិយោគិន​ផ្ទាល់​ពី​បរទេស​ធំ​ជាងគេ​ទី​៥ នៅ​កូរ៉េ​ខាងត្បូង ។

រដ្ឋាភិបាល​អង់គ្លេស​បញ្ជាក់​ថា កូរ៉េ​ខាងត្បូង គឺជា​ទីផ្សារ​ជោគជ័យ ជា​ពិសេស ទៅ​លើ​ម៉ាក​ប្រណីត​ដូច​ជា Burberry Group Plc ដែល​មាន​ហាង​ចំនួន​៧០​ក្នុង​ប្រទេស​នេះ និង​ការ​ផលិត​រថយន្ត​លំដាប់​ខ្ពស់​ដូច​ជា Jaguar Land Rover និង Bentley ។ លើស​ពី​នេះ ក៏​មាន​វិស័យ​ផ្សេង​ទៀត​ជាមួយ​សក្តានុពល​ដ៏​ខ្លាំង​រួម​មាន ថាមពល​កកើត​ឡើង​វិញ និង​ការ​បំផ្លាញ​រោងចក្រ​នុយក្លេអ៊ែរ ៕