ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុបិន​កណ្តាល​ថ្ងៃ អ្នកនាំពាក្យ ៖ សម រ​ង្ស៊ី ថា​ឈ្នះ​ៗ ប៉ុន្តែ​ឃើញ​ថា​គាត់​មិន​ដែល​ឈ្នះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​បន្ត​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​បន្ត​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ហើយ​ដឹកនាំ​រាជរដ្ឋាភិបាល ឯ​គណបក្សកាន់អំណាច​ថា នេះ​ជា​ការ​ស្រមើស្រមៃ និង​សុបិន​តែ​ប៉ុណ្ណោះ ។

យោង​តាម​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ប្រមាណ​ជិត​៥​នាទី លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ រហូត​ដល់​ដឹកនាំ​រាជរដ្ឋាភិបាល​ថែម​ទៀត ។ លោក​បញ្ជាក់​ថា «​ពេល​ចាញ់ឆ្នោត​បើ​មាន​ក្រុម​ណា បុគ្គល​ណា​មិន​ព្រម​ធ្វើ​តាម  រដ្ឋាភិបាល​ថ្មី​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត គឺ​យើង​នឹង​មាន​សិ​ទិ្ធ​ពេញលេញ​ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល ។ រ​ដា្ឋ​ភិ​បាល​ស្របច្បាប់​មាន​តែ​មួយ ដោយ​មិន​អាច​មាន​រដ្ឋាភិបាល​ណាមួយ​ទៀត​ទេ គឺ​រដ្ឋាភិបាល​ខុសច្បាប់​ជា​ក្រុម​ឧទ្ទាម ។ តើ​ក្រុម​ឧទ្ទាម​មាន​សិទ្ធិ​តតាំង​ជាមួយ​រដ្ឋាភិបាល​ស្របច្បាប់​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ឬទេ ? ខ្ញុំ​ឆ្លើយ​ថា​អត់​មាន​លទ្ធភាព​ទេ ពីព្រោះ​ថា​គ្មាន​អ្នក​ណា​ភ្ជាប់​ខ្លួន​ជាមួយ​ឧទ្ទាម​នោះ​ទេ​» ។

មេដឹកនាំ​គណបក្សប្រឆាំង​បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​គណបក្ស​លោក​ដឹកនាំ​រដ្ឋាភិបាល ហើយ​មាន​ក្រុម​ឧទ្ទាម​ប្រឆាំង​នោះ​នឹង​គ្មាន​កម្លាំង​ណា ឬកងកម្លាំងប្រដាប់អាវុធ​ចូលរួម​មក​ប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់​នោះ​ទេ ។ លោក​បាន​គូសបញ្ជាក់​ថា «​រដ្ឋាភិបាល​ស្របច្បាប់​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ នឹង​អំពាវនាវ​ឲ្យ​ខ្មែរ​ទាំងអស់ មាន​ទាំង​កងកម្លាំងប្រដាប់អាវុធ​ផង មក​រួបរួម​ជុំវិញ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​រដ្ឋាភិបាល​ថ្មី ។ នៅ​ពេល​ណា​មាន​ក្រុម​ឧទ្ទាម​ណា​មក​ប្រឆាំង​នោះ យើង​នឹង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​និង​អន្តរជាតិ​ជួយ​ដោះស្រាយ​បញ្ហា និង​យក​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ជា​ធំ​» ។

ទាក់ទង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​នោះ​ដែរ​លោក សម រ​ង្ស៊ី បាន​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថា​ចង់​បំភ្លេច​ចោល និង​អះអាង​ថា លោក​គោរព​និង​ធ្វើ​ឲ្យ​មានជីវិត​ឡើង​វិញ ។ ជាង​នេះ នឹង​ឲ្យ​ម្ចាស់​ហត្ថលេខី​ទាំងអស់​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់​គ្នា ។

លោក សម រ​ង្ស៊ី បាន​សង្កត់ធ្ងន់​ថា នៅ​ពេល​ណា​ដែល​មាន​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ រដ្ឋាភិបាល​ថ្មី​ត្រូវ​តែ​កម្ចាត់​ក្រុម​ឧទ្ទាម​នោះ ។

ចំពោះ​ការ​លើក​ឡើង​បែប​នេះ​របស់​លោក សម រ​ង្ស៊ី ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន លើក​ឡើង​ថា ជា​ការ​ស្រមើស្រមៃ​និង​សុបិន​ទាំង​កណ្តាល​ថ្ងៃ​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា «​ខ្ញុំ​យល់​ថា ការ​លើក​ឡើង​របស់ សម រ​ង្ស៊ី គឺជា​ការ​ស្រមើស្រមៃ និង​សុបិន​ទាំង​កណ្តាល​ថ្ងៃ ហើយ​មិន​អាច​ក្លាយជា​ការ​ពិត​បាន​ទេ ។ ការ​ដែល​គាត់​ប្រកាស​ថា ឈ្នះ​ឆ្នោត​ហ្នឹង​មិនមែន​បច្ចុប្បន្ន​នេះ​ទេ ។ គាត់​ប្រកាស​តាំងពី​គាត់​បង្កើត​គណបក្ស​ជាតិខ្មែរ​នៅ​ឆ្នាំ​១៩៩៥​ម្ល៉េះ ។ អី​ុ​ចឹ​ង​វា​គ្មាន​អ្វី​ចម្លែក​ដែល​សម រ​ង្ស៊ី លើក​ឡើង​ថា​ឈ្នះ​ៗ ក៏​ប៉ុន្តែ​យើង​ឃើញ​ថា​គាត់​មិន​ដែល​ឈ្នះ​ទេ​» ។

លោក សុខ ឥ​សាន លើក​ឡើង​ទៀត​ថា លោក សម រ​ង្ស៊ី តែងតែ​លើកយក​សភាពការណ៍​ក្រៅប្រទេស​រហូត ជាក់ស្តែង​នោះ​ពេល​លោកស្រី អូ​ង សាន​ស៊ូ​ជី ឈ្នះ​ឆ្នោត  គាត់​ប្រកាស​ថា​គាត់​ឈ្នះ​ឆ្នោត​ដែរ និង​គណបក្សប្រឆាំង​នៅ​តៃវ៉ាន់​ឈ្នះ​ឆ្នោត គាត់​ក៏​ថា​គណបក្ស​គាត់​ឈ្នះ​ឆ្នោត​ដែរ ។

ចំណែក​ករណី​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​វិញ ដែល លោក សម រ​ង្ស៊ី ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មិន​បាន​គោរព​នោះ លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចូល​ខ្លឹមសារ​សំខាន់​ៗ​ក្នុង​រដ្ឋធម្មនុញ្ញ​អស់ហើយ ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ។

លោក​ថ្លែង​ថា ការ​លើក​ឡើង​ពី​ការ​គិតគូរ​ពាក់ព័ន្ធ​នឹង​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​របស់​លោក សម រ​ង្ស៊ី នោះ មិន​មាន​ប្រយោជន៍​ទេ ។ ជាក់ស្តែង​នោះ​លោក​បាន​ធ្វើ​តាំងពី​យូរណាស់​មក​ហើយ ដោយ​ទៅ​ពឹង​អន្តរជាតិ​និង​ប្រទេស​ជា​ហត្ថលេខី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស រហូត​ដល់​សហគមន៍​អឺ​រ់​ុ​ប​ទៀត​ផង ក៏​ប៉ុន្តែ​គ្មាន​លទ្ធភាព​នោះ​ទេ ព្រោះថា​ក្នុង​លក្ខន្តិកៈ​របស់​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​មិន​អនុញ្ញាត​ឲ្យ​លូកដៃ​ចូល​ក្នុង​អធិបតេយ្យភាព​កម្ពុជា​ទេ ៕