ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មុខសញ្ញា​យ៉ាង​សកម្ម​ជា​បន្តបន្ទាប់ ក្រោយ​បែកធ្លាយ​សកម្មភាព​ក្នុង​កាមេរ៉ា

1 ឆ្នាំ មុន
  • បាត់ដំបង

ក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ឃាត់ខ្លួន​ពី​បទ

ខេត្តបាត់ដំបង ៖ ក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ឃាត់ខ្លួន​ពី​បទ «​កាច់​សោ​លួច​ម៉ូតូ​» យ៉ាង​សកម្ម ពេល​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២​នេះ​ហើយ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​មន្ត្រី​ជំនាញ នៃ​ការិយាល័យ​នេះ​។

បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់​នេះ មាន ១- ឈ្មោះ កូវ ប៊ុ​ន​ឡុ​ច ហៅ សិន សេត អាយុ​៤១​ឆ្នាំ ២- ឈ្មោះ​កូវ រិ​ទ្ធី ហៅ រិ​ទ្ធ អាយុ​៤២​ឆ្នាំ និង​៣- ឈ្មោះ ជា សុខ​នឿ​ន ហៅ ស មឿ​ន អាយុ​៣៩​ឆ្នាំ​។ ក្នុង​នោះ​ជនសង្ស័យ​ចំនួន​០២​នាក់​ដែល​មានត្រកូល កូវ រស់នៅ​ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល ដោយឡែក​ម្នាក់​ទៀត​ឈ្មោះ រិ​ទ្ធី ហៅ រិ​ទ្ធ មានស្រុក​កំណើត​នៅ​ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ តែ​បាន​មក​ស្នាក់​បណ្ដោះ​ជាមួយ​ជន​ជនសង្ស័យ​ត្រកូល កូវ ខាងលើ ដើម្បី​ដើរ​ធ្វើ​ជា​ចោរលួច​ម៉ូតូ​។

បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ថា ជន​ទាំង​០៣​នាក់​ខាងលើ ត្រូវ​បាន​ចាប់ខ្លួន​នៅ​កន្លែង​ផ្សេង​ៗ​ពី​គ្នា កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា នៅ​ពេល​កើតហេតុ និង​ក្រោយ​កើតហេតុ ខុស​គ្នា​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។

បើ​តាម​ព្រឹត្តិ​ហេតុ នៃ​ការ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​របស់​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ គឺ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា គឺ​ឈ្មោះ​នឿ​ន បាន​ជិះ​ម៉ូតូឌុប​ឈ្មោះ ឡុ​ច ទៅ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​នៅ​ចំណុច​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។ ហើយ​ម៉ូតូ​នោះ គឺ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ បាត់ដំបង 1AF-8945 ដែល​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ឈួ​ន សា​វ័ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ ជន​ដៃដល់​ឈ្មោះ ឡុ​ច ជា​អ្នក​ចុះ​ធ្វើ​សកម្ម តែ​ត្រូវ​ម្ចាស់ និង​អ្នក​ភូមិ​ឃើញ​ទាន់ ក៏​ស្រែក​ផ្អើល​ឆោឡោ រួច​តាម​ក្របួច​.​កបាន​ភ្លាម​ៗ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ក្រោយ​ពី​នាំ​ខ្លួន​ទៅ​សួរនាំ ទើប​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ឈាន​ដល់​តាម​ចាប់ខ្លួន​បក្សពួក​ជន​នេះ​បាន​ចំនួន​០២​នាក់​ទៀត​ជា​បន្តបន្ទាប់​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ក្រុម​ជន​ដៃដល់​ទាំង​០៣​នាក់​នេះ ធ្លាប់​កាច់​សោ​លួច​ម៉ូតូ​គេ​មួយ​ករណី​ទៀត កាលពី​ថ្ងៃ​ទី​២២ ខែឧសភា កន្លង​ទៅ​នេះ នៅ​ចំណុច​ភូមិ​ចំការ​ល្មុត ឃុំ​ស្ដៅ ស្រុក​រន​ត​មណ្ឌល​ដដែល ដែល​ម្ចាស់​ម៉ូតូ​មានឈ្មោះ ហៅ ពៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​។ កាលនោះ​ឈ្មោះ ឡុ​ច និង​ឈ្មោះ រិ​ទ្ធី ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់ ហើយ​ឈ្មោះ នឿ​ន ជា​អ្នក​យក​ម៉ូតូ​ទៅ​លក់​។ ហើយ​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ស ទៅ​ធ្វើ​សកម្ម​ភាព ហើយ​សកម្មភាព​របស់​ពួក​គេ​បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​តាម​ផ្ទះ​លក់ដូរ​ក្បែរផ្លូវ​នោះ​ផង​ដែរ​។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​បន្ត​ថា តាម​ពិត​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​នេះ ត្រូវ​កម្លាំង​ជំនាញ​របស់​លោក​កំណត់​បាន​តាំងពី​ពេល​នោះ ទើប​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​តាម​ឃ្លាំមើល​សកម្មភាព​របស់​ពួក​គេ​។ លុះ​ក្រុម​នេះ​ប្រព្រឹត្ត​លើក​ចុង​ក្រោយ​នៅ ឃុំ​ត្រែង ហើយ​ត្រូវ​អ្នក​ភូមិ និង​ម្ចាស់​ម៉ូតូ​ក្របួច​បាន​ភ្លាម​ៗ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ ទើប​ឈាន​ដល់​ឃាត់ខ្លួន​ប​បក្សពួក​គេ​ទាំងអស់​តែ​ម្ដង​។

លោក​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​ការ​ស៊ើបអង្កេត​លើ​បទល្មើស​ដែល​ក្រុម​នេះ​បាន​ប្រព្រឹត្ត គឺ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជា​ច្រើន​កន្លែង​ណាស់​។ យ៉ាងណា​ក្ដី ជាមួយនឹង​ការ​ឃាត់ខ្លួន​ក្រុម​ចោរ​លួច​ម៉ូតូ​ដ៏​សកម្ម​ទាំង​០៣​នាក់​នេះ សមត្ថកិច្ច​ក៏​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ កូនសោ​លេខ​៨ រាង​អក្សរ L ចំនួន​០២​ដើម​, ផ្លែ​យូ​ណឺ​វី​ស​ចុង​រាង​សំប៉ែត​០១​ដើ​,​ម ផ្លែ​ស្វាន​ចុង​រាង​សំប៉ែត​០១​ដើម​, ផ្លែ​តួ​ណឺ​វី​ស​កែ​ច្នៃ​រាង​អ​ក្សា​រ T ០១​ដើម (​ឧបករណ៍​ទាំង​០៣​នេះ សម្រាប់​កាច់​សោ​ម៉ូតូ​) និង​ម៉ូតូ​ចំនួន​០២​គ្រឿង​ទៀត គឺ​ម៉ាក​ឃ្លី​ក និង​ម៉ាក​ហុងដា​ឌ្រី​ម ដែល​ម៉ូតូ​ទាំង​០២​គ្រឿង​នេះ ពួក​គេ​តែងតែ​ជិះ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ចោ​កម្ម​។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​សួរនាំ ពេល​នេះ​លោកស្នងការ បាន​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ចោរ​សកម្ម​ទាំង​០៣​នាក់​នេះ រួម​ទាំង​វត្ថុ​តាង​ផង ទៅ​កាន់​សាលាដំបូង​ខេត្ត​បាត់​ការ​តាម​ផ្លូវច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ