ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ ៖ ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​អា​មេ​រិ​ក​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពីដើម​ស​ប្តា​ហ៍​មុន ធនាគារកណ្តាល​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​សេដ្ឋវិទូ​កម្ពុជា​ព្រមាន​ពី​ផល​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង

រាជធានី​ភ្នំពេញ ៖ កាលពីដើម​ស​ប្តា​ហ៍​មុន ធនាគារកណ្តាល​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​សេដ្ឋវិទូ​កម្ពុជា​ព្រមាន​ពី​ផល​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៦​ធ្នូ​ថា សហរដ្ឋអាមេរិក​បាន​សម្រេច​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​០,២៥% ដែល​នេះ​ជា​ទំហំ​ធំ​មួយ​ផង​ដែរ ។ ការ​ដំឡើង​អត្រា​ការ​ប្រាក់​បែប​នេះ នឹង​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​របស់​ប្រទេស​នេះ ព្រោះ​បើ​គេ​ទិញ​ទំនិញ​ពី​យើង​ថ្លៃ គេ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន គេ​នឹង​ងាក​ទៅ​កាន់​ប្រទេស​ដែល​មាន​ទំនិញ​តម្លៃ​ថោក​ជាង​យើង ហើយ​ភាព​ប្រកួតប្រជែង​របស់​យើង​នឹង​មាន​ផល​ប៉ះពាល់ ។ លោក​ថ្លែង​ថា ៖ « ក្នុង​ស្ថានភាព​នេះ នឹង​ធ្វើ​ឲ្យ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​ធ្លាក់​ចុះ និង​មាន​លំហូរ​សាច់ប្រាក់​ចេញ​ទៅ​វិញ ព្រោះ​ពេល​អត្រា​ការ​ប្រាក់​នៅ​ប្រទេស​គេ​ខ្ពស់ គេ​នឹង​យក​ប្រាក់​របស់​ពួក​គេ​ត្រឡប់​ទៅ​វិញ ។ វា​នឹង​មាន​បញ្ហា​ដល់​កម្ពុជា ដូច្នេះ កម្ពុជា​ខ្លួនឯង​ត្រូវ​ពង្រឹង​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​កាន់តែ​ច្រើន​កាន់តែ​ល្អ ហើយ​កម្ពុជា​ត្រូវ​តែ​គិត​ពី​បញ្ហា​នេះ » ។

លោក​បណ្ឌិត​បន្ត​ថា ៖ « នៅ​ពេល​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​ច្រើន តែង​មាន​អ្នក​ចាញ់ និង​អ្នក​ឈ្នះ ប៉ុន្តែ​ដើម្បី​ផលប្រយោជន៍​ជាតិ យើង​ត្រូវ​តែ​ធ្វើ​វា ។ បច្ចុប្បន្ន ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​មាន​កម្រិត​ថេរ​នៅ​លើ​ទីផ្សារ​ប្តូរ​ប្រាក់ ប៉ុន្តែ​ការ​ថេរ​មិនល្អ​នោះ​ទេ គួរតែ​មានការ​ប្រែប្រួល ទើប​ល្អ បើ​វា​ឡើងថ្លៃ​ធៀប​នឹង​ដុល្លារ ប៉ុន្តែ​បើ​វា​ចុះថោក​ធៀប​នឹង​ដុល្លារ ការ​យក​ប្រាក់​ដុល្លារ​ជា​ការ​ល្អ​ជាង ។

ទោះជា​យ៉ាងណា អ្នក​ប្រតិបត្តិ​ផ្ទាល់​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កម្ពុជា មិន​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ ឬ​លើក​ឡើង​ពី​ផល​ប៉ះពាល់​ក្នុង​វិស័យ​នេះ​ទេ ។

លោក ស៊ី​ម សេនា​ជាតិ អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ថ្លែង​ថា ការ​ដំឡើង​អត្រា​ការ​ប្រាក់ មិន​មាន​ផល​ប៉ះពាល់​ដល់​វិស័យ នេះ​ទេ ដោយសារ​ប្រភព​ទុន​ក្នុង​វិស័យ​នេះ​ភាគច្រើន មិនសូវ​យក​ពី​សហរដ្ឋអាមេរិក ហើយ​ភាគច្រើន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​គឺ​យក​ទុន​ពី​អឺរ៉ុប និង​ប្រភព​ទុន​យក​មក​ពី​ប្រទេស​ចិន​។ លោក​បន្ត​ថា ៖ « ការ​ដំឡើង​ការ​ប្រាក់​នៅ​អា​មេ​រិ​ក មិន​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ដំឡើង​អត្រា​ការ​ប្រាក់​នោះ​ទេ គឺ​មាន​តែ​បន្ធូរបន្ថយ​ដោយសារ​ការ​ប្រកួតប្រជែង​កើនឡើង » ។

លោក​បណ្ឌិត អិុ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ថ្លែង​ថា ពេល​កម្ពុជា​ត្រូវ​ខ្ចីប្រាក់​ជា​ដុល្លារ ត្រូវ​ឡើង​ការ​ប្រាក់​ថែម​០,២៥% ។ ប៉ុន្តែ​យើង​មិនដឹង​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ប៉ុន្មាន​ភាគរយ ដែល​បាន​យក​ប្រភព​ទុន​ពី​សហរដ្ឋអាមេរិក​នោះ​ទេ​។ ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន ពួក​គេ​មិន​បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការ​ផ្តល់​ឥណទាន​នោះ​ទេ ដូច្នេះ​ឥណទាន​ដែល​មាន​ផល​ប៉ះពាល់ គឺ​ឥណទាន​ដែល​មាន​រយៈពេល​៣​ទៅ​៥​ឆ្នាំ ។ លោក​បន្ត​ថា ៖ « ដើម្បី​ជំរុញ​ការ​វិនិយោគ គេ​តែង​បន្ថយ​អត្រា​ការ​ប្រាក់​បញ្ញើ ប៉ុន្តែ​បើ​វិនិយោគ​កើនឡើង​ច្រើន គេ​ដំឡើង​អត្រា​ការ​ប្រាក់​សន្សំ​វិញ ដើម្បី​បញ្ចៀស​អតិផរណា ។ ខ្ញុំ​គិត​ថា ការ​ដំឡើង​អត្រា​ការ​ប្រាក់​បែប​នេះ មិន​មាន​ផល​ប៉ះពាល់​ដល់​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​ទេ ព្រោះ​បច្ចុប្បន្ន កម្ពុជា​បាន​ពឹង​ប្រភព​ទុន​ពី​ប្រទេស​ចិន​កាន់តែ​ច្រើន » ៕