ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញសាកសពកម្មការិនីរោងចក្រម្នាក់នៅក្នុងទឹកបឹង

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​ដែល​​បាត់​ខ្លួន​ពី​ផ្ទះ​ជួល​អស់​រយៈ​ពេល​១​យប់​ លុះ​ព្រឹក​ឡើង​ត្រូវ​បាន​បង​ប្អូន​សាច់​ញាតិ​តាម​រក​​ប្រទះ​ឃើញ​សាក​សព​នៅក្នុង​ទឹក​បឹង​មួយ​កន្លែង​ដែល​ពោរ​ពេញ​ទៅ​ដោយ​កក់​ដុះយ៉ាង​ក្រាស់​ឃ្មឹក​។ សព​នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​​ភ្លាមៗ​ថា ស្លាប់​ដោយ​សារ​​ការ​វាយ​ និង​កាប់​ដែល​ប្រភព​នានា​បាន​សន្និ​ដ្ឋាន​ថា អាច​ត្រូវ​គេ​ចាប់​រំលោភ​រួច​សម្លាប់​ជា​ក្រោយ​។ ការ​ប្រទះ​ឃើញ​សព​នេះ​គឺ​​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១១ នៅ​ក្នុង​ទឹក​បឹង​ដែល​មាន​កក់​ដុះ​ក្រាស់​ឃ្មឹក​ ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ដង្កោ​ ​។
នារី​រង​គ្រោះ​​ឈ្មោះ​ឃួន ឡាង អាយុ​២១​ឆ្នាំ ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​យីហោ​ ហ្វ័រ​ឈូន ស្នាក់​នៅ​​ផ្ទះ​ជួល​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ និង​មាន​ស្រុក​កំណើត​​ក្នុង​ភូមិ​ត្រពាំង​ស្គុន​ឃុំ​ត្រពាំង​រាំង​ ស្រុក​ជុំ​គិរី​ ខេត្ត​កំពត​ មាន​ស្នាម​របួស​រយះ​លើ​ចង្កា​ ហើម​មុខ និង​បែក​ក្បាល​។ នេះ​ជា​ការ​ស្លាប់​ដោយ​អំពើ​ឃាត​កម្ម​ដែល​គេ​​សង្ស័យ​ថា ជា​អំពើ​រំលោភ​សម្លាប់ ហើយ​ឃាតក​អាច​ជា​មនុស្ស​ស្គាល់​គ្នា​។ ក្រោយ​ពេល​ប្រទះ​ឃើញ​សព​មន្ត្រី​ប៉ូលិស​បច្ចេក​ទេស​ស្នង​ការដ្ឋាន​​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ពិនិត្យ​ដែរ​ ប៉ុន្តែ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​ករណី​រំលោភ​រួច​សម្លាប់​ ឬ​ក៏​បែប​ណា​ឡើយ​។
តាម​ប្រភព​ព័ត៌​មាន​ពី​បង​ប្អូន​ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា នាង​ឃួន ឡាង ​បាន​​បាត់​ខ្លួន​តាំង​ពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​៧ ខែ​មីនា ម្លេ៉ះ​ដែល​ពេលនោះ​ពុំ​ដឹង​ថា នាង​​ទៅ​ទីណា​ឡើយ។ ខណៈ​នោះ​គេ​បាន​នាំ​គ្នា​ទូរ​ស័ព្ទ​​រក​នាង​ ហើយ​ទូរ​ស័ព្ទ​ចូល​ជា​ធម្មតា​ ប៉ុន្តែ​​នាង​អត់​ទទួល​ទូរ​ស័ព្ទ​​នោះ​ទេ ពុំ​ដឹង​ថា ពេល​នោះ​នាង​ស្លាប់​ហើយ​ក៏​មិន​ដឹង​ លុះ​ដល់​​វេលា​ម៉ោង​៨​យប់​ស្រាប់​តែ​ទូរ​ស័ព្ទ​លែង​ចូល​រហូត​តែ​ម្តង​។  ពេល​នោះ​គេ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ ហើយ​នាំ​គ្នា​ដើរ​រក​គ្រប់​ទី​កន្លែង​ ប៉ុន្តែ​រក​មិន​ឃើញ​​ទេ លុះ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៨ មីនា នាំ​គ្នា​ដើរ​រក​ម្តង​ទៀត​ ក៏​ប្រទះ​ឃើញ​​កាត​របស់​នាង​នៅ​ចម្ងាយ​ប្រមាណ​៤០​ម៉ែត្រ​ពី មាត់​បឹង​ មិន​តែ​ប៉ុណ្ណោះ​មាន​ឈាម​នៅ​ជិត​នោះ​​ទៀត​ផង​។ ដោយ​មាន​ការ​សង្ស័យ​ គេ​ក៏​​នាំ​គ្នា​ដើរ​រក​នៅ​ក្បែរៗ​នោះ​​ទៀត​ ហើយ​ក្រោយ​មក​ក៏​បាន​ប្រទះ​ឃើញ​សព​​នៅក្នុង​ទឹក​បឹង​​ដែល​ព័ទ្ធ​ជុំ​ជិត​ទៅ​ដោយ​​កក់​យ៉ាង​ក្រាស់​ឃ្មឹក​។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ឃើញ​ហេតុ​ការណ៍​ដ៏​តក់​ស្លុត​​បែប​នេះ​ ពួក​គេ​បាន​នាំ​គ្នា​ស្រង់​សព​ចេញ​ពី​ក្នុង​ទឹក​រួច​ហើយ​ទើប​ប្តឹង​ប៉ូលិស​មូល​ដ្ឋាន​ឱ្យ​​ចុះ​ទៅ​ពិនិត្យ​មើល និង​បាន​សំណូម​ពរ​ដល់​សមត្ថ​កិច្ច​ឱ្យ​ជួយ​ស្រាវ​ជ្រាវ​វែក​មុខ​ឃាតក​ឱ្យ​ឃើញ​ដើម្បី​ផ្តល់​ភាព​យុត្តិ​ធម៌​ដល់​សព​ជន​រង​គ្រោះ​ផង​។
ប្រភព​ខាង​លើ​បាន​បន្ត​ថា នារី​រង​គ្រោះ​មុន​ពេល​ស្លាប់​បាន​ស្គាល់​បុរស​ពោះ​ម៉ាយ​ម្នាក់​ដែល​ជា​​អ្នក​បើក​បរ​រថ​យន្ត​ឈ្នួល ក្នុង​ខណៈ​ពេល​ដែល​នាង​ជិះ​រថ​យន្ត​​នោះ​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​មិត្ត​ភក្តិ​នៅ​ឯ​ខេត្ត​កំពង់​ចាម​កាល​ពី កន្លះ​​ខែ​មុន​នេះ​ ។ បុរសនោះ​​ក្រោយ​ពី​បាន​ឃើញ​នាង​ភ្លាម​ក៏​ស្រឡាញ់​ភ្លែត​ និង​តាម​សុំ​ស្នេហ៍​យ៉ាង​មុខ​ក្រាស់​បំផុត​ ប៉ុន្តែ​នាង​មិន​​បាន​យល់​ព្រម​ទេ  ព្រោះ​បុរស​នោះ​ពោះ​ម៉ាយ និង​ចាស់​ពេក​គឺ​​អាយុ​ប្រមាណ​ជាង​៤០​ឆ្នាំ​ទៅ​ហើយ​។ ទោះ​បី​ជា​នាង​មិន​ព្រម​ស្រឡាញ់​ក្តី​ ក៏​បុរស​នោះ​បាន​ទូរ​ស័ព្ទ​មក​រក​នាង​សុំ​ស្នេហ៍​ដដែល​​ ហើយ​នាង​បាន​ប្រាប់​ទៅ​វិញ​ថា នាង​ចង់​សុំ​ធ្វើ​ជា​កូន​ធម៌​ ប៉ុន្តែ​បុរស​នោះ​មិន​ព្រម​។ លុះ​នៅ​​ថ្ងៃ​អាទិត្យ ទី​៦ មីនា បុរស​នោះ​បាន​ទូរ​ស័ព្ទ​មក​រក​នាង​ទៀត​ និង​បាន​ប្រាប់​ថា យក​រូប​ថត​ដែល​នាង​​ថត​កាល​ពី​ទៅ​ការ​មិត្ត​ភក្តិ​នោះ​មក​ឱ្យ​។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​គេ​អត់​បាន​ដឹង​ថា នាង​បាន​ជួប​បុរស​នោះ​ឬ​ក៏​អត់​​ឡើយ លុះ​ដល់​​ល្ងាច​ថ្ងៃ​ទី​៧​ មីនា មាន​គេ​ទូរ​ស័ព្ទ​ចូលមក​​នាងម​្តង​ទៀត​ ប៉ុន្តែ​ពុំ​ដឹង​ថា​ជា​បុរស​នោះ ឬ​នរណា​ឡើយ​ ហើយ​នាង​បាន​ចេញ​ពី​ផ្ទះ​ជួល​បាត់​រហូត​ដល់​ពេល​ឃើញ​សព​នេះ​តែ​ម្តង​ ៕