ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញ អះអាងថា សង្គ្រាមនៅអ៊ុយក្រែន បង្កផលប៉ះពាល់អវិជ្ជមានដល់វិសយ័ទេសចរណ៍នៅកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង គ.អ.ច.ទ លោក ហោ សារុន បានថ្លែង​ថា វិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន…

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង គ.អ.ច.ទ លោក ហោ សារុន បានថ្លែង​ថា វិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បង្កផលប៉ះពាល់​អវិជ្ជមានដល់វិស័យទេសចរណ៍នៅកម្ពុជា ទោះស្ថិតក្នុងកម្រិតមួយស្តួចស្តើង ប៉ុន្តែទាមទារ​ឲ្យមានការគិតគូរ ដើម្បីធានាបានចីរភាពនៃការងើបទ្បើងវិញរបស់វិសយ័ទេសចរណ៍នៅកម្ពុជា ឆ្ពោះទៅសម្រេចគោលដៅតាមការគ្រោងទុកនៅក្នុងផែនទីចង្អុលផ្លូវ ស្តីពី ការស្តារ និងលើកស្ទួយវិសយ័ទេសចរណ៍ ក្នុងនិងក្រោយវិបត្តិកូវីដ១៩។

លោករដ្ឋលេខាធិការ ហោ សារុន បានថ្លែងបែបនេះ នៅក្នុងសន្និបាទបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិសយ័ទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩ ដំណាក់កាលទី១(២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារ​ទ្បើងវិញ​នូវវិស័យទេសចរណ៍ ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

លោកបានឲ្យដឹងថា វិបត្តិជម្លោះប្រដាប់អាវុធនៅទ្វីបអឺរ៉ុប និងការកើនទ្បើងនូវតម្លៃទំនិញផ្សេងៗ ជាពិសេសតម្លៃប្រេង ដែលបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងការប្រើប្រាស់ ដែលជាសញ្ញាណនៃការផុយស្រួយរបស់វិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែលោកថា ដោយសារទំនាក់​ទំនងសេដ្ឋកិច្ចជាមួយប្រទេសមានជម្លោះស្ថិតក្នុងកម្រិតទាបនៅឡើយ ដូច្នេះផលប៉ះពាល់នៃវិបត្តិជម្លោះប្រដាប់អាវុធនេះ មកលើកម្ពុជា ក៏មានកម្រិតមួយទាប ដែលអាចប៉ះប៉ូវបាន។ ដោយទ្បែកចំពោះវិស័យទេសចរណ៍ ក៏ដូចគ្នាដែរ វិបត្តិជម្លោះប្រដាប់អាវុធនៅអឺរ៉ុប នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា ទោះស្ថិតក្នុងកម្រិតមួយស្តួចស្តើង ប៉ុន្តែក៏ទាមទារឲ្យមានការគិតគូរ ដើម្បីធានាបានចីរភាពនៃការងើបឡើងវិញរបស់វិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅសម្រេចគោលដៅតាមការគ្រោងទុកនៅក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩។

លោករដ្ឋលេខាធិការ ក៏បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ ចំនួនទេសចរមកពីទ្វីបអឺរ៉ុប មានចំណែកប្រមាណ ១២% នៃចំនួនទេសចរដែលចូលមកកម្ពុជា ក្នុងនោះ ទេសចររុស្ស៊ីប្រមាណ ០,៨% (ប្រហែល ៥ម៉ឺន ៥ពាន់នាក់) និងទេសចរអ៊ុយក្រែនប្រមាណ ០,១% (ប្រហែល ៧ពាន់នាក់)។ លោកបន្តថា ក្នុងឆ្នាំ២០២០ ចំនួនទេសចរមកពីទ្វីបអឺរ៉ុបមានចំណែកប្រមាណ ១៧% ក្នុងនោះទេសចររុស្សីប្រមាណ ១,៧% (ប្រហែល ២ម៉ឺននាក់) និងទេសចរអ៊ុយក្រែនប្រមាណ ០,១% (ប្រហែល ៣ពាន់នាក់)។ ក្នុងឆ្នាំ២០២១ ចំនួនទេសចរមកពីទ្វីបអឺរ៉ុបមានចំណែកប្រមាណ ៤,៦% ក្នុងនោះទេសចររុស្ស៊ីប្រមាណ ០,២% (ប្រហែល ៣៥៧នាក់) និងទេសចរអ៊ុយក្រែនប្រមាណតែ ៧៦នាក់ប៉ុណ្ណោះ។

លោកក៏បានបញ្ជាក់បន្តថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២២នេះ ទេសចរមកពីទ្វីអឺរ៉ុប​មានចំណែកប្រមាណ ១១,៩% ក្នុងនោះទេសចររុស្ស៊ីប្រមាណ ០,៣% (ប្រហែល ៩៤៨នាក់) និងទេសចរអ៊ុយក្រែនប្រមាណ ០,១% (ប្រហែល ១៩០នាក់)។

លោក ហោ សារុន បានថ្លែងទៀតថា ​ដំណើរទេសចរបើកដោយខ្លួនឯង គឺជារៀបរស់នៅតាមគន្លងប្រក្រតី​ភាពថ្មី បានបង្កើតនិន្នាការថ្មីនៃវិស័យទេសចរណ៍ ដែលក្នុងនោះ ការទាក់ទាញទេសចរនៅក្នុងតំបន់ និងប្រទេសជិតខាងបានក្លាយជាគោលដៅថ្មីក្នុង​ការរុញច្រានកំណើនទេសចរណ៍ និងការបំពេញបង្គ្រប់នូវការធ្លុះធ្លាយទេសចរណ៍ ដែលបណ្តាលមកពីសង្គ្រាមនៅអឺរ៉ុប។

លោកថា ដំណើរទេសចរណ៍បើកបរដោយខ្លួនឯង គឺជាភាពទាក់ទាញមួយសម្រាប់ទេសចរ​ក្នុងតំបន់​ជាពិសេស ទេសចរនៅបណ្តាប្រទេសជិតខាង។ តាមរយៈផែនទីចង្អុលផ្លូវនៃការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩។ ផ្តើមពីនោះ ក្រសួងទេសចរណ៍ ក៏បានរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមានៃដំណើរទេសចរណ៍បើកបរដោយខ្លួនឯងតាមផ្លូវគោក ក្នុងគោលបំណងជួយសម្រួល ទាក់ទាញ និងជំរុញកំណើនទេសចរតាមផ្លូវគោក។

លោកបញ្ជាក់បន្ថែមថា នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមានេះ ក៏ត្រូវបានបញ្ចូលក្នុងសៀវភៅ​មគ្គុទ្ទេសក៍ទេសចរណ៍បើកបរដោយខ្លួនឯងនៅបណ្តាប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន ក្នុងក្របខណ្ឌគណៈកម្មការដើម្បីភាពប្រកួតប្រជែងទេសចរណ៍អាស៊ាន (ASEAN Tourism Competitiveness Committee) ដែលដឹកនាំរៀបចំដោយប្រទេសថៃ ក្នុងគោលបំណងលើកកម្ពស់ការតភ្ជាប់ការធ្វើដំណើរតាមច្រករបៀងអាស៊ាន ២០១៦-២០២៥។

លោកបន្ថែមថា នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាសម្រាប់ដំណើរទេសចរណ៍​បើកបរដោយខ្លួនឯង តាមផ្លូវគោកនេះ បានចង្អុលបង្ហាញនូវលក្ខខណ្ឌងាយៗ និងតម្រូវការឯកសារនានា សម្រាប់ភ្ញៀវទេសចរដើម្បីអាចនាំចូលបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងនាំចេញទៅវិញ។ ក្រៅពីនេះ នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមានេះក៏បានណែនាំ និងផ្តល់ព័ត៌មានចាំបាច់នានាពេលបើកបរនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ