ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ប្រពន្ធ​៣​ថ្ងៃ តាម​រក​ឃើញ​កំពុង​ដេក​ជាមួយ​ប្រុស

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​បន្ទាប់​ពី​បាត់​ពី​ផ្ទះ​៣​ថ្ងៃ ស្រាប់តែ​ប្តី​តាម​រក​ឃើញ​កំពុង​ដេក​ជាមួយ​ប្រុស​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង​យ៉ាង​ខ្លាំង …

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​បន្ទាប់​ពី​បាត់​ពី​ផ្ទះ​៣​ថ្ងៃ ស្រាប់តែ​ប្តី​តាម​រក​ឃើញ​កំពុង​ដេក​ជាមួយ​ប្រុស​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង​យ៉ាង​ខ្លាំង​ក៏​ចាក់​១​កាំបិត​ចំ​ក្រោម​ដោះ​បណ្ដាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាម​ៗ ។ ហេតុការណ៍​ប្តី​ចាក់​សម្លាប់​ប្រពន្ធ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ខារ៉ាអូខេ​ចាន់​ក្រហម ស្ថិត​ក្នុងភូមិ​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ប៊ូ ស្រី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ ទើប​ដឹង​ថា​ស្ត្រី​រង​គ្រោះ​ទើបតែ​មក​ធ្វើការ​នៅ​ក្នុង​ហាង​ខា​រា​អូ​ខេ​ខាងលើ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ ។ មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ធ្វើការ​ជា​ធម្មតា ក្រោយ​ចប់​ម៉ោង​នាង​បាន​ទៅ​ដេក​ជាមួយ​ដៃគូ​(​ភ្ញៀវ​)​នៅ​បន្ទប់​ក្នុង​កន្លែងធ្វើការ​រហូត​ដល់​មុន​កើតហេតុ​ស្រាប់តែ​ប្តី​នាង​តាម​ទៅ​រក​ឃើញ​កំពុង​នៅ​ក្នុង​បន្ទប់​កំពុង​ដេក​ជាមួយ​ភ្ញៀវ​នោះ ក៏​បាន​គោះ​ទ្វា​ហៅ​ឲ្យ​បើកទ្វា ឮ​ដូច​ច្នោះ​បុរស​ដែល​កំពុង​ដេក​ជាមួយ​នាង​បាន​រត់​ពួន​នៅ​ក្រោម​គ្រែ ។

ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​បើកទ្វារ​បន្ទប់ ស្រាប់តែ​លោក​ប្តី​ចិត្ត​ភ្លើង​បាន​ចាក់​ទៅ​លើ​នាង​១​កាំបិត​ចំពោះ​ក្រោម​ដោះ​ខាងឆ្វេង​បណ្តាល​ឲ្យ​ប្រកាច់​ចុក​ននៀល​ពេញ​នោះ ភ្លាម​ៗ​នោះ​បុរស​ជា​ប្តី​មិន​បាន​តាម​រក​ប្រុស​ដែល​ដេក​ជាមួយ​ប្រពន្ធ​ខ្លួន​ឡើយ ​គឺ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ឈឹង​តែ​ម្តង ចំណែក​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ម្ចាស់​ហាង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឧដុង្គ តែ​អកុសល​ពេល​ទៅ​ដល់​គ្រូពេទ្យ​ប្រាប់​ថា នាង​ស្លាប់​បាត់​ទៅ​ហើយ​ក៏​បាន​ដឹក​ត្រឡប់​មក​វិញ ។

សមត្ថកិច្ច​បង្ហើប​ថា បើ​តាម​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​ដែល​ដឹង​រឿង​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​ស្ត្រី​រង​មក​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ គឺ​២​នាក់​ប្តី​ប្រពន្ធ​នេះ​ឈ្លោះ​គ្នា​ស្ទើរតែ​រាល់ថ្ងៃ ព្រោះតែ​ប្តី​មិន​គិត​ជួយ​រកស៊ី​ប្រពន្ធ គឺ​គិតតែ​ផឹកស្រា​ស្រវឹង​ហើយ​រករឿង​ឈ្លោះ​មិន​លស់​ពេល​ឡើយ ។ ដោយ​ទ្រាំ​នឹង​ទ​ង្វើ​របស់​ប្តី​មិន​បាន ស្ត្រី​រង​គ្រោះ​ក៏​បាន​សម្រេចចិត្ត​មក​ធ្វើការ​នៅ​ទី​នេះ​ដើម្បី​រក​ប្រាក់​សងបំណុល​គេ និង​ចិញ្ចឹម​កូន​ដោយ​មិន​បាន​ប្រាប់​ឲ្យ​ប្តី​ដឹង​ឡើយ និយាយ​រួម​គឺ​រត់គេច​ពី​ប្តី ។

សាច់ញាតិ​ស្ត្រី​រង​គ្រោះ​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​បាត់​ប្រពន្ធ បុរស​ជា​ប្តី​បាន​តាម​រក​គ្រប់​ច្រកល្ហក តែ​រក​មិនឃើញ​ទេ ស្រាប់តែ​នៅ​យប់​កើតហេតុ​មិនដឹង​ថា​គេ​ដឹង​មកពីណា​ថា ប្រពន្ធ​នៅ​ទីនោះ ក៏​ទៅ​តាម​រក​ដល់​កន្លែង ហើយ​ចាក់​សម្លាប់​បែប​នេះ​តែ​ម្តង ។ អ្វី​ដែល​ជា​ការ​អាសូរ​នោះ គឺ​គ្រូ​សារ​នេះ​មានកូន​៣​នាក់​ក្នុង​បន្ទុក កូនស្រី​ច្បង​អាយុ​១៧​ឆ្នាំ ហើយ​កូនប្រុស​២​នាក់​ទៀត​រស់នៅ​ជាមួយ​គ្នា តើ​ឲ្យ​រំពឹង​ទៅ​លើ​អ្វី បើ​ម្តាយ​ស្លាប់ ហើយ​ឪពុក​មានទោស​ជាប់​ខ្លួន​កំពុង​រត់គេច​ពី​សំណាញ់​ច្បាប់​ទៀត?