ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​មន្ទីរ​វប្បធម៌ ចុះ​ពិនិត្យ​ទីតាំង​ប្រទះ​ឃើញ​វត្ថុ​បុរាណ​នៅ​ស្រុក​ពាមរ​ក៍

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រៃវែង រួម​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ដី​ទួល​បុរាណ​មួយ​កន្លែង

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រៃវែង រួម​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ដី​ទួល​បុរាណ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ បន្ទាប់​ពី​មាន​អ្នកនេសាទ​ត្រី​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ជា​ច្រើន ដូច​ជា​ភាជន៍ ចានឆ្នាំង ក្រឡ​ដី និង​បំណែក​ឆ្អឹង​មនុស្ស​ជា​ច្រើន បាន​កប់​នៅ​ក្នុង​ដី​ត្រង់​ចំណុច​ទីតាំង​ខាងលើ​នោះ​។ ការ​ចុះ​ទៅ​ត្រួតពិនិត្យ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ កន្លង​ទៅ ក្រោម​ការ​ដឹកនាំ​របស់​លោក ភោគ ប៉ុន ប្រធាន​ការិយាល័យ​បេ​តិក​ភ​ណ្ឌ័ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ព្រមទាំង​មាន​អ្នកស្រុក​ទៅ​ចូលរួម​មើល​ជា​ច្រើន​នាក់​ផង​ដែរ​។

លោក ភោគ ថា​នី មេឃុំ​អ្នក​លឿង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទីទួល​ដែល​អ្នកនេសាទ​ប្រទះ​ឃើញ មាន​វត្ថុ​បុរាណ និង​បំណែក​ឆ្អឹង​មនុស្ស​នេះ មានឈ្មោះ​ទួល​សំរោង ទួល​នេះ​មាន​តាំងពី​បុរាណ​មក​ម្លេះ តែ​មិនដឹង​ថា​តាំងពី​សម័យ​ណា​នោះ​ទេ ជា​ពិសេស​ក៏​គ្មាន​នរណា​ម្នាក់​បានដឹង​ថា នៅ​ក្នុង​ទួល​នេះ​មាន​វត្ថុ​បុរាណ​នោះ​ដែរ គឺ​រហូត​ទាល់តែ​មាន​គ្រឿងចក្រ​ចូល​មក​ជីក​យក​ដី​ក្បែរ​ទួល​នេះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​កើត​ទៅ​ជា​ស្រះ និង​មាន​អ្នកនេសាទ​មក​បង់សំណាញ់​ក្នុង​ស្រះ​នេះ ប្រទះ​ឃើញ ភា​ជ​ន៌ ចានឆ្នាំង និង​បំណែក​ឆ្អឹង​មនុស្ស ទើប​រាយការណ៍​ប្រាប់​អ្នក​ព​ត៌​មាន​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​មើល​តែ​ម្តង​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ សោម ហ៊ាន ជា​អ្នកនេសាទ​ដែល​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ទាំងនោះ មុនគេ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ប្រទះ​ឃើញ​គ្រឿង​ចានឆ្នាំង និង​ភាជន៍​បុរាណ នេះ​តាំងពី​ជាង​២​ឆ្នាំ​មុន​មក​ម្លេះ នៅ​ពេល​ដែល​គាត់​ទៅ​បង់សំណាញ់​នៅ​ស្រះ​ទឹក​ក្បែរ​ទួល​នោះ ហើយ​ពេល​ឃើញ​ដំបូង​គាត់​មិនដឹង​ថា​ជា​វត្ថុ​បុរាណ​អ្វី​ទេ គ្រាន់តែ​ឃើញ​វា​ដូច​ជា​ឧបករណ៍​ប្រើប្រាស់ ក៏​រើស​ប្រមូល​បាន​របស់​ដែល​នៅ​ល្អ​មិន​ទាន់​បែក​ជាង​១០ បាន​យក​ទៅ​ឲ្យ​កូន​លេង​បាយឡុកបាយឡ ហើយ​កូន​លេង​យូរ​ៗ​ទៅ​ក៏​បែក​អស់​នៅ​សល់​តែ​៦ ទុក​ចោល​ក្នុងផ្ទះ​។

បុរស​រូប​នេះ​បាន​បន្ត​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ រូប​គាត់​បាន​ទៅ​ផឹកស្រា​នៅផ្ទះ​របស់​ឈ្មោះ រោយ តង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​៥ ហើយ​ពេល​ផឹកស៊ី​នាំ​គ្នា​និយាយ​រឿង​វត្ថុ​បុរាណ ទើប​រូប​គាត់​នឹកឃើញ​ថា របស់​ដែល​គាត់​រើស​ឲ្យ​កូន​លេង​នោះ មាន​សភាព​ចាស់​ប្លែក​ក៏​ទៅ​យក​មក​អោយឈ្មោះ រោយ តង មើល​ហើយ​ឈ្មោះ រោយ តង មើល​ហើយ​សង្ស័យ​ថា​ជា​វត្ថុ​បុរាណ ក៏​រាយការណ៍​ប្រាប់​អ្នក​ព​ត៌​មាន​ចុះ​ទៅ​ពិនិត្យ​មើល ទើប​បែកធ្លាយ​រឿង​ដឹង​ថា​ជា​វត្ថុ​បុរាណ ហើយ​ទំនាក់ទំនង​ហៅ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ជាក់ស្តែង​តែ​ម្តង​។

លោក ភោគ ប៉ុន ប្រធាន​ការិយាល័យ​បេតិកភណ្ឌ នៃ​មន្ទីរ​វប្បធម៌​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា សម្ភារ​ដែល​អ្នកនេសាទ​រើស​បាន​នោះ គឺជា​វត្ថុ​បុរាណ​ប្រភេទ​ភាជន៍ ចាន និង​ក្រឡ​ដី ដែល​តាម​ការ​សន្និដ្ឋាន​ជំហាន​បឋម គឺ​វា​មាន​អាយុកាល​ជាង​២​ពាន់​ឆ្នាំ​មក​ហើយ ចំណែក​ទីតាំង​ទួល​សំរោង​នេះ តាម​ការ​សន្និដ្ឋាន​វា​គឺជា​ទួល​បញ្ចុះសព​សម័យ​បុរាណ កាលពី​ជាង​២​ពាន់​ឆ្នាំ​មុន ដែល​កាលនោះ ពេល​បញ្ចុះសព​គេ​តែងតែ​ដាក់​ជាមួយ​នូវ​សម្ភារ​ប្រើប្រាស់​ចំនួន​៦​មុខ ជូន​ដល់​សាកសព​សម្រាប់​ប្រើប្រាស់ ដូច​ជា​ភាជន៍ ចានឆ្នាំង​ជាដើម​។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក ភោគ ប៉ុន បាន​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា ទួល​សំរោង​នេះ​គឺជា​ទួល​បុរាណ ដែល​មាន​វត្ថុ​បុរាណ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ទួល​នេះ លោក​បាន​ស្នើ​សុំ​ឲ្យ​ខាង​អាជ្ញាធរ ធ្វើការ​ឡោម​ព​ទ្ធ័​ការពារ​ទីទួល​បុរាណ​នេះ​ទុកជា​បណ្តោះអាសន្ន និង​ហាម​មិន​ឲ្យ​មានការ​ជីក​កាប់​គាស់​ក្នុង​បរិវេណ​ទួល​នេះ​ទៀត​នោះ​ទេ បើ​ទោះជា​ដី​ទួល​នេះ​មាន​ម្ចាស់​កម្មសិទ្ធិ​ក៏​ដោយ​ចុះ​។ ចំ​ណែ​ខាង​មន្ទីរ​វប្បធម៌ និង​ធ្វើ​របាយការណ៍​ជូន​ទៅ​ក្រសួង វប្បធម៌ ដើម្បី​ស្នើ​សុំ​មន្ត្រី​បច្ចេកទេស ចុះ​មក​ធ្វើការ​កំណត់​ព្រំ​ដី​ទួល​១​នេះ និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ស្វែងរក​វត្ថុ​បុរាណ សម្រាប់​យក​ទៅ​ថែរក្សា​និង​អភិរក្ស​ផង​ដែរ​៕