ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ស្នាក់ នៅ​ក្នុង​ខុន​ដូ​ចាប់ ផ្ដើម​មាន​កំណើន​បន្តបន្ទាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដូច​អ្វី​ដែល​អ្នកជំនាញ​ខាង​វិស័យ​អចលនទ្រព្យ​ធ្លាប់​លើក​ឡើង​កាលពី​ពេល​កន្លង​មក​ហើយ​ថា ស្ថានភាព​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា វា​នឹង​វិ​វត្ត​ទៅ​តាម​បណ្ដា​ប្រទេស​ជិតខាង​ដូច​ជា សិង្ហ​បុរី និង​ថៃ

រាជធានី​ភ្នំពេញ ៖ ដូច​អ្វី​ដែល​អ្នកជំនាញ​ខាង​វិស័យ​អចលនទ្រព្យ​ធ្លាប់​លើក​ឡើង​កាលពី​ពេល​កន្លង​មក​ហើយ​ថា ស្ថានភាព​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា វា​នឹង​វិ​វត្ត​ទៅ​តាម​បណ្ដា​ប្រទេស​ជិតខាង​ដូច​ជា សិង្ហ​បុរី និង​ថៃ​ជាដើម ។ កាល​ដើម​ឡើយ​ប្រទេស​ទាំងនោះ អ្នក​ស្នាក់​នៅ​ខុន​ដូ​ភាគច្រើន​ជា​ជនបរទេស​ដែល​មក​បណ្ដាក់ទុន​វិនិយោគ ឬ​ធ្វើការ​នៅ​ក្នុង​ប្រទេស​នោះ ប៉ុន្តែ​ក្រោយមក​អ្នក​ស្នាក់​ក្នុង​ខុន​ដូ​នៅ​ប្រទេស​ទាំងនោះ ភាគច្រើន​ជា​ប្រជាជន​ក្នុងស្រុក ។

ចំណែក​ស្ថានភាព​ទីផ្សារ​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ក៏​កំពុង​វិ​វត្ត​ទៅ​រក​ស្ថានភាព​ដូច​ប្រទេស​ទាំងនោះ​ដែរ ដោយ​កាលពី​ដំបូង បើ​និយាយ​ពី​ខុន​ដូ គឺ​សំដៅ​សម្រាប់​តែ​ជនបរទេស​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ទៀត ចាប់ផ្ដើម​មាន​ជនជាតិ​ខ្មែរ​ចាប់អារម្មណ៍​រស់នៅ​ក្នុង​ខុន​ដូ តែ​មាន​ចំនួន​តិចតួច ហើយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន មាន​ជនជាតិ​ខ្មែរ​កាន់តែ​ច្រើន​ស្នាក់​នៅ​ក្នុង​ខុន​ដូ​តាម​របៀប​បរទេស ឬ​ចាប់អារម្មណ៍​ការ​រស់នៅ​បែប​ស៊ី​វិ​ល័យ ។

លោក មាស សូ​ណា​រ៉ា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Residia Condotel និង​មាន​អគារ​ខុន​ដូ​ផ្ទាល់ខ្លួន​មួយ​នៅ​បឹង​កេងកង​១ ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ កំពុង​តែ​បោះ​ជំហាន​ទៅ​មុខជា​បណ្ដើរ​ៗ​ហើយ ដោយ​តម្រូវការ​នៃ​ការ​ជួល​ខុន​ដូ​ពី​សំណាក់​អតិថិជន​កាន់តែ​ច្រើន​ឡើង ហើយ​ភាគច្រើន​មាន​រយៈពេល​ចាប់ពី​៣​ខែ​ឡើង​ទៅ ។

លោក​បន្ត​ថា  នៅ​ក្នុង​ខុន​ដូ Silver Town ផ្ទាល់​នេះ​តែ​ម្ដង គឺ​ផ្តោត​សំខាន់​ទៅ​លើ​ខុន​ដូ​លក្ខណៈ​ជា​សណ្ឋាគារ តែ​វា​ខុស​ពី​សណ្ឋាគារ​ត្រង់​ថា ខុន​ដូ អ្នក​ស្នាក់​នៅ​អាច​ចម្អិន​ម្ហូបអាហារ​ក្នុង​នោះ​បាន ព្រោះ​នៅ​ក្នុង​ខុន​ដូ មាន​ចង្ក្រាន​បាយ កន្លែង​ចម្អិន​អាហារ កន្លែង​ទទួលទាន​អាហារ និង​មាន​លក្ខណៈ​ធំ​ទូលាយ​ជាង​សណ្ឋាគារ ។ លោក​និយាយ​ថា ៖ « ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​ក្នុង​ខុន​ដូ​ភាគច្រើន​មាន​រយៈពេល​វែង​ចាប់ពី​៣​ខែ​ឡើង​ទៅ ដោយ​មាន​ភាព​ងាយស្រួល​ជាង​សណ្ឋាគារ ។ បើ​គាត់​ជ្រើស​យក​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ គាត់​ត្រូវ​ចំណាយ​ថ្លៃ​ម្ហូបអាហារ និង​ត្រូវធ្វើ​ដំណើរ​ទៅ​ញ៉ាំ​នៅ​ខាងក្រៅ តែបើ​គាត់​យក​ខុន​ដូ​វិញ គាត់​អាច​ធ្វើ​ម្ហូប​ខ្លួនឯង​បាន មាន​កន្លែង​ញ៉ាំ​បាយ​នៅ​ក្នុង​ហ្នឹង​ស្រាប់ ហើយ​ម្យ៉ាងទៀត ក៏​មាន​កន្លែង​ហាត់ប្រាណ ហែល​ទឹក ហាង​កាហ្វេ និង​ស្កា​យ​បារ​ផង​ដែរ » ។

លោក​បន្ថែម​ថា តាំងពី​ខុន​ដូរ​បស់​លោក​ចាប់ផ្ដើម​ទទួល​បម្រើភ្ញៀវ​មក កំណើន​ភ្ញៀវ​ចូល​ស្នាក់​នៅ​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ក្នុង​នោះ​ដែរ គិត​មក​ដល់​ពេល​នេះ មាន​ភ្ញៀវ​ខ្មែរ​ស្នាក់​នៅ​ជិត​ពាក់កណ្ដាល​នៃ​ភ្ញៀវ​សរុប​ទៅ​ហើយ ។

លោក ឌឹ​ត ច​ណ្ណា នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី បាន​ឲ្យ​ដឹង​ដែរ​ថា ជា​ការ​ពិត​ណាស់ បើ​ប្រៀបធៀប​តាំងពី​មុន និង​ឥឡូវ កំណើនប្រជាជន​ក្នុងស្រុក​ស្នាក់​នៅ​ខុន​ដូ​កើនឡើង​មែន ក៏​ប៉ុន្តែ​ចំពោះ​ទីផ្សារ​ខុន​ដូ​ទាំងមូល​វា​នៅ​មាន​កម្រិត​បន្តិច បើ​ធៀប​នឹង​ប្រទេស​ជិតខាង ។ លោក​និយាយ​ថា ៖ « តាម​អ្វី​ដែល​ខ្ញុំ​សង្កេត​មើល​ដោយ​មិន​មាន​តួលេខ​ច្បាស់​ឃើញ​ថា កំណើនប្រជាជន​ខ្មែរ​ស្នាក់​នៅ​ក្នុង​ខុន​ដូ​នីមួយ​ៗ​មាន​ចន្លោះ​ពី​១៥%​ទៅ​២០% ហើយ​ភាគច្រើន​ប្រជាជន​ខ្មែរ​មិន​បាន​ជួល​នោះ​ទេ តែ​គាត់​ជា​អ្នកទិញ ឬ​ក៏​អាច​ទិញ​ហើយ​សម្រាប់​ជួល​បន្ត » ៕