ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញ និងកងកម្លាំងប្រដាប់អាវុធ ត្រៀម​លក្ខណៈគ្រប់គ្រាន់ ក្នុងការជម្លៀស និងជួយ​សង្គ្រោះ​ពលរដ្ឋទៅរកទីទួលសុវត្ថិភាព

1 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានីភ្នំពេញ៖ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានណែនាំដល់មន្ត្រីនៃ​គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ…

រាជធានីភ្នំពេញ៖ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានណែនាំដល់មន្ត្រីនៃ​គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៅតាមបណ្តាខេត្ត ត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមខ្លួនអន្តរាគមន៍ ក្នុងការ​ជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទៅរកទីទួលសុវត្ថិភាព។

ការ​ណែនាំភ្លាមៗបែបនេះ​របស់លោក​ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើង បន្ទាប់ពីការផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះគីឡូម៉ែតលេខ១១៥-១១៦ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយសារជំនន់​ទឹកភ្លៀងជន់​លិចផ្លូវជាតិ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ប្រសិនបើករណីជំនន់ទឹកភ្លៀង បន្តឡើងខ្លាំង សូម​គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ឬ​លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ខេត្តព្រះសីហនុ អនុវត្តបទបញ្ជា​ ដើម្បីជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព។

បន្ថែមពីនេះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា៖ «ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះដែរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមខ្លួន ដើម្បីអន្តរាគមន៍ នៅពេលណាមានសភាពការណ៍កើតឡើងបន្ទាន់ ក្រោយពីលេខាធិការដ្ឋានរបស់ខេត្ត អស់លទ្ធភាពក្នុងការដោះស្រាយ។ លេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិ នឹង​បញ្ជូនកម្លាំងអន្តរាគមន៍ភា្លមៗ»។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ បានទាក់ទងជាប់ដោយផ្ទាល់ជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ស្តីពី បញ្ហាជំនន់ទឹកភ្លៀង។ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម ស្ថានភាពនេះ នឹងបន្តអូសន្លាយរហូតដល់ថ្ងៃទី១៤ ខែកក្កដា នឹងអាចបន្តជាច្រើនថ្ងៃបន្ថែមទៀត ដូច្នេះ​សូមអំពាវនាវដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ ក៏ដូចជា​ខេត្តដទៃទៀត បន្តយកចិត្តទុកដាក់ និងសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មាន និងរបាយការណ៍ ដើម្បីពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ»។

​ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ក៏បានត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារស្ថានភាពគ្រោះទឹកជំនន់ បង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំ​របស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ (ចំណុចក្រាំងអាត់ចាស់) ឃុំកំពង់សីលា ស្រុកកំពង់​សីលានេះផងដែរ។

ជាមួយបញ្ហាប្រឈមដែលកំពុងកើតឡើងនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាន​ដឹក​នាំកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្ដែង នៅរសៀលថ្ងៃទី១២ ខែកក្កដានេះ ដើម្បីងាយស្រួលក្នុងការអន្ដរាគមន៍ជួយសង្គ្រោះ នៅពេលមានហេតុការណ៍​អ្វីកើតឡើង។

ចំពោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅ​​ស្រុកកំពង់សីលា ចំនួន ៤២គ្រួសារ ក៏ត្រូវបាន​លោក គួច ចំរើន ក្នុងនាមកាកបាទក្រហម​ខេត្តព្រះសីហនុ បាននាំអំណោយ ចែកជូន​ នាល្ងាចថ្ងៃទី១២ ខែកក្កដានេះ ផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ