ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ទៅ​ធ្វើ​កម្មករ​នៅ​ថៃ​ទុក​កូន​5​នាក់​ឱ្យ​ជីដូន​រើស​កួរស្រូវ​ចិញ្ចឹម

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កុមារ​បងប្អូន​បង្កើត​ចំនួន​៥​នាក់ រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ​លំបាក​តោកយ៉ាក​ណាស់​ដោយសារ​តែ​ឪពុក​ម្ដាយ

ខេត្តពោធិ៍សាត់ ៖ កុមារ​បងប្អូន​បង្កើត​ចំនួន​៥​នាក់ រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​ ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ​លំបាក​តោកយ៉ាក​ណាស់​ ដោយសារ​តែ​ឪពុក​ម្ដាយ​ទៅ​ធ្វើ​កម្មករ​នៅ​ឯ​ប្រទេស​ថៃ​បាត់​ អស់​រយៈពេល​៧​ទៅ​៨​ខែ​មក​ហើយ ​គ្មាន​ដំណឹង​សោះ​គឺ​បាត់​ឈឹង ។

ស្ត្រី​ចំណាស់​ជា​ជីដូន​ឈ្មោះ​ជិន យ៉េន អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្មែរ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ។ ចំណែក​ចៅ​ៗ​ ដែល​រស់នៅ​ជាមួយ​ចំនួន​៥​នាក់​នោះ​មានឈ្មោះ​ផៃ សុ​ផា​ន ភេទ​ស្រី អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៦ ។ ឈ្មោះ​ផៃ ស​ម្ជ​ស្ស ភេទ​ស្រី អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​០៤ ។ ឈ្មោះ ផៃ សុភាព ភេទ​ស្រី អាយុ​០៧​ឆ្នាំ រៀន​ថ្នាក់​ទី​០២ ។ ឈ្មោះ​ផៃ ផា​ន់​នី ភេទ​ប្រុស អាយុ​០៥​ឆ្នាំ និង​ឈ្មោះ​ផៃ ផា​ន់​ណា ភេទ​ប្រុស អាយុ​០១​ឆ្នាំ​០៥​ខែ ។

ស្ត្រី​ជា​ជីដូន​ឈ្មោះ ជិន យ៉េន បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​យើង​ថា ឪពុក​ចៅ​ៗ​ទាំង​៥​នាក់​នេះ​ឈ្មោះ​ហ៊ាន ផា អាយុ​៤៣​ឆ្នាំ និង ម្ដាយ​ឈ្មោះ​កែ ផា អាយុ​៣៣​ឆ្នាំ ។

ដោយសារ​តែ​គ្មាន​មុខរបរ​អ្វី​ពិតប្រាកដ​ក្នុង​ការ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​កូន​នោះ ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​ទៅ​ធ្វើ​កម្មករ នៅ​ឯ​ប្រទេស​ថៃ​អស់​រយៈពេល​៧​ទៅ​៨​ខែ​មក​ហើយ មិន​ទាន់​ឃើញ​ត្រឡប់​មក​វិញ​សោះ មិនដឹង​ថា​ វាសនា​ពួក​គេ​យ៉ាងណា​នោះ​ទេ ហើយ​ក៏​មិន​ដែល​ឃើញ​ផ្ញើ​លុយ​មក​ឲ្យ​កូន​ទិញ​អង្ករ​ហូប​ដែរ ។

ជីដូន​រៀបរាប់​ទៀត​ថា ​សព្វ​ថ្ងៃនេះ​គាត់​មានការ​លំបាក​ខ្លាំង​ណាស់ ក្នុង​ការ​ទទួល​បន្ទុក​ចិញ្ចឹម​ចៅ​ទាំង​៥​នាក់ ​ដែល​៣​នាក់​ទៅ​រៀន​ និង​២​នាក់​ទៀត​នៅ​តូច​ៗ​នៅឡើយ ។

រាល់ថ្ងៃ​គាត់​ដើរ​រើស​កួរស្រូវ​តាម​ស្រែ​ដែល​គេ​ច្រូត​រួច មួយ​ថ្ងៃ​បាន​មួយ​កន្តាំង​ពីរ​កន្តាំង យក​មក​បុក​ចេញ​ជា​អង្ករ​ដើម្បី​ដាំបាយ ឬ​បបរ​ឲ្យ​ចៅ​ហូប ដែល​ថ្ងៃ​ខ្លះ​ដាច់​ពេល​ក៏​មាន​ដែរ ដោយសារ​សុខភាព​ទៅ​មិន​រួច​។ ចំណែក​ម្ហូបអាហារ​វិញ​មិន​ដែល​បាន​អ្វី​ឆ្ងាញ់​មាន​រសជាតិ​ក្រៅពី​ស្ងោរ​ផ្ទី​ ឬ​ស្លឹក​បាស​នោះ​ទេ ។

លោកយាយ​បាន​អំពាវនាវ​ដល់​សប្បុរសជន​ដែល​មានចិត្ត​សប្បុរសធម៌ មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ចៅ​ៗ​របស់​គាត់​ទាំង​៥​នាក់​ផង ទោះជា​គ្រឿង​ហូប​ចុក សម្លៀក​បំពាក់​ឬអ្វី​ក៏​ដោយ ដើម្បី​ឲ្យ​ពួក​គេ​បាន​រស់​និង​បាន​រៀន ខ​ណៈ​ពេល​ដែល​ឪពុក​ម្ដាយ​របស់​គេ​បាត់​ដំណឹង​សូន្យឈឹង ៕